កាលពីថ្ងៃទី ១២ ខែធ្នូកន្លងទៅរាជរដ្ឋាភិបាលបានប្រារព្ធពិធីទិវាជាតិប្រឆាំងអំពើជួញដូរមនុស្សលើកទី ១៣ ដើម្បីបង្កើនយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ប្រភេទតាមរយៈការអំពាវនាវឲ្យមានការសហការគ្នាជាមួយប្រទេសជាមិត្តដែលសកម្មភាពនេះនៅតែកើតមានឡើងដូចជាការស្វែងរកការងារការរៀបអាពាហ៍ពិពាហ៍ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរផ្លូវភេទ និងការជួញដូរទារកជាដើម និងជំរុញការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ឆ្នាំ ២០១៩-២០២៣។
កាលពីឆ្នាំ ២០១៧ រដ្ឋាភិបាលបានជួយធ្វើមាតុភូមិនិវត្តន៍ ជនរងគ្រោះកម្ពុជាពីបរទេសចំនួន ៩៩០ នាក់ដែលភាគច្រើនមកពីថៃ ម៉ាឡេស៊ី ចិន និងវៀតណាម។ រីឯការបង្ក្រាបវិញនៅឆមាសទី ១ ដើមឆ្នាំ ២០១៩ របាយការណ៍ប៉ូលិសថា ការបង្ក្រាបសរុបបាន ៨០ ករណីចំពោះសកម្មភាពការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងសង្គ្រោះជនរងគ្រោះ។
បើមើលទៅលើរបាយការណ៍អំពើជួញដូរមនុស្សឆ្នាំ ២០១៨ ក្រសួងការបរទេសអាមេរិកនៅតែរក្សាកម្រិត ២ ឬ Tier 2 Watch list ដដែលសម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ផ្អែកតាមរបាយការណ៍កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ គឺដោយសារតែកម្ពុជាមានឆន្ទៈ និងខិតខំក្នុងអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តតែកម្ពុជានៅមានការខ្វះខាតផ្នែកបច្ចេកទេសក្នុងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ និងប្រព័ន្ធធនាគារនៅឡើយ?
ដោយការវិវត្តសកម្មភាពរបស់ជនល្មើសជួញដូរមនុស្សនៅលើពិភពលោកនេះមានការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មទៅតាមសម័យបច្ចេកវិទ្យាឌីជីថល (Digital) និងការផ្ទេរសាច់ប្រាក់ទៅតាមប្រព័ន្ធធនាគារ និងការដកសាច់ប្រាក់តាមទូ ATM ផងដែរ។
កាលពីឆ្នាំទៅ ខ្ញុំបានចូលរួមសន្និសីទភាពជឿជាក់ (Trust Conference) ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន Thomson Reuters Foundation នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសស្តីពីការជួញដូរមនុស្ស និងការធ្វើការងារហួសកម្លាំងនៅសម័យទំនើបត្រូវបានគេលើកឡើងពីប្រធានបទការបង្ក្រាបអំពើជួញដូរមនុស្សតាមឌីជីថល និងប្រព័ន្ធធនាគារមកពិភាក្សាគ្នា និងការផ្តល់អនុសាសន៍ឲ្យរដ្ឋនីមួយៗបង្កើនប្រព័ន្ធទំនាក់ទំនងឲ្យបានប្រសើរឡើង ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរនេះ។
វាគ្មិនដែលជាមន្ត្រីជាន់ខ្ពស់មកពីទីស្នាក់ការកណ្តាលធនាគារ Standard Chartered បានប្រាប់ខ្ញុំថា៖ «ប្រសិនបើអ្នកដឹងពីជនល្មើសជួញដូរមនុស្សតាមរយៈធនាគារដែលជាដៃគូនឹងធនាគាររបស់ Standard Chartered សូមប្រាប់មកខ្ញុំ។ ខ្ញុំនឹងជួយស្វែងរកជនល្មើសនោះតាមប្រព័ន្ធធនាគារ»។
តាមរយៈបទយកការណ៍បែបស៊ើបអង្កេតរបស់សារព័ត៌មាន The Economist កាលពីខែមីនា ឆ្នាំ ២០១៨ ដែលមានរយៈពេល ៣០ នាទីនៅលើ YouTube ក្រោមប្រធានបទ៖ «How can banks be used to stop human trafficking?» តើធនាគារអាចបញ្ឈប់អំពើជួញដូរមនុស្សយ៉ាងដូចម្តេច? នៅក្នុងឯកសារនេះបានបង្ហាញពីរបៀបស៊ើបអង្កេតខ្លះៗតាមរយៈបច្ចេកវិទ្យាឌីជីថលរបស់ប្រព័ន្ធធនាគារ ដើម្បីតាមចាប់ឧក្រិដ្ឋជនតាមការផ្ទេរលុយតាមធនាគារ ការបង្ហាញផែនទី និងទីតាំងដកលុយចេញពីទូ ATM។ មួយផ្នែកទៀតគឺសមត្ថកិច្ចប្រើបច្ចេកវិទ្យាស៊ើបអង្កេតតាមអនឡាញ ដើម្បីរកទីតាំងផ្សព្វផ្សាយសេវាផ្លូវភេទ និងកន្លែងដែលកេងប្រវ័ញ្ចពលកម្ម។
នៅក្នុងឯកសារនេះក៏បង្ហាញពីបទពិសោធល្អនៅប្រទេសកាណាដាស្តីពីការធ្វើយុទ្ធនាការស៊ើបអង្កេតតាមឌីជីថល និងធនាគារឃើញថា ការបង្ក្រាបទៅលើអំពើជួញដូរមនុស្ស និងផ្លូវភេទមានកើនឡើងដល់ទៅ ៣៥០ ភាគរយនៅឆ្នាំ ២០១៧ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៦។
ឧទាហរណ៍ដូចករណីជួញដូរមនុស្សតាមរយៈការពពោះជំនួស សមត្ថកិច្ចបានចាប់ខ្លួនអ្នកស្រី Tammy Davis-Charles ជនជាតិអូស្ត្រាលីពីបទជួញដូរមនុស្ស ហើយបានកាត់ទោសឲ្យជាប់គុករយៈពេល ១៨ ឆ្នាំហើយអ្នកស្រីត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីឆ្នាំទៅរួចហើយ និងអ្នករត់ការឲ្យគាត់ក៏ជាប់ដែរ។
តែករណីនេះសមត្ថកិច្ចអាចឆែកមើលតាមប្រព័ន្ធទំនាក់ទំនងឌីជីថល និងប្រព័ន្ធធនាគារគឺរកឃើញអ្នកពាក់ព័ន្ធបណ្តាញទាំងអស់ ជាពិសេសឪពុកម្តាយរបស់ទារកដែលជាជនបរទេសនៅបរទេស និងស្ត្រីដែលជាជនជាតិខ្មែរពពោះជំនួសគឺឃើញទាំងអស់ ពីព្រោះគាត់បានផ្ទេរលុយទៅស្ត្រីទាំងអស់តាមរយៈធនាគារ និងទទួលសាច់ប្រាក់ពីឪពុកម្តាយតាមធនាគារអន្តរជាតិ។ ក្រៅពីនេះគឺអាចដឹងថា នរណាជាឪពុកម្តាយជាមួយអ្នកពពោះឲ្យនរណាទាំងអស់គឺជាភ័ស្តុតាងក្នុងការស៊ើបអង្កេត និងឃាត់ខ្លួនបានទាំងអស់ និងសហការជាមួយប្រទេសដែលជនល្មើសប្រព្រឹត្តដើម្បីធ្វើបត្យាប័នអនុវត្តតាមច្បាប់បាន។
កន្លងមកប្រព័ន្ធធនាគារធ្វើកិច្ចការពង្រឹងប្រព័ន្ធតាមដាន និងស៊ើបអង្កេត ការលាងលុយកខ្វក់បានល្អច្រើន រីឯសមត្ថកិច្ចសព្វថ្ងៃធ្វើទៅតាមការរាយការណ៍តៗគ្នាជួនកាលទៅរកទីតាំងមិនឃើញច្បាស់លាស់នោះទេធ្វើឲ្យខាតពេលវេលាច្រើន ជួនកាលយឺតពេក ជនល្មើសដឹងខ្លួនមុនរត់បាត់ក៏មានដែរ។ ម្យ៉ាងទៀតការប្រើប្រព័ន្ធ App និងប្រព័ន្ធ Alert ក៏អាចជួយផ្តល់ព័ត៌មានការតាមដានស៊ើបអង្កេត និងបញ្ជាក់ទីតាំងនៅតាមផែនទីបាន។
កន្លងមកអង្គការ InSTEDD បានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលទប់ស្កាត់ការជួញដូរមនុស្សមួយចំនួននៅភ្នំពេញផងដែរ ស្តីអំពីប្រព័ន្ធ Alert ជាសំឡេងនៅក្នុងទូរស័ព្ទក្នុងករណីមានការជួញដូរមនុស្សនេះ។
ដូចគ្នានេះដែរក្រុមស្ម័គ្រចិត្តសម្អាតបរិស្ថាន Go Green បានសហការគ្នាជាមួយអង្គការ InSTEDD តាមរយៈគម្រោង SPIDER បានចូលរួមជួយសាលារាជធានីភ្នំពេញតាមរយៈឌីជីថល App Go Green ដើម្បីបញ្ជាក់ដៅទីតាំងនៅលើផែនទីរាជធានីភ្នំពេញដែលមានសំរាមដើម្បីគេទៅសម្អាតសំរាមនោះ។ អ៊ីចឹងបើដូចគ្នាគឺគ្រាន់តែបង្កើតឲ្យមានឌីជីថល App សម្រាប់កំណត់ទីតាំងរបស់ជនល្មើស ឬក៏ជនរងគ្រោះដោយសារការជួញដូរមនុស្ស ឬក៏ផ្លូវភេទ គឺមានភាពងាយស្រួលដល់សមត្ថកិច្ច គ្រាន់តែមើលតាមដានតាម App នេះហើយអន្តរាគមន៍ទាន់ពេលវេលាគឺមានការចូលរួមពីប្រជាពលរដ្ឋដែលដឹងអំពីសកម្មភាពរបស់ពួកគេគឺគ្រាន់តែចុចសញ្ញា «Pin»នៅទីតាំងកើតហេតុ។
សរុបមកវិញការពង្រឹងការស៊ើបអង្កេតតាមឌីជីថល និងតាមប្រព័ន្ធធនាគារ ដែលមានលក្ខណៈវិទ្យាសាស្ត្រលឿនអាចជួយសមត្ថកិច្ចឈានដល់ការចាប់ខ្លួនជនល្មើស និងបណ្តាញបទល្មើសជួញដូរមនុស្សនេះបានទាន់ពេលវេលា។ ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលគួរតែបន្ថែមយុទ្ធសាស្ត្រថ្មីៗតាមបែបបច្ចេកវិទ្យាឌីជីថល និងការសហការជាមួយធនាគារទាំងជាតិ និងទាំងអន្តរជាតិជួយស៊ើបអង្កេតអំពើជួញដូរមនុស្ស និងផ្លូវភេទនេះកាន់តែលឿន៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com