ភ្នំពេញៈ មន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី ១៧ ខែមករាថា យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះ គឺចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេសបានចំនួន ៥១ ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០ នាក់ ដើម្បីចាត់ការតាមនីតិវិធី។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិងកំពុងធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលរាជធានី ខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដោយបានដាក់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ដែលពួកគេខ្លះបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំរដ្ឋឯកជនមួយចំនួនផងដែរ។
លោកបានបញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើងគឺជាចំណុចអាទិភាពមួយដែលត្រូវដោះស្រាយនៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ដែលដាក់ចេញដោយថ្នាក់ដឹកនាំក្រសួងមហាផៃ្ទតាមទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។
លោកទូច សុខៈ បានថ្លែងថា៖«លទ្ធផលនៃចំណាត់ការពី១សប្តាហ៍ទៅ១សប្តាហ៍ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តមតែងក្រើនរំឭកភ្ជាប់នឹងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ព្រមទាំងជំរុញបន្តឱ្យធ្វើការយ៉ាងយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ»។
ជុំវិញបញ្ហាក្មេងទំនើងដែលកើតមានក្នុងសង្គមកម្ពុជានេះ លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ករណីនេះមានអ្នកពាក់ព័ន្ធច្រើនដែលធ្វើឱ្យពួកគេក្លាយជាក្មេងទំនើងក្នុងនោះមានកត្តាខ្លួនឯង ឪពុកម្តាយ សាលារៀន ឬអ្នកគ្រូ លោកគ្រូនិងអាជ្ញាធរមូលដ្ឋានដែលមិនបានឃ្លាំមើលដិតដល់ជាដើម។
លោកថា ក្រៅពីនេះ ការអនុវត្តច្បាប់ ការផ្សព្វផ្សាយ និងអ្នកជំនាញអប់រំ ក៏មិនបានតឹងរ៉ឹងផងដែរនោះក៏បានធ្វើឱ្យពួកគេបានដៃកៀរគរគ្នីគ្នាក្លាយជាក្មេងទំនើង បង្កអសន្តិសុខ និងវាយតប់គ្នាព្រោះក្មេងដែលឈានដល់វ័យឈាមរាវ ដែលបញ្ហានេះត្រូវការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីអប់រំ និងណែនាំពួកគេ។
បើតាមលោក ឈត ប៊ុនថង ការបង្ក្រាប និងអប់រំ ណែនាំរបស់សមត្ថកិច្ចទៅលើក្មេងទំនើងនាពេលកន្លងមកគឺហាក់ដូចជាអេះមិនចំរមាស់(គោលដៅ)។ក្នុងន័យនេះ សមត្ថកិច្ច គួរតែស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ទើបអនុវត្តទៅចំគោលដៅ និងមានប្រសិទ្ធភាព។លោកក៏បានស្នើឱ្យអាជ្ញាធរគួរតែបង្កើតជាមណ្ឌលកែប្រែឬអប់រំពួកគេក្នុងរយៈពេលណាមួយ(៣ថ្ងៃឬ១សប្តាហ៍)ដើម្បីឱ្យពួកគេរាងចាល។
យ៉ាងណាក្ដី លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ពាក់ព័ន្ធនឹងក្មេងទំនើងនេះ សមត្ថកិច្ចនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញស្ថិតនៅតាមបណ្តាខណ្ឌនានា បានបង្ក្រាប និងអប់រំដល់ពួកគេរួចបញ្ជូនទៅឱ្យឪពុកម្តាយឬអាណាព្យាបាលយកទៅអប់រំបន្ត និងដាក់ពួកគាត់នៅក្នុងមុខសញ្ញាជាក្មេងទំនើងថែមទៀត។
លោកបានថ្លែងថា ក្នុងករណីពួកគេមិនរាងចាល ហើយបន្តបង្កឱ្យមានអំពើហិង្សាធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈទៀត សមត្ថកិច្ចនឹងបញ្ជូនពួកគេទៅអប់រំនៅក្នុងមណ្ឌលកែប្រែនៃមន្ទីរសង្គមកិច្ច ហើយនៅពេលពួកគេចេញមកវិញមិនព្រមកែប្រែទៀត សមត្ថកិច្ចអនុវត្តវិធានការច្បាប់ដោយចាប់បញ្ជូនទៅតុលាការ ឈានដល់ការដាក់ក្នុងពន្ធនាគារ៕