ភ្នំពេញៈ អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) នឹង​មិន​​បើក​ការ​ស៊ើប​អង្កេត​​ទៅ​លើ​បណ្តឹង​​​របស់​ជន​អនា​មិក ដែល​បាន​​ប្ដឹង​ចោទ​ប្រកាន់​ប្រធាន​អង្គការ​អាដហុក​និង​​ភរិយា​​របស់​លោក ថា ​គេច​វេះ មិន​ព្រម​បង់ពន្ធ​ថ្លៃ​​ជួល​​ផ្ទះ​ជូន​រដ្ឋ កាលពី​ឆ្នាំ​ ២០១៥ និង​ឆ្នាំ ​២០១៦​នោះ​ទេ​។ នេះបើ​យោង​តាម លោក ឱម យ៉ិន​ទៀង ប្រធាន​ ACU ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​កាល​ពីម្សិល​មិញ​។


ក្នុង​លិខិត​របស់ ​ACU ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​​កាល​ពីម្សិល​មិញ​ បាន​ឲ្យដឹង​ថា ACU ​បាន​ទទួល​ពាក្យ​បណ្តឹង​ពីជន​អនា​មិក កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​មិថុនា ឆ្នាំ​ ២០១៨ ដោយ​ចោទ​ប្រកាន់​ប្រធាន​សមា​គមអាដ​ហុក លោក ធន សារ៉ាយ និង​ភរិយា​ថា គេច​វេះ​មិ​នព្រមបង់​ពន្ធ​ថ្លៃ​ឈ្នួល​ផ្ទះ​ជូន​រដ្ឋ កាល​ពីឆ្នាំ​ ២០១៥ និង​ឆ្នាំ​២០១៦។

លោក ឱម យ៉ិន​ទៀង ប្រធាន ACU បាន​ឲ្យ​ដឹង​តាម​សារ​ទូរស័ព្ទ​កាល​ពីម្សិល​មិញ​ថា​ បន្ទាប់​ពី ACU បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ ប្រមូល​ព័ត៌​មាន និង​ឯក​សារ​ភ័ស្តុតាង​ ពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​ខាង​លើ​រួច​មក​ ACU ចាត់​ទុក​ថា ករណី​នេះ មិន​​ជាប់​​ពាក់​ព័ន្ធ​នឹងរឿង​ពុក​រលួយ​ទេ។


លោក​បាន​បញ្ជាក់​ថា៖«នេះ​មិន​មែន​ជា​ករណី​ពុក​រលួយ​ទេ​ ព្រោះ​លោក​ ធន់ សា​រាយ មិន​បាន​សូក​ អ្នក​ណា​ ហើយ មន្ត្រី​ពន្ធដារ​ មិន​បាន​ទារ​សំណូក​ ឬ​ទារ​ប្រាក់​​បន្ថែម​អ្វី​ដែរ។​ ប្រសិន​បើ​ទាំង​ពី​រនាក់ ​ប្តី ​និង​ប្រពន្ធ​មិន​បាន​បង់​ពន្ធ​មែន​ វា​ជា​បទ​ល្មើស​ ស្ថិត​ក្នុង​សមត្ថ​កិច្ច​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ មិន​ស្ថិត​នៅ​ក្នុង​សមត្ថ​កិច្ច​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ទេ»។

លោក​បាន​បន្ថែម​ថា៖«អ្នក​ទាំង​ពីរ​ពិត​ជា​បាន​ជួល​ផ្ទះ​របស់​ខ្លួន​ ឲ្យ​ទៅ​អង្គការ​របស់​ខ្លួន​មែន ​ហើយ​បាន​បង់​ពន្ធ​កាត់​ទុក គ្រប់​ចំនួន​នេះ​ បើយោង​តាម​ប្រព័ន្ធ​កុំ​ព្យូទ័រ​ពី​ថ្ងៃទី​ ១​ ខែមក​រា ឆ្នាំ​ ២០១៦។ មូល​ដ្ឋាន​ខាង​​លើ​នេះ មិន​អាច​ឲ្យ​អង្គភាព​ប្រឆាំង​ អំពើពុក​រលួយ​អាច​បើក​ការ​ស៊ើប​អង្កេត​តាម​ពាក្យ​ប្តឹង​នេះ​បាន​ទេ»​។


បើ​តាម​លិខិ​តរ​បស់​ ACU ដដែល ​បាន​ឲ្យ​ដឹង​ថា​ តាម​​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្ន័យរ​បស់ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ម្ចាស់​ផ្ទះ​បាន​បំពេញ​កាតព្វ​កិច្ច​សារពើពន្ធ​ដោយ​បាន​បង់​ប្រាក់​ពន្ធ​កាត់​ទុក​ លើ​ឈ្នួល​ផ្ទះ និង​ដី​ចំនួន​ ១០% ជាង​៩២០០០០​រៀល ឬ​ស្មើ​នឹង​ ២៣០​ ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ​ ២០១៦។ ដោយ​ឡែក ចំពោះ​ទិន្នន័យ​ក្នុង​ឆ្នាំ​ ២០១៥ ​វិញ អគ្គនាយក​ដ្ឋាន​ពន្ធដារ​មិន​មាន​ទេ ព្រោះ​មិន​ទាន់​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ Single Invoices នៅ​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ ​សមាគម​អាដ​ហុក លោក សឹង សែន​ករុណា​ បាន​ថ្លែថា​ សមាគម​អាដ​ហុកមិន​​​ដឹង​​ថា អ្នក​ដែល​ប្តឹង​គឺ​​​ផ្អែក​លើ​​មូល​ដ្ឋាន​អ្វី​​នោះ​ទេ​ ហើយ​ថា សមាគម​អាដ​ហុក ​បាន​បំពេញ​កាតព្វ​កិច្ច​សារពើពន្ធ​តាម​ ច្បាប់​យ៉ាង​ទៀង​ទាត់​។

លោក​​បញ្ជាក់​ថា​៖«ការ​ប្តឹង​នេះ​ គឺជារឿង​មួយ​ ដែល​មិន​ត្រឹម​ត្រូវ​ ដោយ​សារ​តែ​វា​មិន​ឆ្លុះ​បញ្ចាំង ពី​ការ​ពិត​ ដូច្នេះ​ការ​រក​ឃើញ​របស់​អង្គភា​ព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហាក់​ដូច​បង្ហាញ​ឲ្យ​ឃើញ​​ថា សមាគ​មអាដហុក​យើង​មាន​តម្លា​ភាព​​ស្អាតស្អំ»៕