ក្រុងបាងកក: ការព្យាបាលអង់ហ្ស៊ីមដ៏ប្លែករបស់ហាងស្ប៉ា Phrom Pong កំពុងតែពេញនិយមមិនគួរឲ្យជឿ។ នៅទីនោះភ្ញៀវដេកត្រាំអង់ហ្ស៊ីមអង្ករពណ៌ត្នោតក្ដៅឧណ្ហៗជម្រៅ ៩ តឹកក្នុងបាសាំងឈើក្នុងបន្ទប់ក្ដៅ។
ចំពោះអ្នកអត់ដឹង អង់ហ្ស៊ីមអង្ករ គឺជាសារធាតុគីមីបង្កើតឡើងដោយបាក់តេរី។ សារធាតុប្រភេទនេះត្រូវបានលាយជាមួយកន្ទក់ស្ងួតដែលមិនខុសអីពីល្បាយដី និងខ្សាច់។ អ្នកខ្លះជឿថា ប្រសិទ្ធភាពត្រាំអង់ហ្ស៊ីម និងកម្ដៅអាចជួយបង្កើនលទ្ធភាពរំលាយអាហារ ដើម្បីព្យាបាលអាការហេវហត់ និងសម្លាប់កោសិកាមហារីក។
ការស្ប៉ានេះមានដើមកំណើតនៅប្រទេសជប៉ុន ភាគច្រើននៅតំបន់ត្រជាក់នៃកោះហុកកៃដូ និងមានតែមួយកន្លែងគត់នៅទីក្រុងបាងកក។
អំឡុងពេលត្រាំព្យាបាល ១៥ នាទី ដែលបើលើសអាចប្រឈមនឹងកង្វះជាតិទឹកក្នុងខ្លួន អ្នកងូតទឹកអង់ហ្ស៊ីមនេះ ត្រូវបានជឿថា បែកញើសច្រើនស្មើនឹងការរត់ ២ ម៉ោងឯណោះ។
ដើម្បីរក្សាអនាម័យ បុគ្គលិកស្ប៉ាបានដួសល្បាយកន្ទក់ និងអង់ហ្ស៊ីមចេញពីអាង រួចបាញ់កម្ដៅសម្លាប់មេរោគនៅចន្លោះអ្នកចូលត្រាំនីមួយ។ ថ្វីដ្បិតតែការព្យាបាលបែបនេះហាក់ដូចជារាងចម្លែកបន្ដិចមែន តែវាកំពុងពេញនិយមខ្លាំង។ រៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ ព្រឹកដល់ពាក់កណ្ដាលអាធ្រាត្រ ក៏ការព្យាបាលបែបជប៉ុនតម្លៃ ៦០០ បាត (៧៤០០០ រៀល) នេះត្រូវបានកក់ទុកពេញៗតែម្ដង។
ទាំងបន្ទប់ និងអាងត្រាំត្រូវបានដុតកម្ដៅដោយបច្ចេកវិទ្យាអគ្គិសនី។ អាងបាសាំងត្រូវបានរក្សាស៊ីតុណ្ហភាពប្រមាណ ៦០ អង្សាសេតាមរយៈការត្រួតពិនិត្យបរិមាណល្បាយបាក់តេរី។
ពេលងើបចេញពីអាងអង់ហ្ស៊ីម អ្នកនឹងប្រឡាក់ខ្លួន រួមទាំងក្រចកដៃ និងគល់សក់ តែការងូតទឹកជម្រះកាយដាច់ខាតមិនប្រើសាប៊ូឡើយ៕
HR