ក្រចេះ៖ អង្គការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ១៤៨ ក្បាល ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​តាម​ដង​ទន្លេ​មេគង្គ ស្ថិត​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ពេល​ថ្មីៗ​នេះ ខណៈ​គិត​ត្រឹម​សប្តាហ៍​ទីមួយ នៃ​ខែ​មេសា​នេះ កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៥៥៩ បាន​ញាស់។


បើ​តាម​អង្គការ WCS កន្ធាយ​ក្បាល​កង្កែប (ឬ​ល្មិច) ​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភព​លោក។

នៅ​ក្នុង​រដូវ​ពង​កូន​ឆ្នាំ ២០២១ ដែល​ចាប់​ផ្តើម​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២០ ដល់​ខែ​ឧសភា ឆ្នាំ ២០២១ គិត​ត្រឹម​ដើម​ខែ​មេសា​នេះ ក្រុម​ការពារ​សម្បុក​នៅ​តាម​សហគមន៍​របស់​អង្គការ WCS បាន​រក​ឃើញ​សម្បុក​ពង​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៥៨ សម្បុក មាន​ចំនួន ២ ០៥៨ ពង។


បើ​គិត​ត្រឹម​សប្តាហ៍​ទីមួយ នៃ​ខែ​មេសា ឆ្នាំ ២០២១ នេះ កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៥៥៩ កូន បាន​ញាស់ ចេញ​ពី​សម្បុក​ចំនួន ២៨ សម្បុក ដោយ​ជោគជ័យ។

ពង និងកូនកន្ធាយក្បាលកង្កែប។ រូបថត WCS


ជាមួយ​គ្នា​នេះ កូន​កន្ធាយ​ក្បាល​កង្កែប​ដែល​នៅ​សល់​មិន​ទាន់​លែង ត្រូវ​បាន​​ក្រុម​ការពារ​សម្បុក យក​ទៅរ​ក្សា​ទុក ក្នុង​បែ​ឈើ​បណ្តែត​ទឹក​ជា​បណ្តោះអាសន្ន ដើម្បី​ឱ្យ​វា​មាន​សុខភាព​ល្អ មុន​នឹង​លែង​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ។

អង្គការ WCS បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​គ្រោង​នឹង​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ទាំង​អស់​នេះ​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ​នៅ​ក្រោយ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

គម្រោង​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប​របស់​អង្គការ WCS ទទួល​បាន​ការ​គាំទ្រ​ថវិកា​ពី​សហភាព​អឺរ៉ុប ក្រោម​គម្រោង «ដៃគូ​ប្រឆាំង​នឹង​បទល្មើស​សត្វព្រៃ» Margaret A. Cargill Philanthropy, គម្រោង​ព្រៃឡង់​បៃតង គាំទ្រ​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង Turtle Survival Alliance៕

ពងកន្ធាយក្បាលកង្កែបដែលរកឃើញដោយក្រុមការងារអង្គការ WCS។ រូបថត WCS