ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា វិនិយោគិនថៃ គ្រោងនឹងមកកាន់ប្រទេសកម្ពុជា នាដើមខែមីនាខាងមុខនេះ ដើម្បីសិក្សាលើគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណប្រហែល ១ ពាន់លានដុល្លារ ខណៈដែល CDC រំពឹងទុកផងដែរពីកំណើននៃការវិនិយោគរបស់ប្រទេសថៃនៅកម្ពុជានាឆ្នាំនេះ។
នាវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ «កម្ពុជាទំព័រថ្មី | ឱកាសធុរកិច្ច និងការវិនិយោគ» កាលពីរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅរាជធានីបាងកក ប្រទេសថៃ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ក្នុងនាមជាវាគ្មិន ដែលបានចូលរួមនៅក្នុងវេទិកាការទូតសេដ្ឋកិច្ចនេះផងដែរ។
ក្នុងវេទិកានោះលោកបានរំលេចពីបរិយាកាសវិនិយោគដែលមានស្ថិរភាព និងភាពទាក់ទាញខ្ពស់,របបវិនិយោគដែលមានបច្ចុប្បន្នភាព និងមានទំនោរជ្រោមជ្រែងការរីកធំធាត់របស់វិស័យឯកជន, យន្តការផ្តល់កិច្ចសម្រួលវិនិយោគប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងភាពកក់ក្តៅ, កញ្ចប់លើកទឹកចិត្តដែលមានភាពបត់បែន និងសម្របជាមួយនឹងនិន្នាការថ្មីនៃចរន្តសេដ្ឋកិច្ចសកលនិងសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តសម្រាប់វិនិយោគិន។
លោកបានថ្លែងថា៖ «ស្របគ្នាជាមួយនឹងវេទិកានេះ វិនិយោគិនថៃដែលធ្លាប់បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជាថៃកាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះបានបង្ហាញការជឿទុកចិត្តមកសិក្សាបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមម្លប់នៃការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហើយគ្រោងនឹងអញ្ជើញមកទឹកដីកម្ពុជានាដើមខែមីនាខាងមុខដើម្បីសិក្សាលើគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណប្រហែល ១ ពាន់លានដុល្លារ»។
បើតាម CDC មាន ប្រធានបទចំនួន ៤ ដែលប្រតិភូតំណាងប្រទេសកម្ពុជា បានជ្រើសរើសទៅធ្វើបទឧទ្ទេសនាមជូនអង្គវេទិកា ការទូតសេដ្ឋកិច្ច រួមមាន៖ ទី១ «ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស» ធ្វើបទឧទ្ទេសនាមដោយ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រធានបទទី២ «ឱកាសធុរកិច្ចនៅកម្ពុជា» ធ្វើបទឧទ្ទេសនាមដោយ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ចំណែកប្រធានបទទី៣«ធុរកិច្ច និងការវិនិយោគ៖ ហេតុអ្វីវិនិយោគនៅកម្ពុជា?» ធ្វើបទឧទ្ទេសនាមដោយលោក សួន សុផល អគ្គលេខាធិការរង គ.វ.ក. និងប្រធានទី៤ «នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា (DTA)» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ថៃមិនត្រឹមតែជាប្រទេសជិតខាង តែជាដៃគូពាណិជ្ជកម្ម យ៉ាងជិតស្និទ្ធ និងមិនអាចខ្វះបានរបស់កម្ពុជា ខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ក្នុង ១ឆ្នាំៗរាប់ពាន់លានដុល្លារ។
លោកបានបន្ថែមថា នាវេទិកាធុរកិច្ចកម្ពុជា-ថៃ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មថៃ និងគណៈកម្មាធិការពាណិជ្ជកម្មថៃ កាលពីដើមខែកុម្ភៈកន្លងទៅ មានគោលបំណងសំខាន់ណាស់ ជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីកម្ពុជា-ថៃ ជាពិសេសការទាក់ទាញក្រុមហ៊ុនធំៗរបស់ប្រទេសថៃ ឱ្យមកដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការមកវិនិយោគនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ខ្ញុំយល់ថា ទាំងវេទិកាធុរកិច្ចកម្ពុជា-ថៃ និងវេទិកាការទូតសេដ្ឋកិច្ច ដែលមានតំណាងរាជរដ្ឋាភិបាលចូលរួមនៅឯប្រទេសថៃនេះ មានគោលបំណងសំខាន់តែមួយគត់គឺការទាក់ទាញអ្នកវិនិយោគពីថៃមកកម្ពុជាបន្ថែមទៀត។ យើងបានឃើញច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគថ្មីៗ និងថែរក្សា អ្នកវិនិយោគដែលមានស្រាប់ ខណៈដែលវិស័យឯកជនយើង ដែលមានសភាពាណិជ្ជកម្ម ជាតំណាង ក៏បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងដូចគ្នាក្នុងកិច្ចការងារនេះ»។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ នៅក្នុងឆ្នាំ ២០២៣ សម្រេចបានក្នុងទឹកប្រាក់ជាង ៣ ៧១២ លានដុល្លារ ថយចុះ ១៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២។ ដោយឡែកនៅក្នុងខែមករា ឆ្នាំ ២០២៤ នេះវិញ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង២ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៣៤១ លានដុល្លារ កើនឡើង ០,២ ភាគរយ ធៀបខែមករា ឆ្នាំ ២០២៣។
ដោយឡែកចំពោះការវិនិយោគ របស់វិនិយោគិនថៃ មកកាន់កម្ពុជាវិញ បើតាមរបាយការណ៍ស្ថិតិចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីស្ថានភាពវិនិយោគផ្ទាល់បរទេសនៅកម្ពុជាបានបង្ហាញថាគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ការវិនិយោគផ្ទាល់ពីវិនិយោគិនថៃ នៅកម្ពុជា មានទំហំទឹកប្រាក់៧,៨ទ្រីលានដុល្លារ (ជិត២ពាន់លានដុល្លារ) ស្មើនឹងប្រមាណ៤,៥ភាគរយ នៃការវិនិយោគពីបរទេសសរុប ជាប់លំដាប់ថ្នាក់ទី៧ ក្នុងចំណោមប្រទេសចំនួន១០៕