ទោះបី​ជាមាន​ភាពមិនច្បាស់លាស់​ក្នុង​តំបន់ និង​ពិភពលោក​កាលពី​ឆ្នាំមុន​ក៏ដោយ ក៏​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​រាយការណ៍​ពី​ដំណើរការ​អាជីវកម្ម​ដ៏​ល្អ​កាលពី​ឆ្នាំមុន ខណៈដែល​កំពង់ផែ​មួយ​នេះ កំពុង​ពង្រីក​ការវិនិយោគ ដោយសារតែ​ការកើនឡើង​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​។​

​យោងតាម​ឯកសារ​របស់ PAS ផ្ញើ​ទៅ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ប្រាក់ចំណូល​របស់​កំពង់​ផែ គិត​ត្រឹម​ចុងខែ​ធ្នូ ឆ្នាំ​២០២៣​មាន​ជាង ៨៩,២៦៣ លាន​ដុល្លារ​ធៀប​នឹង ៨៤,១៤៧ លាន​ដុល្លារ កើនឡើង​ជាង ៦ ភាគរយ​។​

លោក លូ គឹមឈុន ប្រធាន PAS បានឱ្យដឹងថា កំពង់ផែ​របស់លោក នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រតិបត្តិការ​អាជីវ​កម្ម និង​សេវាកម្ម​របស់ខ្លួន ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ​បំផុត​សម្រាប់​ជា​ប្រយោជន៍​ដល់​ម្ចាស់​ភាគហ៊ុន។​


លោក លូ គីម​ឈន់ បានឱ្យដឹង​នៅក្នុង​ឯកសារ​នេះ​ថា​៖ «PAS បាន​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ដើម្បី​បំពេញតម្រូវការ​អតិថិជន​ដែល​កំពុង​កើនឡើង និង​កំណើនសេដ្ឋកិច្ច​ដែល​កើនឡើង​។ ជាមួយនឹង​ការកើនឡើង​នៃ​បរិមាណ​ទំនិញ និង​កុងតឺន័រ​ឆ្លងកាត់ ក្រុមហ៊ុន​ផែ​បាន​ជួសជុល​កំពង់ផែ​ថ្មី (​សាងសង់​កាលពី​ឆ្នាំ ១៩៦៩ មាន​ប្រវែង ៣៥០ ម៉ែត្រ​) ឱ្យ​ក្លាយជា​ចំណត​ផែ​កុងតឺន័រ​បន្ថែម​ដែលមាន​ប្រវែង ២៥៣ ម៉ែត្រ ដែល​បច្ចុប្បន្ន​មាន​ចំណត​ផែ​២​តែប៉ុណ្ណោះ​»​។​

លោក​បាន​បន្តថា ក្រុមហ៊ុន PAS កំពុង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី (​ដំណាក់កាល​ទី ១) ដែលមាន​ប្រវែង ៣៥០ ម៉ែត្រ គុណ​នឹង ១៤,៥ ម៉ែត្រ រួមទាំង​ការដំឡើង​គ្រឿងចក្រ​លើកដាក់​កុងតឺន័រ​ទំនើប ប្រភេទ (QCs)​ចំនួន ៣ គ្រឿង​, ប្រភេទ RTGs ចំនួន ៩ គ្រឿង​, រថ​លើក​កុងតឺន័រ​ទទេ​ចំនួន ២ គ្រឿង និង​រថយន្ត​កុងតឺន័រ​ធំ​ចំនួន ១៦ គ្រឿង​និង​ប្រព័ន្ធគ្រប់គ្រង​ចំណត​ផែ​កុងតឺន័រ​ស្វ័យប្រវត្តិ​ចំនួន ១ ឈុត​។​


​លោក​លើកឡើងថា​៖ «​ចំណត​ផែ​កុងតឺន័រ​ថ្មី​នេះ​នឹង​អនុញ្ញាតឱ្យ​នាវា​កុងតឺន័រ​ធំ ៗ នៅក្នុង​តំបន់​ចូល​ចត​នៅ​ចំណត​ផែ​កុងតឺន័រ​របស់​ផែ​បាន​។ ការណ៍​នេះ​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នៃ​តម្លៃ​ដឹកជញ្ជូន​តាម​មហាសមុទ្រ​នឹងមាន​តម្លៃ​ដូច​បណ្ដា​ប្រទេសជិតខាង និង​ក្នុង​តំបន់​ដែល​នឹង​រួមចំណែក​ដល់​ការសម្របសម្រួល​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​»​។ 


​លោក​បន្ថែមថា គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៥ ហើយ​សមត្ថភាព​ផ្ទុក​កុងតឺន័រ​នឹង​កើនឡើង​ដល់ ១ ១៥០ ០០០TEUs ក្នុង​រយៈពេល ១​ឆ្នាំ នៅពេលដែល​ចំណត​ផែ​កុងតឺន័រ​ថ្មី​នេះ​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​សម្រាប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ​៕