ពោធិ៍សាត់ៈ អង្គការ Save the Children នៅ​ថ្ងៃទី​ ១២ ខែធ្នូ​នេះ​នឹង​ប្រគល់​សមិទ្ធផល​គម្រោង​រយៈពេល​ ៣ ​ឆ្នាំ​ក្នុង​ការពង្រឹង​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​ដល់​រដា្ឋភិបាល​កម្ពុជា​រួម​ជាមួយ​អគារ​មត្តេយ្យ​សិក្សា​ថ្មី​ចំនួន ៧ ​កន្លែង​ក្នុង​ខេត្ដ​កំពង់ឆ្នាំង និង​ខេត្ដ​ពោធិ៍សាត់​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការប្រគល់​សមិទ្ធផល​នេះ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ថ្ងៃ​អង្គារ​។


សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​ធ្វើជា​គណៈអធិបតី​ក្នុង​ពិធី​ប្រគល់​សមិទ្ធផល​នេះ​នៅ​ថ្ងៃទី​ ១២ ខែ​ធ្នូ ឆ្នាំ​ ២០១៩ ស្ថិតក្នុង​ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់​រួម​នឹង​អភិបាលខេត្ត​ពោធិ៍សាត់​តំណាង​មកពី​ធនាគារ​ពិភពលោក និង​ដៃគូ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ឪពុកម្តាយ លោកគ្រូ-អ្នកគ្រូ និង​កុមារ​ផងដែរ​។

សមិទ្ធផល​គម្រោង​ដែលមាន​រយៈពេល ៣ ​ឆ្នាំ​ក្នុង​ការពង្រឹង​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ ១៣៧ សហគមន៍​នៅក្នុង​បឹង​ទន្លេសាប និង​ជុំវិញ​តំបន់​លិច​ទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ខណៈ​គម្រោង​នេះ​មាន​គោលបំណង​ក្នុង​ការបង្កើន​ការទទួល​បាន​សេវា​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​ប្រកប​ដោយ​គុណភាព​តាមរយៈ​កម្មវិធី​អប់រំ​កុមារ​តូច​តាម​ផ្ទះ និង​ក្នុង​សហគមន៍​សម្រាប់​កុមារ​អាយុ​ចាប់ពី​ ០ ​ដល់​ ៥ ឆ្នាំ ជាពិសេស​កុមារ​ដែល​ជួប​ការលំបាក​។


សេចក្ដី​ប្រកាស​បញ្ជាក់ថា​៖ «​កុមារ​ទាំងអស់​មិន​ថា​ពួកគេ​​រស់នៅ​ទីណា​ ឬ​មាន​ជីវភាព​បែបណា​ទេ​ត្រូវការ​ការថែទាំ​ដោយ​យកចិត្ត​ទុកដាក់ ដើម្បី​ធានាថា ពួកគេ​ទទួល​បាន​សុខភាព​ល្អ បញ្ញា​ការគិត រាងកាយ​មាំមួន ការលូតលាស់​ផ្នែក​សង្គម និង​អារម្មណ៍​ចាប់​តាំងពី​ពេល​ដែល​ពួកគេ​ចាប់បដិសន្ធិ​នៅក្នុង​ផ្ទៃ​ម្តាយ​ដល់​វ័យ​កុមារ​តូច​»​។

លោកស្រី Elizabeth Pearce នាយិកា​អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើកឡើងថា គម្រោង​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​បាន​បង្កើត​អត្ថប្រយោជន៍​ដ៏យូរអង្វែង​សម្រាប់​កុមារ និង​សង្គម​រួមមាន​ការបង្កើន​លទ្ធផល​ការយល់ដឹង និង​សុខភាព ការបង្កើន​ជំនាញ​សមត្ថភាព និង​ផលិតភាព​យ៉ាង​សម្បូរបែប និង​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​។


លោកស្រី​ថ្លែងថា​៖ «​កុមារ​ដែល​រស់នៅ​ក្នុង​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​លទ្ធភាព​តិចតួច​បំផុត​ក្នុង​ការទទួល​បាន​សេវា​អប់រំ​កុមារ​តូច​ដែលមាន​គុណភាព ហើយ​ពួកគេ​ក៏​ងាយ​នឹង​ជួប​នូវ​កង្វះ​អាហារូបត្ថម្ភ និង​ផល​ពិបាក​ក្នុង​ការទទួល​បាន​សេវា​សុខភាព​គុណភាព​ទឹកស្អាត និង​អនាម័យ​។

បន្ថែម​លើ​ការសាងសង់​មណ្ឌល​មត្តេយ្យ​សិក្សា​ថ្មី​ចំនួន ៧ មណ្ឌល​យើង​បាន​ជួយ​សាលា និង​សហគមន៍​ក្នុង​តំបន់ បង្កើត​ថ្នាក់​មត្តេយ្យ​សិក្សា​ចំនួន ៣៣​ ​ថ្នាក់​នៅក្នុង​សាលាបឋមសិក្សា និង​មណ្ឌល​សហគមន៍​»​។ លោកស្រី​បន្ថែម​ថា​៖ «​អ្វីដែល​សំខាន់​ជាងនេះ​ទៅ​ទៀត គឺ​យើង​បាន​ធ្វើការ​យ៉ាងច្រើន​ជាមួយ​ឪពុកម្តាយ​ប្រមាណ ៨០០០ ​នាក់​ដើម្បី​បណ្តុះបណ្តាល​ពួកគេ​នូវ​ជំនាញ និង​ចំណេះដឹង​សម្រាប់​អប់រំ​កូនៗ​របស់​ពួកគេ​នៅផ្ទះ​តាមរយៈ​សកម្មភាព​ប្រចាំថ្ងៃ​នៅផ្ទះ និង​ប្រើប្រាស់​ជាមួយ​សម្ភារ​នៅផ្ទះ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​ជាង ១ ​ម៉ឺន​នាក់​»​។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​អង្គការ Save the Children បានចាប់ផ្តើម​អនុវត្ត​គម្រោង​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​នៅ​តំបន់​បណ្តែត​ទឹក និង​លិច​ទឹក​នៅក្នុង​ឆ្នាំ​ ២០១៦ ក្រោម​ការឧបត្ថម្ភ​មូលនិធិ​ពី​មូលនិធិ​អភិវឌ្ឍន៍​សង្គម​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​តាមរយៈ​ធនាគារ​ពិភពលោក អង្គការ Save the Children អូស្ត្រាលី និង​អង្គការ Save the Children ហុងកុង​។

បើ​តាម​អង្គការ Save the Children កត្តា​សំខាន់​ក្នុង​ការបង្កើន​ការទទួល​បាន​សេវា​អប់រំ​កុមារ​តូច ប្រកប​ដោយ​គុណភាព​គឺ​ការសាងសង់​មត្តេយ្យសិក្សា​ថ្មី​ចំនួន ៧ ​កន្លែង​ទាំង​ក្នុង​តំបន់​បណ្តែត​ទឹក និង​តំបន់​លិច​ទឹក​។ អគារសិក្សា​ទាំងអស់​នេះ​ត្រូវបាន​កសាង​ឡើង​ប្រកប​ដោយ​គុណភាព​ខ្ពស់បំផុត​ទាំង​បរិយាកាស និង​ស្តង់ដា​កុមារ​មេត្រី ដើម្បី​ធានា​ថា កុមារ​ស្ថិត​នៅ​ក្នុង​កន្លែង​មាន​សុវត្ថិភាព និង​ការថែទាំ​ប្រកប​ដោយ​ការយក​ចិត្តទុកដាក់​ខ្ពស់​។

លោក អ៊ុន សូលីឌិន មន្ត្រី​សម្របសម្រួល​ផ្នែក​វិស្វករ​ប្រចាំខេត្ត​នៃ​អង្គការ Save the Children បាន​ពណ៌នា​ពី​ការ​រចនា​ប្លង់​នៃ​មត្តេយ្យ​សិក្សា​ថ្មី​នេះ​ថា​៖ «​យើង​បាន​សាងសង់​អគារ​មត្តេយ្យ​សិក្សា​ចំនួន​ ៤ ​កន្លែង​ដែល​ផុតពី​ដី មិន​លិច​ទឹក​នៅក្នុង​រដូវវស្សា​»​។

បន្ថែម​ពីនេះ​ទៀត​ក្រុមការងារ​លោក​បាន​សាងសង់​មត្តេយ្យសិក្សា​បណ្តែត​ទឹក​ចំនួន​ ៣ ​អគារ​រចនា​ប្លង់​យ៉ាង​ពិសេស ដែល​អាច​បណ្តែត​លើទឹក​ ឬ​អាច​នៅលើ​ដីគោក​អាស្រ័យ​ទៅតាម​រដូវកាល និង​បាន​រចនា​ប្លង់ និង​សង់​ឡើង​គោរព​ទៅតាម​ស្តង់ដា​គុណភាព​ខ្ពស់ ដើម្បី​ធានា​ពី​សុវត្ថិភាព​កុមារ​បរិយាប័ន្ន អនាម័យ និង​ចំណាយ​ថវិកា​តិច​ក្នុង​ការថែទាំ និង​ប្រតិបតិ្តការ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ថ្លែងថា ក្រសួង​អប់រំ ស្វាគមន៍​កិច្ចសហការណ៍​វិជ្ជមាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ការចូលរួម​ចំណែក​ការងារ​កំណែទម្រង់​អប់រំ យុវជន និង​កីឡា​។

លោក រស់ សុវាចា បាន​ថ្លែងថា​៖ «​ដៃគូ​អភិវឌ្ឍន៍​រួមមាន Save the Children បាន​និង​កំពុងមាន​តួនាទី​សំខាន់​មួយ​ក្នុង​ការចូលរួម​លើកកម្ពស់​គុណភាព​អប់រំ​កម្រិត​មត្តេយ្យសិក្សា​។ ជាក់ស្តែង​ការអនុវត្ត​គម្រោង​មត្តេយ្យ​សហគមន៍​បណ្តែត​ទឹក​នេះ​ជា​គម្រោង​មួយ​មាន​ការគាំទ្រ​ដល់​គោលនយោបាយ​ជាតិ​ស្តីពី​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣៕