ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​រាយការណ៍​ថា ក្នុង​រយៈពេល​ប្រហែល​ ៤ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នៅ​ប្រទេស​កម្ពុជា​ មាន​ជំងឺ​កញ្ជ្រឹល​ផ្ទុះឡើង​ចំនួន ៣៤១ ករណី​ ដែល​នេះ​គឺជា​តួលេខ​កើនឡើង​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែល​មាន​ចំនួន​ត្រឹមតែ​ ៤៤ ​ករណី​។


WHO បាន​បញ្ជាក់​កាលពី​ថ្ងៃទី​ ២៩ ខែ​មិថុនា ​ថា ការផ្ទុះឡើង​ជំងឺ​កញ្ជ្រឹល​ទាំង ៣៤១ ​ករណី​នេះ ​គឺ​រាប់​ចាប់តាំងពី​ថ្ងៃទី​ ១ ​ខែ​មករា​ ដល់​ថ្ងៃទី ៤ ​ខែ​ឧសភា ហើយ​ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​ទាំងនេះ​ប្រហែល​ ៦៥% ​ពុំ​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​ឡើយ​។

​លោកស្រី Li Ailan ប្រធាន WHO ប្រចាំ​កម្ពុជា​និយាយថា​៖ «​ក្នុងកំឡុងពេល​មាន​រោគរាតត្បាត​ជំងឺ​កូវីដ​​ ១៩ គឺ​វា​មាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់ ដើម្បី​បន្ត​ផ្ដល់​សេវា​ចាក់​ថ្នាំ​បង្ការ​តាម​ទម្លាប់ ដើម្បី​ការពារ​កុមារ​ និង​សហគមន៍​។ បើ​មិន​ដូច្នេះ​ទេ ហានិភ័យ​នៃ​ការផ្ទុះ​ជំងឺ​ដែល​អាច​បង្ការ​បាន​ដោយ​វ៉ាក់សាំង​នេះ​អាច​នឹង​កើនឡើង​បន្តទៀត​ហើយ​ជាពិសេស​គឺ​ហានិភ័យ​នៃ​ការផ្ទុះ​ឡើង​ជំងឺ​កញ្ជ្រឹល​ដែល​មិនអាច​គ្រប់គ្រង​បាន​»​។


ទោះ​ជា​យ៉ាងណា WHO បញ្ជាក់​ថា ថ្វីដ្បិត​មាន​ការកើត​មាន​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​នៅតែ​ទៅ​ទទួល​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ទៅតាម​ទម្លាប់​របស់​ពួកគេ​ដែល​តែងតែ​ធ្វើ​នាពេល​កន្លងមក​។

ជាមួយ​គ្នា​នោះ​ក្រុម​ការងារ​ផ្សព្វផ្សាយ​មកពី​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​ (NIP) អង្គការ​សុខភាព​ពិភពលោក អង្គការ​យូនីសេហ្វ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​បាន​ចុះ​ទៅ​ដល់​សហគមន៍ ដែល​មាន​ហានិភ័យ​ខ្ពស់​ដូចជា​សហគមន៍​ខ្មែរ​អ៊ិស្លាម និង​វៀតណាម​ដែល​ភាគច្រើន​រស់នៅ​លើ​ទូក ដើម្បី​ផ្ដល់​វ៉ាក់សាំង​ទៅ​ដល់​កុមារ ខណៈ​ពួកគេ​មាន​ការពិបាក​ទៅ​ទទួល​វ៉ាក់សាំង​នៅ​តាម​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​។


WHO បញ្ជាក់​ថា ក្រៅពី​ការចុះ​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល ក្រុម​ការងារ​ក៏​បាន​ធ្វើការ​ណែនាំ​ទៅ​ដល់​ពលរដ្ឋ​នៅក្នុង​សហគមន៍​ទាំងនោះ​ឱ្យ​យល់ដឹង​អំពី​វិធី​បង្ការ​ជំងឺ​កូវីដ​១៩ ហើយ​បន្ទាប់ពី​មាន​កិច្ចប្រឹងប្រែង​ដើម្បី​ឆ្លើយតប​ទៅនឹង​ជំងឺ​កញ្ជ្រឹល គឺ​ក្រុម​ការងារ​ទទួល​បាន​ជោគជ័យ​ដោយ​ចាប់ផ្ដើម​គ្រប់គ្រង​បាន​នូវ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កញ្ជ្រឹល ដោយសារ​នៅក្នុង​ខែ​ឧសភា​មាន​ករណី​ជំងឺ​កញ្ជ្រឹល​ ២-៣ ​ករណី​ប៉ុណ្ណោះ​ត្រូវបាន​រាយការណ៍​។

លោក ឱក វិជិត ប្រធាន​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​នៃ​ក្រសួង​សុខាភិបាល​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ថ្លែងថា លោក​មិនមាន​សិទ្ធិ​ក្នុង​ការផ្ដល់​ព័ត៌មាន​ទេ ហើយ​បាន​ជំរុញ​ឱ្យ​ទៅ​សួរ​លោកស្រី ឱ វណ្ណឌីន និង​លោក លី សូវ៉ាន់ ដែល​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​វិញ ប៉ុន្តែ​មន្ត្រី​ទាំង​ ២ ​រូប​ពុំទាន់​បាន​ឆ្លើយតប​សំណួរ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅឡើយ គិត​មក​ដល់​ត្រឹម​ម៉ោង​បោះពុម្ព​ផ្សាយ​កាសែត​កាលពី​យប់មិញ​។

ជំងឺ​កញ្ជ្រឹល​ត្រូវ​បាន​គេ​ដឹងថា គឺ​បណ្តាល​មកពី​វីរុស​មួយ​ប្រភេទ​នៅក្នុង​គ្រួសារ​នៃ​វីរុស paramyxovirus ហើយ​វា​ឆ្លង​តាមរយៈ​ការប៉ះពាល់​ផ្ទាល់​ និង​តាមរយៈ​ខ្យល់​។ វីរុស​នេះ​ឆ្លងតាម​ផ្លូវដង្ហើម បន្ទាប់មក​រាលដាល​ពាសពេញ​រាងកាយ​ហើយ​វា​មិន​ត្រូវ​បាន​គេ​រកឃើញ​នៅលើ​សត្វ​នោះទេ​។

កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ប្រទេស​បាន​លុបបំបាត់​ជំងឺ​កញ្ជ្រឹល​ទាំងស្រុង​កាលពី​ឆ្នាំ​ ២០១៥ ប៉ុន្តែ​ប្រទេស​នេះ​មិន​ទាន់​មាន​ប្រព័ន្ធ​ការពារ​ដើម្បី​កុំឱ្យ​មាន​ការងើបឡើង​វិញ​នៃ​ជំងឺ​កញ្ជ្រឹល​សកល​នៅឡើយ​ទេ​។

WHO បញ្ជាក់​ថា អ្នកស្លាប់​ដោយសារ​ជំងឺ​កញ្ជ្រឹល គឺ​ភាគច្រើន​បំផុត​ជា​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ ខណៈ​គិតពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ​ ២០១៨ វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​បាន​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ជាង​ ២៣ ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​៕