កំពង់ស្ពឺៈ​ អភិ​បាល​ខេត្ត​កំព​ង់ស្ពឺ ​លោក​ វ៉ី សំ​ណាង ​បាន​បញ្ជា​ឱ្យ​អភិ​បាល​ក្រុង​ស្រុក​ទូទាំង​ខេត្ត​ទាំង​អស់​បញ្ឈប់​ការ​អនុ​ញ្ញាត​បើក​អាជីវ​កម្ម​ឆ្នោត​ឡូតូ ​ល្បែង​ផ្សង​សំណាង​ ហើយ​ត្រូវ​ចាត់​វិធាន​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ ទោះ​បី​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់​។ 


​លោក​ វ៉ី សំណាង ​បាន​ផ្ញើ​លិខិត​ទៅ​អភិ​បាល​ក្រុង​ស្រុក​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ទាំង​អស់​កា​លពី​ថ្ងៃទី​៩ ​ខែកុម្ភៈ​ ដោយ​បាន​បញ្ជាក់​ថា ដើម្បី​ធានា​បាន​សុខ​សន្តិ​ភាព ការ​អភិវឌ្ឍ​ លើក​កម្ពស់ជីវភាព​ពលរដ្ឋ​ឱ្យ​មាន​ភាព​រីក​ចម្រើន​ជា​លំដាប់​ អាជ្ញាធ​រមាន​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់​តែង​តែ​យក​ចិត្ត​ទុក​ដាក់អនុវត្ត​គោល​នយោ​បាយ​ភូមិ ​ឃុំ ​សង្កាត់​ មាន​សុវត្ថិ​ភាព ​និង​ធ្វើការ​បង្ក្រាប​រាល់​បទ​ល្មើស​ជា​ប្រចាំ ​ធ្វើ​ឱ្យ​ពល​រដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​មក​លើ​ការ​ដឹក​នាំ​របស់​រាជរ​ដ្ឋា​ភិ​បាលនិង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ផង​ដែរ​។​

​លោកបា​នបញ្ជាក់ថា​៖«​រដ្ឋ​បាល​ខេត្ត​សូម​ស្នើ​ឱ្យ​លោក​អភិបាល​​នៃ​គណៈ​អភិ​បាល​ក្រុង ​ស្រុក​ ចូលរួម​អនុវត្ត​កា​របញ្ឈប់ឬ​បញ្ចប់​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​បើក​អា​ជីវក​ម្ម​ឆ្នោត​ឡូតូ ​ល្បែង​ផ្សងសំ​ណាង​គ្រប់​ប្រភេទ ​និង​បន្ត​ស្រាវ​ជ្រាវ​បង្ក្រាប​នូវ​ទីតាំង​លេ​ងល្បែង​ស៊ី​សង​ខុស​ច្បាប់​និង​បទ​ល្មើស​គ្រប់​ប្រភេទ​ក្នុង​ដែន​សមត្ថ​កិច្ច ​ព្រម​ទាំង​ចាត់​វិធាន​ការ​តាម​ច្បាប់​ឱ្យបាន​ម៉ឺង​ម៉ាត់​បំផុត​»​។​


​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្តកំ​ពង់ស្ពឺ​ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ​ក៏បាន​លើក​ឡើង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា ​កន្លង​មក​ក្រោម​ការដឹក​នាំ​និង​បញ្ជា​ផ្ទាល់​ពី​លោក​ វ៉ី សំណាង បានដា​ក់​ចេញ​វិធាន​ការ​មិន​អនុញ្ញាត​ឱ្យ​មានកា​រ​ផ្សព្វ​ផ្សាយ​តាំង​រូប​ភាព​ ផ្ទាំង​ប៉ាណូ ផ្សាយ​ពាណិជ្ជ​កម្ម​ស្រា​បៀរ​គ្រប់​ប្រភេទ​ឡើយ ​ដោយ​វិធាន​ការ​នេះ​បាន​ទទួល​កា​រកោត​សរសើរ​ទូទាំង​ផ្ទៃ​ប្រទេស​ថា​ជា​ខេត្ដ​គំរូ​មួយ​ក្នុង​ចំណោម​រាជ​ធានី​ខេត្ត​ទាំង​២៥ ​នៃ​ប្រទេស​កម្ពុជា​។​

​ស្នង​ការ​ដ្ឋាន​បាន​បន្ត​ថា​៖ «​នេះ​ជា​វិធាន​ការ​និង​ជា​ជម្រើស​ទី​២ នៃ​ការ​ប្ដេជ្ញា​ចិ​ត្ដរបស់​ឯក​ឧត្ដម​អភិបាលខេ​ត្ដ​កំពង់​ស្ពឺ​។​ប្រជា​ពលរដ្ឋ​ប្រាកដ​ណាស់​សា​ទរ​នូវ​ចំណាត់​ការ​ដ៏​ម៉ឺង​ម៉ាត់​នេះ​។ អភិ​បាល​ក្រុង ​ស្រុក​ និង​រដ្ឋបាល​ឃុំ សង្កាត់ ​ភូមិ​ ប្រាកដ​ជា​នឹង​ចូល​រួម​អនុវត្ដ​ឱ្យ​បាន​ពេញ​លេញ​និង​មាន​ប្រសិទ្ធ​ភាព​»​។ 


​លោក ​ឡុង ឌីម៉​ង់ អភិ​បាលរ​ង​ខេត្ត​ព្រះ​សី​ហនុបាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១១ ​ខែកុម្ភៈ​ដែរ​ថា សម្រាប់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​ចាប់​តាំងពី​រដ្ឋាភិ​បាល​អាណត្តិ​មុន(​អាណត្តិ​ទី ៦)ដែល​ដឹក​នាំ​ដោយ លោ​ក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ​និង​លោក ​ស ខេង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ដាក់​បទ​បញ្ជា​ដាច់​ណាត់​ក្នុង​ការ​បង្ក្រាប​ល្បែ​ងស៊ី​សង​ខុស​ច្បាប់​។ 

​លោកបាន​បន្ត​ថា ការ​បង្ក្រាប​ល្បែង​ស៊ី​សង​ខុ​សច្បាប់​នេះ​ត្រូវ​បាន​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ អនុវត្ត​ជា​ប្រចាំ​ជា​មួយ​នឹង​គោល​នយោ​បាយ​ភូមិ​ ឃុំ​មាន​សុវត្ថិ​ភាព​ កុំ​ឱ្យមាន​មហន្ត​រាយ​ដល់​ប្រជា​ពលរដ្ឋ​។​រីឯ​ល្បែង​ពាណិជ្ជ​កម្ម​វិញ ​ដែលមាន​​មូល​ដ្ឋាន​នៅក្នុង​ខេត្តត្រូវ​បាន​ត្រួត​ពិនិត្យ​ពី​គណៈ​កម្ម​ការ​គ្រប់​គ្រង​ល្បែង​ពាណិជ្ជ​កម្ម​ជាប់​ជានិច្ច​។
 
​លោក​​បានបញ្ជាក់​ថា​៖«​ទាំង​ក្រសួង​មហាផ្ទៃ ​ទាំង​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ គឺ​ត្រួត​ពិនិត្យ​កិច្ច​ការ​ងារ​នេះ បាន​ត្រឹម​ត្រូវ​ណាស់​។ ល្បែង​ស៊ី​សង​ខុស​ច្បាប់​ ដែល​មាន​កើត​ឡើង​នៅ​តាម​មូល​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋគឺ​យើង​មិន​អនុញ្ញាត​ឱ្យមាន​ជា​ដាច់​ខាត​»​។​

​លោក​ អំ ​សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅនៃ​អង្គកា​រ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺលើ​វិធាន​ការ​មិន​ឱ្យមាន​ល្បែង​ស៊ីស​ង​គ្រប់​ភេទ​នៅ​ក្នុង​ខេ​ត្ត ព្រោះ​ល្បែង​ស៊ីស​ង​នេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​សង្គម អំពើ​ហិង្សា និង​ចោរ​កម្ម​ផ្សេងៗ​ទៀត​។ 

​ទោះ​ជា​យ៉ាង​ណា​លោក អំ សំអាត ថា វិធាន​ការ​នេះ​ជោគ​ជ័យ​ទៅ​បាន​​លុះត្រាតែ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់យក​ចិត្ត​ទុកដា​ក់ និង​តាំង​ចិត្ត​អនុវត្ត​ជាពិ​សេស មន្ត្រី​ទាំង​នោះ ​មិន​ជាប់​ព័ន្ធ​នឹង​ល្បែង​ស៊ីស​ង ទើប​អនុវត្ត​បាន​ជោ​គជ័យ ​ដូច​បញ្ហា​ផ្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​ដូច្នោះ​ដែរ​។​

​លោក​បាន​ថ្លែង​ថា​៖ «​យើង​រង់ចាំ​មើល​ថា ​តើ​បាន​ជោគជ័យ​ប៉ុនណា​ ប៉ុន្តែ​កន្លងមក​ ខេត្ត​កំព​ង់ស្ពឺ ​ធ្វើកា​រ​បាន​ជោគ​ជ័យ​លើ​ការ​ហាម​ផ្សាយ​ពាណិជ្ជ​កម្ម​ស្រា​បៀរ អ៊ី​ចឹ​ង​យើង​រង់ចាំ​មើល​ការ​បង្ក្រាប​ល្បែងស៊ី​សង​ទៅមុខទៀ​ត ដែល​វា​អាស្រ័យ​ទៅលើ​ឆន្ទៈ ​និង​ការ​តាំង​ចិត្ត​ខ្ពស់​ ហើយ​អាជ្ញា​ធរ​ទាំង​អស់​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​និង​កុំ​ពាក់​ព័ន្ធ​រឿង​ទាំង​អស់​ហ្នឹង​គឺអាច​ចូល​រួម​ទប់​ស្កាត់​បាន​និង​ជោគ​ជ័យ​ដូច​ស្រា​បៀរ​ដែរ​»៕