គិតត្រឹមថ្ងៃទី ២៥ មករា កន្លងទៅនេះ តម្លៃប្រេងឆៅបានហក់ឡើងមួយកម្រិតទៀត ដោយសារបញ្ហាចម្រូងចម្រាសជាច្រើន ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក។
ក្នុងនោះ ប្រេងឆៅរបស់អឺរ៉ុប ដែលគេស្គាល់ថាជា Brent បានកើនតម្លៃបន្ថែមចំនួន ២,៣៩ ដុល្លារ ឬ ២,៩៩% ធ្វើឱ្យប្រេងឆៅ Brent បច្ចុប្បន្នមានតម្លៃ ៨២,៤៣ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯប្រេងឆៅរបស់អាមេរិក ដែលគេស្គាល់ថា West Texas Intermediate បានកើនឡើង ២,២៧ ដុល្លារ ឬ ៣,០២% ដែលរុញឱ្យតម្លៃបច្ចុប្បន្នឡើងដល់ ៧៧,៣៦ ដុល្លារ។
ប៉ុន្តែយ៉ាងណា ការកើនឡើងនៃតម្លៃប្រេងនេះ មានមូលហេតុចូលរួមជាច្រើន។ សហរដ្ឋអាមេរិក ដែលជាអ្នកផលិតប្រេងមួយដែរនោះ កំពុងរងឥទ្ធិពលព្យុះទឹកកក ដែលព្យុះនេះបានធ្វើឱ្យប៉ះពាល់ ដល់ផលិតកម្មបូមប្រេងនៅតាមរដ្ឋនីមួយៗ។
តាមរយៈបញ្ហាអាកាសធាតុបែបនេះ ការបូមប្រេងរបស់អាមេរិកបានធ្លាក់ចុះប្រមាណជា ១ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ដែលនាំឱ្យស្តុកប្រេងឆៅរបស់ប្រទេសមហាអំណាចមួយនេះ ធ្លាក់ចុះផងដែរ។
បញ្ហាភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានិងការវាយប្រហារកប៉ាល់ដឹកទំនិញ នៅសមុទ្រក្រហម ក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកទំនិញទូទាំងពិភពលោក ដែលក្នុងនោះក៏មានការដឹកជញ្ជូនប្រេងផង។
មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ អ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើប្រាស់ដ្រូន គ្មានមនុស្សបើកទៅលើទីតាំងស្តុកប្រេងសំខាន់ៗរបស់រុស្ស៊ី។ សកម្មភាពនេះ ត្រូវបានគេជឿថា តិចឬច្រើននឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី។
តម្លៃប្រេងក៏ទំនងនឹងអាចឡើងបន្ថែមទៀត ព្រោះសេដ្ឋកិច្ចចិននាពេលនេះកំពុងតែខិតទៅរកភាពល្អប្រសើរជាបណ្ដើរៗ។ ចិនដែលជាប្រទេសមានតម្រូវការប្រើប្រាស់ប្រេងធំទី២លើពិភពលោក អាចធ្វើឱ្យមានការរង្គោះរង្គើតម្រូវការប្រេងទូទាំងពិភពលោកបាន ប្រសិនបើសេដ្ឋកិច្ចប្រទេសនេះ ត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។
ទាំងអស់នេះហើយដែលធ្វើឱ្យរំខានដល់សង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ប្រេងនៅទូទាំងពិភពលោក ហើយក៏ជាមូលហេតុដែលរុញឱ្យតម្លៃប្រេងឡើងថ្លៃផងដែរ។
បើទោះជាតម្លៃប្រេងមានការកើនឡើងយ៉ាងណាក៏ដោយ សេដ្ឋកិច្ចរបស់អាមេរិក នាត្រីមាសទី៤ នេះ មានកំណើនរហូតដល់ ៣,៣% ហួសពីការព្យាករណ៍របស់កាសែត Wall Street Journalist ដែលថាសេដ្ឋកិច្ចអាមេរិកក្នុងរយៈពេលនោះអាចមានកំណើនត្រឹមតែ ២% ប៉ុណ្ណោះ៕