ឧទ្យាន​បុរាណ​អង្គរ​នៅ​តែ​បន្ត​ស្វែង​រក​ចំណូល​ទេសចរណ៍​បាន​យ៉ាង​សន្ធឹក​សន្ធាប់​ប្រមាណ​ក្បែរ​ ១០០ ​លាន​ដុល្លារ​សម្រាប់​ប្រទេស​ កម្ពុជា ​តាម​រយៈ​ការ​សំបុត្រ​ចូល​ទស្សនា​របស់​វា​ទោះ​បី​ជា​មាន​ការ​ដំឡើង​ថ្លៃ​សំបុត្រ​កាល​ពី​ឆ្នាំ​ទៅ​ដោយ​សារ​តែ​ជន​បរទេស​យ៉ាង​ច្រើន​កុះករ​នៅ​តែ​បន្ត​មក​ទស្សនា​ប្រាសាទ​ដ៏​ល្អ​មួយ​នេះ​។​

អាជ្ញាធរ​មូលដ្ឋាន​ដែល​គ្រប់គ្រង​បណ្ដុំ​ប្រាសាទ​នោះ​បាន​ប៉ាន់​ប្រមាណ​ថា​តួលេខ​អាច​នឹង​កើន​ដល់​ ១១៧ ​លាន​ដុល្លារ​នៅ​ចុង​ឆ្នាំ​ជា​មួយ​នឹង​ចំនួន​អ្នក​ទេសចរ​បរទេស​ប្រហែល​ជា​ ២.៦ ​លាន​នាក់​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​ សៀមរាប ​នៃ​ប្រទេស​ កម្ពុជា​។​


អង្គរវត្ត​ នៅ​តែ​ជា​ប្រាសាទ​បុរាណ​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​បើ​យើង​ប្រៀបធៀប​ជា​មួយ​នឹង​តំបន់​សម្បតិ្ត​បេតិកភណ្ឌ​ពិភព​លោក​ល្បី​ ២ ផ្សេង​ទៀត​គឺ​ប្រាសាទ​ព្រះវិហារ​ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ​ និង​តំបន់​បុរាណ​វិទ្យា​ប្រាសាទ​សំបូរ​ព្រៃ​គុក​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ធំ​។​

«ចំនួន​អ្នក​ទេសចរ​បាន​កើន​ឡើង​ ៧ ​ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​អ្នក​ទេសចរ​មក​ពី​ប្រទេស​ចំនួន​ ១៩៣ ​បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទ​នេះ​ដោយ​ ៤៣ ​ភាគរយ​នៃ​ចំនួន​អ្នក​ទេសចរ​សរុប​មាន​ប្រភព​មកពី​ប្រទេស​ ចិន​»​។​


លោក លី សែ ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គរ​អិន​ធឺ​ប្រាយ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​អ្នក​ទេសចរ​បរទេស​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទ​បេតិកភណ្ឌ​មួយ​នេះ​ហើយ​បើ​នៅ​ក្នុង​អំឡុង​ពេល​មាន​អ្នក​ទេសចរ​ច្រើន​វិញ​នោះ​កន្លែង​នោះ​គឺ​មាន​សភាព​ពេញ​ណែន​តែ​ម្ដង​។ សូម្បី​តែ​យើង​ចង់​ធ្វើ​ការ​កក់​បន្ទប់​សណ្ឋាគារ​ក៏​វា​ពិបាក​ដែរ​»​។​

លី សែ: យើងត្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ទៅ​ អាជ្ញាធរ​បាន​​ដំឡើង​ថ្លៃ​ចូល​ទស្សនា​នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភព​លោក​យូ​ណេស្កូ​សម្រាប់​អ្នក​ទេសចរ​​បរទេស​រហូត​ដល់​ ៣៧ ​ដុល្លារ​សម្រាប់​ការ​ចូល​ទស្សនា​ ១ ថ្ងៃ​ ៦២ ​ដុល្លារ​សម្រាប់​សំបុត្រ​ចូល​ទស្សនា​ចំនួន​ ៣ ថ្ងៃ​ និង​ ៧២ ​ដុល្លារ​សម្រាប់​ការ​ចូល​ទស្សនា​ពេញ​ ១ ​សប្ដាហ៍​។​ដោយ​មុន​ពេល​ដំ​ឡើង​ថ្ងៃ​ចូល​ទស្សនា​ថ្លៃ​ចូល​ទស្សនា​សម្រាប់​ ១ ថ្ងៃ​គឺ​ ២០ ​ដុល្លារ​ ហើយ​ ៤០ ដុល្លារ​សម្រាប់​ការ​ចូល​ទស្សនា​ចំនួន​ ៣ ថ្ងៃ​និង​ ៦០ ដុល្លារ​សម្រាប់​ការ​ចូល​ទស្សនា​ពេញ​ ១ សប្ដាហ៍​។​

ខណៈ​ពេល​ដែល​ចំណូល​បាន​ពី​ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​ហូរ​ចូល ​ដូច្នេះ​អ្នក​បង្កើត​គោល​នយោបាយ​កំពុង​តែ​សិក្សា​លើ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ទៀត​ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​នៅ​ពេល​ដែល​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ ហើយ​ប្រទេស​ជិត​ខាង​មាន​ដូច​ជា​ប្រទេស​ ថៃ ​ឥណ្ឌូនេស៊ី​ និង​ហ្វីលីពីន​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ផ្សព្វផ្សាយ​ពី​ផលិត​ផល​ទេសចរណ៍​របស់​ពួក​គេ​។​

ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​នេះ​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​ជា​មួយ​នឹង​កំណើន​ប្រហែល​ជា​ ៧ ​ភាគរយ បើ​ប្រៀបធៀប​ជា​មួយ​នឹង​កំណើន​ ១២ ​ភាគរយ​កាល​ពី​ឆ្នាំ​ទៅ​។​ នៅ​ឆ្នាំ​នេះ​គិត​រហូត​ដល់​ថ្ងៃ​ទី​ ២០ ​ខែ​ធ្នូ​ មាន​ភ្ញៀវ​ទេសចរ​ចំនួន​ ២.៥៥ ​លាន​នាក់​បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទ​នេះ​។​

ភ្ញៀវទេសចរទិញសំបុត្រនៅ Angkor Enterprise Complex​ ។ (រូបថត​ សហការី)

លោក​បាន​បន្ថែម​ថា​៖ «​វា​ពិត​ជា​ពិបាក​សម្រាប់​ពួក​យើង​ក្នុង​ការ​រក្សា​កំណើន​ ២ ​ខ្ទង់​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​ថា​ អ្នក​ទេសចរ​ទាំង​អស់​នោះ​ពួក​គេ​មក​ទស្សនា​ប្រាសាទ ហើយ​វា​មិន​ដូច​ជា​ការ​ទៅ​ដើរ​ទិញ​អីវ៉ាន់​ដូច​នៅ​ក្នុង​ប្រទេស​ សិង្ហ​បុរី ឬ​ក៏​នៅ​ប្រទេស​ ម៉ាឡេស៊ី ​នោះ​ទេ​។ យើង​ត្រូវ​តែ​រំពឹង​ថា​នឹង​មាន​អ្នក​ថ្មី​មក​ទស្សនា​»​។​

អាជ្ញាធរ​កំពុង​តែ​ព្យាយាម​ងាក​ទៅ​លើ​កម្លាំង​របស់​បច្ចេក​វិទ្យា ជា​ពិសេស​សម្រាប់​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ ​និង​ការ​រក្សា​នូវ​លំហូរ​ថេរ​នៃ​ចំនួន​អ្នក​ទេសចរ​ជា​រៀង​រាល់​ឆ្នាំ​។​

លោក​បាន​ថ្លែង​ថា​ ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់​ៗ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ ការ​សម្រួល​ដល់​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​សណ្ឋាគារ​ជា​អ្នក​លក់​សំបុត្រ​ និង​ជួយ​ផ្សព្វផ្សាយ​អំពី​ការ​កក់​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​ការ​ធ្វើ​តេស្ត​សាកល្បង​ក៏​ត្រូវ​ប្រព្រឹត្ត​ទៅ​មុន​ពេល​ប្រព័ន្ធ​ទាំង​អស់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ពេញ​លេញ​។​

នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​ទេសចរ​ត្រូវ​ទិញ​សំបុត្រ​របស់​ពួក​គេ​នៅ​ឯ​ Angkor Enterprise ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប មាន​ចម្ងាយ​ប្រហែល​ជា​ ៥ ​គីឡូ​ម៉ែត្រ​ពី​ទី​តាំង​ប្រាសាទ ដែល​អាច​នឹង​មាន​សភាព​មមាញឹក​បន្តិច នៅ​ម៉ោង​ដែល​បញ្ជរ​លក់​សំបុត្រ​មាន​មនុស្ស​ច្រើន​។​

អាជ្ញាធរមានគម្រោងលក់សំបុត្រតាម Online ដើម្បីសម្រួលការរង់ចាំ។​

រដ្ឋាភិបាល​ក៏​កំពុង​តែ​អនុវត្ត​គម្រោង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឆ្នាំ​ ២០១២ ​ដល់​ ២០២០ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​ទេសចរណ៍ និង​ទាក់​ទាញ​វិនិយោគ​ទុន​បន្ថែម​ទៀត ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​។​

វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​តែ​ស្គាល់​រសជាតិ​នៃ​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​ជន​បរទេស​កំពុង​តែ​សម្រុក​ចូល​មក​ទស្សនា​សម្រស់​ធម្មជាតិ​ និង​តំបន់​ទេសចរណ៍​វប្បធម៌​របស់​កម្ពុជា​។ បើ​តាម​ក្រសួង​ទេសចរណ៍​កាល​ពី​​ឆ្នាំ​ទៅ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​រក​ចំណូល​ទេសចរណ៍​បាន​ ៣.៦៣ ពាន់​លាន​ដុល្លារ ដែល​បាន​កើន​ឡើង​ ១៣ ​ភាគរយ​បើ​ធៀប​ជា​មួយ​ឆ្នាំ​កន្លង​ទៅ​។​

មាន​អ្នក​ទេសចរ​បរទេស​ច្រើន​ជាង​ ៣ លាន​នាក់​បាន​មក​ទស្សនា​ប្រាសាទ នៅ​ក្នុង​ឆមាស​ទី ១ ​នៃ​ឆ្នាំ​នេះ​ហើយ​រដ្ឋាភិបាល​កំពុង​តែ​ដាក់​គោល​ដៅ​ធ្វើ​យ៉ាង​ណា​អាច​ទទួល​អ្នក​ទេសចរ​បរទេស​ឲ្យ​បាន​រហូត​ដល់​ ៦.២ ​លាន​នាក់​នៅ​ឆ្នាំ​ ២០១៨ ហើយ​នឹង​កើន​ដល់ ៧ លាន​នាក់​នៅ​ឆ្នាំ​ ២០២០​។​

អ្នក​ទេសចរ​ជនជាតិ​ចិន​គឺ​ឈរ​នៅ​លំដាប់​ទី ១ ​តែ​ម្ដង តាម​ពី​ក្រោម​ដោយ​អ្នក​ទេសចរ​មក​ពី​ប្រទេស​ វៀតណាម ឡាវ ថៃ និងកូរ៉េខាងត្បូង​។​

កាល​ពី​ឆ្នាំ​មុន ចំណូល​សរុប​នៃ​វិស័យ​ការ​ធ្វើ​ដំណើរ​ និង​ទេសចរណ៍​មាន​ចំនួន​រហូត​ទៅ​ដល់ ​៧ ពាន់​លាន​ដុល្លារ​ឬ​ក៏​ស្មើ​នឹង​ ៣២.៤ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ហើយ​វិស័យ​នេះ​ទៀត​សោត​បាន​ជួយ​បង្កើត​ការងារ​ចំនួន​ ២.៦៧ ​លាន​ការងារ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​៕

ភ្ញៀវទេសចរជាង២ពាន់នាក់នឹងមកទស្សនាអង្គរវត្ត. (រូបថត​ សហការី)