ភ្នំពេញ : គម្រោង​សិល្បៈស-ស បច្ចុប្បន្នកំពុង​រៀបចំ​ការតាំង​ពិ​ព័រណ៍សិល្បៈ​ដ៏​អស្ចារ្យ​មួយ ក្រោម​ចំណងជើង​ថា «សួន​វង្វេង... ដង្ហើម​សុបិន» របស់​​វិចិត្រករ​ជនជាតិ​វៀតណាម​ឈ្មោះ ​ជឿង កុងទុង។​

​ការតាំងពិព័រណ៍​ទោល​ ដែល​បាន​បើកទ្វារ​ កាលពីថ្ងៃទី ២៦ ខែមករា ហើយនឹង​ដំណើរការ​រហូតដល់​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ គឺជា​ការ​បង្ហាញ​លើកដំបូង​របស់​លោកទុងនៅក្នុង​ប្រទេស​កម្ពុជា​។​

យោង​តាម​គម្រោង​សិល្បៈស-ស បាន​ឱ្យ​ដឹង​ថា៖ «លោក ទុង ណែនាំ​ស្នាដៃ​វីដេអូ​ដែល​ទើប​ផលិត​ថ្មី រួម​ជាមួយ​នឹង​ស្នាដៃ​ដែលមាន​ស្រាប់​ចំនួន​៤  រួមទាំង​ការដំឡើង​ចម្លាក់ ឈុត​គំនូរ​ខ្មុក​ចំនួន ​២ និង​វីដេអូ​ ២​ ផ្សេងទៀត»។​


​ពិព័រណ៍​ទោល​នេះ ​ទទួល​បាន​ការ​គាំទ្រ​ពី​មូលនិធិ Han Nefkens ដោយ​បង្ហាញ​ពី​ការបញ្ចូល​គ្នា​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​នៃ​ស្នាដៃ​​​ទើបនឹង​បង្កើត​ថ្មី និង​មាន​ស្រាប់​ដោយ​វិចិត្រករ​។​

​ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៣ មូលនិធិ Han Nefkens ​ជំនួយ​ផលិត​វីដេអូ​សិល្បៈ​អាស៊ីអាគ្នេយ៍​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្កើន​ទិន្នផល​សិល្បៈ​សហ​សម័យ​នៅក្នុង​វិស័យ​សិល្បៈ​វីដេអូ ជាពិសេស​ផ្តោតលើ​សិល្បករ​ដែល​រស់នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​


លោក ទុង​កើត និង​ធំធាត់​ក្នុងចំណោម​ភាព​ចម្រុះ​ជាតិ​សាសន៍ និង​ជីវចម្រុះ​ដ៏​សម្បូរបែប​នៃ​ទីក្រុង DakLak នៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ប្រែក្លាយ​វិចិត្រសាល គម្រោង​សិល្បៈស-សជា​សួន​ដ៏​ចម្លែក​មួយ​ដែល​ផ្លាស់ប្តូរ​ជានិច្ច​។ 


នៅក្នុង​សួន​នេះ កាល​វេលា​និង​លម្ហ​ផ្សេងៗ​គ្នា​មក​ប្រសព្វ​គ្នា ជំរុញឱ្យមាន​ការយល់​ពី​ការរស់នៅ​រួមគ្នា​រវាង​សត្វ រុក្ខជាតិ អមនុស្ស និង​មនុស្ស  រវាង​អង្គ​ដែល​មើលមិន​ឃើញ និង​អង្គ​មើលឃើញនិង​រវាង​ភាព​ព្រៃ និង​ភាព​ស្រុក​។ ​

នៅពេលដែល​ទស្សនិកជន​មកដល់ «​សួន​» របស់លោក ទុង ភ្លាម ក្លិន​ដី​និង​សំណើម សំឡេង​ទឹក​និង​ខ្លុយ បន្លឺ​ឡើង​យ៉ាង​ច្បាស់​ពី​សម្រស់​​ធម្មជាតិ​។ នៅពេល​​​ដើរចូល នឹង​បាន​​ឃើញ​ថាស​មួយធ្វើ​ពី​ម្រ័ក្សណ៍​លើ​ឈើ អណ្តែត​ក្នុង​លម្ហ។ 

​នៅពេល​​​ដើរចូលមក​ជ្រៅ​​ទៀត គ្រោង​ចម្លែក​មួយ​នោះ​បង្ហាញខ្លួន​ជា​ស្នាដៃ​បង្គុំ​វីដេអូ​។ ដោយមាន​ចំណងជើង​ដូចគ្នា​ទៅនឹង​ចំណង​ជើង​​ពិព័រណ៍​ដែរ សួន​វង្វេង​... ដង្ហើម​សុបិន (២០២៣ - កំពុង​បន្ត​) គឺជា​វីដេអូ​មាន​រយៈ​ពេល​វែង បញ្ចាំង​លើ​សន្លឹក​ក្តារ ដែល​ផ្អោប​រតេយរតាយ​ដោយ​ផ្ទាំង​ប្លា​ស្ទិ​ក កំណាត់​សំណាញ់ ខ្សែ ទុយោ​ទឹក មែកឈើ​ងាប់ ប្រហែល​សត្វល្អិត និង​វត្ថុ​រកបាន​ផ្សេងៗ​ទៀត​។ 

រូបពិព័​រ​ណ៍​សិ​ល្បករទោ​ល​​វៀ​តណា​ម​​ឆ្លុះ​ប​ញ្ចាំ​ងពី​ធ​ម្ម​ជាតិ និង​មនុស្ស។ រូបថត Sa Sa Art Projects

វត្ថុ​ដែល​ហាក់ដូច​ជា​មិន​ទាក់ទង​គ្នា​ទាំងនេះ គឺជា​សំយោគ​ដ៏​តូច​មួយ នៃ​ទិដ្ឋភាព​សម្ភារកសិកម្ម នៅ​តំបន់​ខ្ពង់រាប​កណ្តាល​។ ពួកវា​ជាសំណល់​នៃ​វត្ថុ​ដែល​ធ្លាប់មាន​តួនាទី​ជួយ​បម្រើ​ការងារ​ដាំ​ដុះ​របស់​កសិករ​។ 

បន្ថែម​នៅក្នុង​ទិដ្ឋភាព​សម្ភារនេះ គឺ​វាំងនន​ធ្វើ​ពី​គ្រាប់អង្កាំ​ឈើ ​ជា​ផលិតផល​ដ៏​ពេញនិយម​ពី​តំបន់​នោះ​។ ដោយ​ធ្វើ​ពី​ឈើ​កាហ្វេ កៅស៊ូ ស្វាយចន្ទី និង​ឈើ​ព្រៃ វាំងនន​គ្រាប់អង្កាំ​ទាំងនេះ គឺជា​អនុផល​ពី​ការប្រកួតប្រជែង​រវាង​ការតស៊ូ​នៃ​ព្រៃឈើ​ជនជាតិដើម​ភាគតិច និង​ចម្ការ​ឧស្សាហកម្ម​ទំនើប​ដែល​កំពុង​រីក​រាលដាល​។ 

ទិដ្ឋភាព​សម្ភារ​នៅក្នុង​ស្នាដៃ​បង្គុំ​នេះ គឺជា​សក្ខីភាព​មួយ​ចំពោះ​អន្តរាគមន៍​រវាង​មនុស្ស​និង​ដី និង​រវាង​មូលធន​នីយកម្ម​ទំនើប និង​ប្រពៃណី​ពី​ដូនតា​របស់​ជនជាតិដើម​ភាគតិច​។​

គម្រោង​សិល្បៈស-ស បាន​ឱ្យ​ដឹងថា​៖ «​រូបរាង​ជា​រង្វង់ បង្ហាញ​ពីភាពរស់រវើក​​និងរំលេច​​រូបរាង​ឡើងវិញ​ជាច្រើន​លើក​ច្រើនសានៅក្នុង​វីដេអូ សួន​វង្វេង (​ក៏ដូចជា​នៅក្នុង​ពិព័រណ៍​ទាំងមូល​ដែរ​)​។ តើ​វា​ជា​ព្រះ​ចន្ទ ព្រះអាទិត្យ អំពិលអំពែក វិញ្ញាណ ខ្មោច ទេវៈ តំណក់​ជីវិត ឬក៏​ពន្លឺ​ពិល​? វា​គឺ​ទាំងអស់ ហើយ​វា​មិនមែន​ទាំង​អស់នេះ​ក្នុងពេល​តែមួយ​ទេ វា​ផ្លាស់​ទី​ឥតឈប់ឈរ និង​ហាក់​គេច​មិន​នៅ​ស្ងៀម ហើយ​ពេលខ្លះ​វា​បែង​កាយ​ជា​ ២ ទៀតផង​»។ 

ភាពមិន​ច្បាស់​ប្រាកដ​នេះ ត្រូវបាន​បំពេញបន្ថែម​ដោយ​សោភណភាព​ដាក់​រូប​ជាន់​លើ​គ្នា​នៅក្នុង​ខ្សែភាពយន្ត ដែល​នេះ​រំ​ឭ​ក​ដល់​វិធី​សាស្ត្រ​បង្ហាញ​អត្ថន័យ​ទៅតាម​​​ស្រទាប់ៗ​​ជាមួយ​ម្រ័ក្សណ៍​របស់លោក​ ទុង​។ ​

នៅពេល​​ដើរ​ហេល​ហាល ហាក់ដូចជា​ស្រវឹង​ផង នៅក្នុង​ខ្សែភាពយន្ត «​សួន​» ដូច​សុ​បិ​ន្ត​របស់លោក​ ទុង មហា​ជន​​ឮ​សំឡេង​ព្រៃឈើ​ស្លឹកឈើ​រង្គើ​ប៉ប្រះ​គ្នា សត្វ​ស្លាប​ស្រែកច្រៀង សត្វល្អិត​លូន​វារ ខ្លុយ​បន្លឺ​សូរស័ព្ទ ចម្រៀង​ជនជាតិដើម​បំពេរំពង​ព្រៃ​។ 

តួអង្គ​ម្នាក់​នៅក្នុង​ខ្សែភាពយន្ត​នេះ គឺ​លោកយាយ​អាយុ ១០៣ ឆ្នាំឈ្មោះ KpuihBơr ​ជា​សាក្សី​រស់​នៃ​ប្រវត្តិ​ទឹកដី និង​ជា​អ្នករក្សា​រឿងនិទាន​កថា​។ 

​ភ្ជាប់​ចេញពី​ស្នាដៃ​បង្គុំ​វីដេអូ​តាមរយៈ​បំពង់​ទឹក​រត់​ពត់ពេន គឺជា​ស្នាដៃ​បង្គុំ​ផ្លែ​ឃ្លោក​ក្នុង​រោង​និង​ទំហំ​ផ្សេងៗ​គ្នា​ជាច្រើន ដែល​កំពុង «​ដុះ​» ព្រោងព្រាត​នៅក្នុង​ចម្ការ២​កន្លែង​នៅ​ចុង​សាល​ពិព័រណ៍​។ 

ស្ថានភាព​អវត្តមាន​…សំឡេង​ពី​ខាងក្រៅ (២០២០ - កំពុង​បន្ត​) រួមមាន​ឃ្លោក​ធម្មជាតិ វត្ថុ​រកបាន​ដែលមាន​ទម្រង់​ស្រដៀង​ឃ្លោក និង​ចម្លាក់​ឃ្លោក​ដែលលោក​ ទុង ធ្វើ​ពី​សេ​រ៉ា​មិច និង​ម្រ័ក្សណ៍​។ 

ចម្ការ​ឃ្លោក​នេះ ត្រូវបាន​ត​ភ្ជាប់​គ្នា​យ៉ាង​ផ្ចិតផ្ចង់​តាមរយៈ​ទុយោ​រាយ​ខ្វាត់ខ្វែង​ជាច្រើន​ដែល​ផ្តល់​ទឹក​និង​ខ្យល់ ហាក់ដូចជា​ចរន្ត​សរសៃ​ឈាម និង​អុកស៊ីហ្ស៊ែន​។ ឃ្លោក គឺជា​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃមួយ​របស់​អ្នករស់នៅ​ខ្ពង់រាប សម្រាប់​ដាក់​ទឹក ស្រា និង​គ្រាប់ពូជ​ដំណាំ​ជាដើម ហើយ​វា​ក៏​ត្រូវបាន​អ្នកស្រុក​ចាត់ទុកជា​វត្ថុ​សក្ការៈ​ផងដែរ បើ​យោងតាម​ទេវ​កថា​ខ្ពង់រាប​មួយចំនួន​។ ​

​នៅក្នុង​ពិព័រណ៍​សួន​វង្វេង​... ដង្ហើម​សុបិន លោក ទុង បង្កើត​យ៉ាង​ជំនាញ​នូវ​បទពិសោធន៍​មួយ​ដែល​ហាក់​ធ្លាប់​ស្គាល់ តែ​​​វា​ជា​បទ​ពិសោធន៍​ដែល​មិន​ធ្លាប់​ស្គាល់​ទាល់តែសោះ​។ នៅទីនេះ ធម្មជាតិ​និង​អ្វីដែល​មនុស្ស​បង្កើត ភាពសាមញ្ញ​និង​ភាព​ប្លែក​ដូច​ក្នុង​ពិភព​ផ្សេង ​​ខ្មោច​និង​​​ទេវៈ ជីវិត​និង​សិល្បៈ ទាំងអស់នេះ​ស្ថិតក្នុង​ពិព័រណ៍​ឯកត្ដជន​របស់​លោក ទុង​។ ​

​គម្រោង​សិល្បៈស-ស តាមរយៈ​ការលះបង់​របស់ខ្លួន​ចំពោះ​ការពិសោធ និង​ការអនុវត្ត​សិល្បៈ​សហ​សម័យ​បាន​ផ្តល់​​កន្លែង​ដ៏​ល្អ​សម្រាប់​ការតាំង​ពិ​ពណ៌​របស់​លោក ទុង​។​

រូបពិព័​រ​ណ៍​សិ​ល្បករទោ​ល​​វៀ​តណា​ម​​ឆ្លុះ​ប​ញ្ចាំ​ងពី​ធ​ម្ម​ជាតិ និង​មនុស្ស។ រូបថត Sa Sa Art Projects

​គាំទ្រ​ដោយ Larry Strange និង​មូលនិធិ Han Nefkens គម្រោង​សិល្បៈស-ស បន្ត​ដើរតួ​យ៉ាងសំខាន់​ក្នុងថែរក្សា​​សិល្បៈ​សហ​សម័យ​ក្នុងប្រទេស​កម្ពុជា ដោយបាន​រួមចំណែក​លើក​តម្កើង​​វប្បធម៌​​សិល្បៈ​កម្ពុជា​​។​

​មូលនិធិ Han Nefkens គឺជា​អង្គការ​ឯកជន​មួយ​​​មិន​ស្វែងរក​ប្រាក់ចំណេញ​ដែល​បាន​បង្កើតឡើង​នៅ​​ទីក្រុង​បា​សេ​ឡូ​ណា​ក្នុង​ឆ្នាំ២០០៩ ដោយ​អ្នកនិពន្ធ​និង​អ្នក​ឧបត្ថម្ភ​ជនជាតិ​ហូ​ឡង់លោក​ Han Nefkens​។​

​ស្នាដៃ​របស់​លោក ទុង នឹងត្រូវ​បានបង្ហាញ​នៅ​ស្ថាប័ន​ដៃគូ​នានា រួមទាំង San Art ប្រទេស​វៀតណាម​​, គម្រោង​សិល្បៈ ស-ស នៅ​កម្ពុជា​មជ្ឈមណ្ឌល​សិល្បៈ Jim Thompson ប្រទេស​ថៃ​ នៅ ​Museion ប្រទេស​អ៊ីតាលី​​សារមន្ទីរ​សិល្បៈ​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង​​ និង​មូល​និធិ​សិល្បៈ Prameya ប្រទេស​ឥណ្ឌា​។​

​កុំ​ខកខាន​ឱកាស​នេះ ដើម្បី​ទទួល​យក​បទពិសោធន៍​នៃ​ពិភព​ដ៏​ស្រស់បំព្រង​នៃស្នាដៃ​សិល្បៈ​ ដែល​បំណែក​នីមួយៗ​ដើរតួ​ជា​ច្រកចូល​ទៅ​កាន់​​អាណាចក្រ​នៃ​ក្តី​សុបិន ការចងចាំ និង​ការឆ្លុះ​បញ្ចាំង​ពី​ជីវិត​​ដ៏​ស្មុគស្មាញ៕ ​