ភ្នំពេញៈ អង្កការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានចាប់ផ្តើមយុទ្ធនាការចែកសំឡីអនាម័យចំនួន ៥ លានបន្ទះ ដល់ក្មេងស្រី និងស្ត្រី ដែលត្រូវការសម្រាប់ថែរក្សាសុខភាព និងបានចូលសាលារៀន។
ក្នុងការរៀបចំយុទ្ធនាការនេះអង្គការ AHF ប្រចាំកម្ពុជានឹងប្រារព្វទិវាអនាម័យ នារីពេលមានរដូវក្រោមប្រធានបទ «តម្រូវការចាំបាច់ មិនមែនជាភាពប្រណីត» ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែឧសភា។
ទិវាអនាម័យនារីនៅពេលមានរដូវ ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក នៅថ្ងៃទី ២៨ ខែឧសភា ហើយត្រូវបានបង្កើតឡើងជាលើកដំបូង ដោយអ្នកតស៊ូមតិក្នុងឆ្នាំ ២០១៤ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំគ្រប់គ្រងអនាម័យពេលមានរដូវ ផ្ដល់សិទ្ធិអំណាចដល់ក្មេងស្រីឱ្យចូលរួមពេញលេញនៅក្នុងសង្គម និងរស់នៅប្រកបដោយសុខភាពល្អ ដែលកំណត់ដោយពួកគេផ្ទាល់។
សេចក្តីប្រកាសព័ត៌មានរបស់ AHF ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២៣ ខែឧសភា បញ្ជាក់ថា ការគ្រប់គ្រងអនាម័យពេលមានរដូវ មិនបានល្អអាចបណ្តាលឱ្យពួកគេមានផលវិបាកក្នុងការធ្វើការបំលាស់ទី គ្មានសេរីភាព និងកំណត់ជំរើសរបស់នារីវ័យក្មេង និងក្មេងស្រីគ្រប់ទីកន្លែង។
បញ្ហានេះវាឈានទៅប៉ះពាល់ដល់វត្តមានក្នុងការចូលរួមសកម្មភាពសង្គម ការសិក្សា និងការចូលរួមផ្សេងៗក្នុងសហគមន៍របស់ស្ត្រី និងឈានទៅធ្វើឱ្យប៉ះទង្គិចដល់សុវត្តិភាព ដែលបណ្តាលឱ្យមានភាពតានតឹង និងការថប់បារម្ភ។
លោកស្រី ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា AHF មិនអាចទាក់ទងដើម្បីសុំការបញ្ជក់បន្ថែមបានទេនៅថ្ងៃទី ២៣ ខែឧសភា។
ទោះយ៉ាងណា លោកស្រី ហួយ ស៊ីខេង ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា បញ្ហាអនាម័យពេលមានរដូវធ្វើឱ្យក្មេងស្រីមានការលំបាក បណ្តាលមកពីកង្វះការអប់រំបញ្ហាដែលមិនបានគិតគូរជាមុននិងមិនបានទទួលសំឡីអនាម័យបានគ្រប់គ្រាន់។
លោកស្រីថ្លែងថា៖ «បំបែកភាពស្ងៀមស្ងាត់ ការបង្កើនការយល់ដឹង និងការផ្លាស់ប្តូរបទដ្ឋានសង្គមអវិជ្ជមានគឺមានសំសារៈខាន់ណាស់នាពេលបច្ចុប្បន្ន»។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា AHF ចាប់ផ្តើមយុទ្ធនាការនេះ ដើម្បីចែកចាយសំឡីអនាម័យចំនួនប្រាំលាន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការមាក់ងាយ ដែលនៅតែមានសព្វថ្ងៃនេះ ហើយដោយសារតែក្មេងស្រី និងស្ត្រីជាច្រើន មិនអាចមានលទ្ធភាពទិញឬមិនមានលទ្ធភាពទទួលបានផលិតផលអនាម័យពេលមានរដូវ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន៖ «សំឡីអនាម័យនេះ មានសារៈសំខាន់ណាស់ សម្រាប់ការអប់រំរបស់ក្មេងស្រី ពួកគេចំនួនម្ភៃភាគរយ ឬច្រើនជាងនេះ ខកខានមិនបានមកសិក្សា ក្នុងមួយឆ្នាំៗ ដោយសារតែការមករដូវរបស់ពួកគេ គម្លាតកាន់តែធំ នៃការអប់រំ មិនស្មើភាពគ្នារវាងក្មេងស្រី និងបុរស»៕