ថ្វីដ្បិតថាយើងមិនអាចពង្រីកទឹកដីបានក៏ដោយ ក៏ប៉ុន្តែយើងក៏អាចពង្រីកវិសាលភាពនៃជីវិត និងគំនិតរបស់យើងបានដោយគ្មានកំណត់។ ប្រសិនបើយើងធ្វើការគោរពគ្នាទៅវិញទៅមកធ្វើទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងគ្នា នោះកម្រិតរបស់វិសាលភាពនៃសេដ្ឋកិច្ច និងវប្បធម៌របស់យើងក៏នឹងរីកលូតលាស់គ្មានព្រំដែនកំណត់ផងដែរ។
ខ្ញុំសង្ឃឹមថា កិច្ចប្រជុំកំពូលទាំង ២ នាឱកាសនេះនឹងជួយបង្កើនភាពស្និទ្ធស្នាលជាមួយនឹងប្រទេសអាស៊ានដែលស្ថិតនៅត្រើយម្ខាងទៀតនៃជើង-មេឃឲ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀតព្រមទាំងត្រូវផ្តិតជាប់ជាលម្ហនៃជីវិតក្នុងស្មារតីរបស់ប្រជាជនកូរ៉េ។
បណ្តាប្រទេសនៃអាស៊ានដែលប្រកបដោយភាពរស់រវើកសម្បូរទៅដោយយុវជនដែលជាកម្លាំងចលករ និងមានសក្តានុពលក្នុងការរីកលូតលាស់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសទាំងនេះមានបំណងចង់លូតលាស់ជាជំហានៗស្របតាមរបៀបរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវប្បធម៌ដែលមានលក្ខណពិសេសដោយឡែកពីគ្នារបស់ខ្លួន ហើយបទពិសោធរបស់យើងដែលបានសម្រេចនូវកំណើនសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យដោយរក្សាអត្តសញ្ញាណរបស់ខ្លួនក្នុងចំណោមបណ្តាប្រទេសមហាអំណាចបានក្លាយទៅជាមូលហេតុគួរឲ្យទាក់ទាញសម្រាប់អាស៊ាន។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាមួយអាស៊ាននឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ថ្ងៃអនាគតទៅវិញទៅមកដល់កូនចៅជំនាន់ក្រោយ។
បណ្តាប្រទេសសមាជិកអាស៊ានផ្តោតជាសំខាន់លើភាពសុខដុមរមនា និងការអនុគ្រោះ។ ទោះបីជាមានការកើនឡើងនូវបញ្ហាមួយចំនួនដូចជាការបែកខ្ញែកគ្នា បញ្ហាអាកាសធាតុ និងបរិស្ថាន វិវាទជាលក្ខណៈអន្តរជាតិជាដើមកាន់តែច្រើនឡើងក៏ដោយ ក៏ប៉ុន្តែអាស៊ានបាននិងកំពុងស្វែងរកដំណោះស្រាយលើបញ្ហាទាំងនោះយ៉ាងឆាប់រហ័សតាមរយៈកិច្ចសន្ទនា។
ទាំងនេះ គឺដោយសារមូលដ្ឋានគ្រឹះនៃស្មារតីរបស់អាស៊ានដែលបានទទួលយកនូវការរស់នៅរួមគ្នាជាសីលធម៌មូលដ្ឋាន។ សតវត្សរ៍ទី ២១ នឹងផ្តល់សេចក្តីសង្ឃឹមដល់មនុស្សជាតិតាមរយៈបញ្ញាដ៏ឈ្លាសវៃរបស់អាស៊ី។
ទីក្រុង ប៊ូសាន គឺជាទីប្រសព្វរវាងទ្វីប និងសមុទ្រ។ ក្នុងនាមជាប្រទេសស្ពានដែលតភ្ជាប់រវាងទ្វីប និងសមុទ្រ ក្តីសុបិន្តយូរអង្វែងរបស់យើងគឺធ្វើការស្រូបយក និងតភ្ជាប់នូវគុណសម្បត្តិរបស់ភាគីទាំងសងខាង។ យើងបានត្រួសត្រាយផ្លូវសមុទ្រជាច្រើនបន្ថែមទៀតដោយកសាងចំណងមិត្តភាពជាមួយនឹងប្រទេសទាំង ១០ នៃអាស៊ាន។ កិច្ចការដែលនៅសេសសល់ទៀតនោះ គឺការឆ្លងកាត់ទ្វីបតាមផ្លូវគោកចាប់ពីទីក្រុងប៊ូសាន។
ទោះបីជាមានវិបត្តិដ៏លំបាក និងឧបសគ្គនៅខាងមុខយើងយ៉ាងណាក៏ដោយ ក៏មិនអាចលះបង់ក្តីសុបិនក្នុងការក្លាយទៅជាប្រទេសស្ពានដែរ។ យើងមិនមែនជាប្រទេសដែលឆ្លងកាត់ការលំបាកក្នុងចំណោមប្រទេសមហាអំណាច ក៏ប៉ុន្តែអាចនឹងក្លាយទៅជាប្រទេសដែលកសាងសន្តិភាព និងវិបុលភាពដោយជួយធ្វើការភ្ជាប់រវាងបណ្តាប្រទេសមហាអំណាចបាន។
ទីក្រុងប៊ូសានគឺជាទីផ្តួចផ្តើមនៃដំណើរនេះ។ ខ្ញុំចង់អនុវត្តនូវក្តីសុបិននោះជាមួយនឹងប្រជាជនទាំងឡាយ។
ក្នុងវេលានេះគឺដល់ពេលត្រូវជូនដំណើរភ្ញៀវដ៏សំខាន់របស់យើងហើយ។ ក្នុងរយៈពេល ៤ ថ្ងៃកន្លងទៅនេះគឺជាពេលវេលាដែលបានបញ្ជាក់យ៉ាងច្បាស់ថា ក្តីសុបិននៃអាស៊ានក៏ជាក្តីសុបិននៃកូរ៉េផងដែរ។ ភាពអនុគ្រោះ និងឆន្ទៈដែលថ្នាក់ដឹកនាំកំពូលនៃបណ្តាសមាជិកអាស៊ានទាំងអស់បានផ្តល់ជូននៅក្នុងកិច្ចប្រជុំលើកនេះនឹងកាន់តែជួយធ្វើការផ្លាស់ប្តូរអាស៊ី និងពិភពលោកឲ្យក្លាយទៅជាទីកន្លែងប្រកបទៅដោយភាពកក់ក្តៅ រស់រវើក និងពោរពេញទៅដោយសន្តិភាពបន្ថែមទៀត។
សូមថ្លែងអំណរគុណចំពោះការចូលរួមជាមួយគ្នាក្នុងឱកាសនេះ។ សូមអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ រួមជាមួយនឹងការចងចាំល្អៗ៕