ទោះបីជាមានបញ្ហាសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មធ្លាក់ចុះនៅតាមតំបន់ខ្លះនៃពិភពលោកដោយសារ Covid-19 ក៏ដោយ ក៏អ្នកដាំចេកនៅកម្ពុជាកំពុងរីករាយនឹងជំនួញនេះ ដោយបង្កើនការនាំចេញចេកយ៉ាងលឿន បើទោះបីជាមានការលំបាកមួយចំនួនក្តី។
ក្រុមហ៊ុនផ្លែឈើក្នុងស្រុក Tropicam ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបានសហការជាមួយក្រុមហ៊ុនចិន Longmate Agriculture Co Ltd,កំពុងមានភាពមមាញឹកក្នុងការនាំចេញចេកលឿងទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺតម្រូវការចេកលឿងរបស់កម្ពុជាបានកើនឡើងលើសការរំពឹងទុកចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨។
លោក ឡោ ងី នាយកប្រតិបត្តិក្រុមហ៊ុន Tropicam បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្ត៍ ថា បច្ចុប្បន្នក្រុមហ៊ុនរបស់ខ្លួនបន្តដំណើរការធម្មតាដោយ បាននាំចេញផ្លែចេកអំបូងលឿងទៅកាន់ទីក្រុងសៀងហៃ ក្រុងស៊ិនជិន និងបណ្តាលខេត្តមួយចំនួននៃប្រទេសចិន។ លោកថា៖ «តាមពិតទៅអំឡុងពេលកូវីដ ក្រុមហ៊ុននៅបន្តដំណើរការធម្មតា ហើយអាចនិយាយបានថា ល្អជាងមុន ព្រោះក្រុមហ៊ុនយើងជាប្រភេទផ្លែឈើហូប ចឹងនៅពេលកូវីដ សន្ទុះនៃការហូបចុកនៅចិនមានការកើនឡើង ពីមុនយើងនាំចេញផ្លែចេក ២៥០ តោន ក្នុងមួយសប្តាហ៍ តែអំឡុងពេលកូវីដ យើងនាំចេញ ៣០០ តោន ក្នុងមួយសប្តាហ៍»។
បើតាមលោក ឡោ ងី ផ្លែចេកមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសចិន ដោយសារផ្លែចេកគឺជាអាហារចម្បងដែលជនជាតិចិនចូលចិត្តបរិភោគ។ លោកថា៖ «ខ្ញុំសង្កេតឃើញថា ទីផ្សារចិនល្អកាលពីឆ្នាំ ២០១៨ មានតែ ៥ ក្រុមហ៊ុនដែលបាននាំចេកទៅប្រទេសចិន ប៉ុន្តែបច្ចុប្បន្នមានទៅដល់ ២០ ក្រុមហ៊ុន ដែលបានចុះបញ្ជីព្រោះមានអ្នកវិនិយោគិនចិន សហការជាមួយខ្មែរក្នុងការដាំដុះ និងនាំចេញដំណាំចេកទៅប្រទេសចិន។
តាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញចេកលឿងស្រស់ចំនួន ៧២,១៨២ តោន ទៅកាន់ទីផ្សារអន្តរជាតិក្នុងអំឡុងពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ ខណៈកាលពីឆ្នាំ ២០១៩ បាននាំចេញចេកលឿងសរុបចំនួន ១៥៧.៨១២ តោនហើយជាមធ្យមប្រទេសនេះបាននាំចេញចេកច្រើនជាង ៧៩៥ តោន ក្នុងមួយថ្ងៃ។ ចេកលឿងភាគច្រើនត្រូវបាននាំចេញទៅប្រទេសចិន ក្រៅពីនោះត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម និងជប៉ុន។
កម្ពុជាមានអាកាសធាតុត្រូពិក ត្រជាក់ ហើយសើម និងមានភ្លៀង ធ្លាក់ខ្លាំងផ្តល់អំណោយផលសម្រាប់ការដាំដុះចេកពេញមួយឆ្នាំ។ នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Longmate បានប្រកាសថា នឹងវិនិយោគទឹកប្រាក់ ៣២ លានដុល្លារ ដើម្បីដាំដំណាំលើផ្ទៃដីប្រមាណ ១ ០០០ ហិកតានៅស្រុកឈូកខេត្តកំពត។
លោក ឡោ ងី ឱ្យដឹងដែរថា ក្រុមហ៊ុនបាននាំពូជចេកអំបូងលឿងពីប្រទេសអូស្ត្រាលី មកដាំនៅស្រុកខ្មែរដោយសារដីមានជីវជាតិផ្ទៃដីដាំដុះធំ និងមានអាកាសធាតុល្អ។ «ព្រោះចេកត្រូវការទឹកច្រើន ត្រូវនឹងអាកាសធាតុនៅកម្ពុជា ជាពិសេសក្នុងខេត្តកំពត ព្រោះចេកដាំអត់សូវបានទេបើនៅចិន ដោយសារតំបន់ខ្លះត្រជាក់ពេក ហើយតំបន់ខ្លះក្តៅពេក ដូច្នេះបានជាមានអ្នកវិនិយោគក្រៅប្រទេសជាច្រើនបានមកវិនិយោគដាំចេកនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារខាងក្រៅ»។
ក្រៅពីការនាំចេញផ្លែចេក ក្រុមហ៊ុន Tropicam ក៏គ្រោងនឹងបន្ថែមការនាំចេញផ្លែឈើមួយប្រភេទទៀត គឺផ្លែស្វាយកែវរមៀតនៅចុងឆ្នាំ ២០២០។
លោកថា «យើងមានចំការស្វាយខ្លួនឯងខ្លះ និងបានសហការជាមួយសហគមន៍ ដើម្បីប្រមូលទិញស្វាយ និងត្រៀមនាំចេញទៅទីផ្សារប្រទេសចិន នៅចន្លោះខែ តុលា ២០២០ នេះ ប៉ុន្តែយើងនាំចេញដោយឆ្លងកាត់ច្រកព្រំដែនវៀតណាម ដោយរំពឹងថានឹងនាំចេញផ្លែស្វាយឱ្យបាន ១០០ តោន ក្នុងមួយថ្ងៃផងដែរ»។
ជាមួយនឹងការនាំចេញនេះដែរ លោក ឡោ ងី សម្តែងអារម្មណ៍ថា «យើងមានមោទនភាពដែលអាចនាំចេញដំណាំកសិកម្មទៅក្រៅប្រទេស រួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ គឺរដ្ឋាភិបាលរកចំណូលតាមរយៈការប្រមូលពន្ធ យើងផ្តល់ការងារដល់កសិករជាង ៨០០ នាក់ សម្រាប់ថែទាំចំការ ហើយអាចកាត់បន្ថយការធ្វើចំណាកស្រុកបានទៀតផង»៕