សមាគមផលិតអំបិលកម្ពុជាបានរំពឹងថា អំបិលកម្ពុជា ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ «GI» នឹងទទួលបានការបញ្ជាទិញកាន់តែច្រើនពីទីផ្សារអន្តរជាតិនៅឆ្នាំនេះ ខណៈដែលសមាគមកំពុងស្វែងរកទីផ្សារថ្មីៗបន្ថែម ស្របពេលដែលការផលិតអំបិលអាចនឹងមានកំណើននៅឆ្នាំនេះ។
លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១២ ខែកុម្ភៈថា ដោយសារតែអាកាសធាតុអំណោយផល បានធ្វើឱ្យការផលិត និងការប្រមូលផលអំបិល ត្រឹមរយៈពេល ៦ សប្តាហ៍ដើមឆ្នាំ ២០២៤ នេះ ទទួលបានបរិមាណជិត ១ ម៉ឺនតោន ខណៈដែលរយៈពេលដូចគ្នានាឆ្នាំមុន បានតិចជាងនេះ។
លោកបានប្រាប់ថា៖ «ខ្ញុំគិតថា ឆ្នាំនេះ យើងនឹងអាចផលិតបានអំបិលចន្លោះពី ៨ ទៅ ១០ ម៉ឺនតោន ដោយសារតែកត្តាអាកាសធាតុ ដោយយើងបានចាប់ផ្តើមប្រមូលផលតាំងពីចុងខែធ្នូ ឆ្នាំ ២០២៣ មកម្ល៉េះ។ ដូច្នេះបើគិតទៅ ការប្រមូលផលគិតមកទល់ថ្ងៃនេះ តាមការប៉ាន់ស្មានបានប្រហែលជិត ១ ម៉ឺនតោន ហើយ ហើយការប្រមូលយើងនឹងធ្វើបន្តបន្ទាប់រហូតដល់ដំណាច់ខែមេសា»។
លោក ប៊ុន ណារិន បានប្រាប់ឱ្យដឹងទៀតថា កន្លងទៅការនាំចេញអំបិល ធ្វើឡើងតាមរយៈការនាំចេញទៅជាមួយម្រេច ដោយនាំចេញតែអំបិល លក្ខណៈដាច់ដោយឡែកនៅមានតិចតួចនៅឡើយ។ នៅក្នុងនោះកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ កម្ពុជាបាននាំចេញទៅបាន១ទូកុងតឺន័រ ដែលស្មើនឹងប្រមាណជាង ១៧ តោន ទៅកាន់ទីផ្សារអឺរ៉ុប ខណៈដែលកន្លងទៅធ្លាប់នាំចេញពីរទៅ៣ដងរួចមកហើយ ក្នុងទំហំតិចតួច។
លោកបានបញ្ជាក់ថា៖ «យើងកំពុងតែគិតគូរជំរុញការនាំចេញបន្ថែមទៀតនៅឆ្នាំ២០២៤ សម្រាប់អំបិលរបស់យើង។
សង្ឃឹមថា យើងនាំចេញបានច្រើន ដោយសារតែខាងបរទេស ជាពិសេសបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងអាស៊ី ដោយសារតែអំបិលបានជាប់ជាអំបិល GI»។
«ថ្ងៃមុន ខាងក្រុមហ៊ុនរបស់កូរ៉េខាងត្បូង បានចុះមកមើលផលិតកម្មអំបិលរបស់យើង ដោយគេមានបំណង ចង់នាំចូលទៅប្រទេសកូរ៉េ សម្រាប់ផលិតគីមឈី។ ចំណែកទីផ្សារចិន ក៏យើងកំពុងទាក់ទង និងក្នុងទីផ្សារក្នុងអាស៊ីមួយចំនួនទៀតផងដែរ»។ លោក ប៊ុន ណារិន បានបញ្ជាក់ប្រាប់បន្ថែម។
បើតាមប្រធាន សមាគមផលិតអំបិលកម្ពុជា អំបិល ដែលបាននាំចេញទៅក្រៅប្រទេសរួមមាន អំបិលម៉ដ្ត,អំបិលក្រួស, ផ្កាអំបិល និងអំបិលស្លឹក។
បែបនេះក្តី លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងដែរថា ការផលិតអំបិលបច្ចុប្បន្ន នៅតែមានបញ្ហាប្រឈមមួយចំនួន ដូចជាឯកសារដីស្រែអំបិលមិនទាន់មានភាពច្បាស់លាស់ និងមិនទាន់មានដៃគូអភិវឌ្ឍន៍ ព្រមទាំងកង្វះខាតកម្លាំងពលកម្ម ខណៈការផលិតនៅធ្វើតាមបែបប្រពៃណីនៅឡើយ ដែលពុំទាន់មានកម្រិតស្តង់ដាត្រឹមត្រូវ។
លោកបានបញ្ជាក់ថា៖ «ក្រសួង និងអ្នកពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យបានរួចរាល់នាពេលខាងមុខ ដ្បិតអំបិល គឺជាមុខទំនិញយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា។ ខ្ញុំជឿជាក់ថា អំបិលកម្ពុជានឹងមានឱកាសកាន់តែល្អ សម្រាប់ទីផ្សារអឺរ៉ុបនាពេលខាងមុខ»។
លោកបានបន្ថែមថា បច្ចេកទេសនៃការផលិត និងការពិនិត្យគុណភាពអំបិល ក៏ជាបញ្ហាប្រឈមសម្រាប់អ្នកផលិតអំបិលនៅកម្ពុជាដែរ ដែលទាមទារឱ្យមានការជួយបណ្តុះបណ្តាល និងបង្កើតកន្លែងពិសោធន៍ឱ្យបានត្រឹមត្រូវ ដើម្បីអាចប្រកួតប្រជែង និងឈានដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
បើយោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាផលិតអំបិលបានជាង ៧,៩ ម៉ឺនតោន និងនៅសល់បន្ទាប់ពីការប្រើប្រាស់រួចចំនួនជាង ១ ម៉ឺន ៧ ពាន់តោន៕