ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​នាំចេញ​ចេកអំបូង​លឿង​ស្រស់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ជាង ២៣៥ ១៧១ តោន​ ក្នុង​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ ២០២០ កើនឡើង​ជាង ២២៥ ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ ៩ ​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ ​

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការនាំចេញ​ចេកអំបូង​លឿង​របស់​កម្ពុជា​មាន​កំណើន​គួរកត់សម្គាល់​នេះ​គឺ​ចាប់តាំងពី​ប្រទេស​ចិន​ទទួលស្គាល់​ស្តង់ដា​ភូតគាម​អនាម័យ​លើ​ផ្លែ​ចេកស្រស់​របស់​កម្ពុជា​ ដែល​នេះ​ជា​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​ការនាំចេញ​ផលិតផល​នៃ​វិស័យ​កសិឧស្សាហកម្ម​។


លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា​បរិមាណ​នៃ​ការនាំចេញ​ចេកអំបូង​លឿង​នេះ​នឹង​បន្ត​កើនឡើង​ថែមទៀត​នៅពេល​អនាគត ព្រោះ​ការបញ្ជាទិញ​ពី​ប្រទេស​ចិន​កំពុង​កើនឡើង ខណៈ​ក្រុមហ៊ុន​ជាច្រើន​កំពុង​ពង្រីក​ផ្ទៃដី​ដាំដុះ​។ ​ម្យ៉ាងទៀត​គេ​ថា​ផ្លែចេក​ស្រស់​របស់​យើង​មាន​គុណភាព​ល្អ និង​ឈ្ងុយឆ្ងាញ់​»​។

យោងតាម​លោក ងិន ឆាយ គិត​ត្រឹម​ដើមខែ​តុលា​នេះ ក្រុមហ៊ុន​វិនិយោគ​លើ​ដំណាំ​ចេក​បាន​ពង្រីក​ផ្ទៃដី​ដាំដុះ​កើន​ដល់ ៣០ ០០០ ​ហិកតា​ ហើយ​កើន​ពី​ផ្ទៃដី ១០ ០០០ ​ហិកតា​កាលពី​ឆ្នាំមុន​។


លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ព្រហស្បតិ៍​​ថា ការនាំចេញ​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ ៩ ​ខែ​ ដើម​ឆ្នាំនេះ​ ដោយសារ​ចេកអំបូង​លឿង​របស់​កម្ពុជា​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​ប្រទេស​ចិន​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​ចេកអំបូង​លឿង​របស់​យើង​កើនឡើង​ខ្ពស់​នេះ​ដោយសារ​ចេក​យើង​មាន​ស្តង់ដា​អនាម័យ​គោរព​តាម​អ្នកបញ្ជា​ទិញ​នៅ​ប្រទេស​ចិន​»​។

លោក​បន្តថា ប្រទេស​កម្ពុជា​ពិតជា​មាន​សក្តានុពល​ក្នុង​ការពង្រីក​ចង្វាក់​ផលិតកម្ម​ចេកអំបូង​លឿង​បន្ថែមទៀត ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន និង​ទិសដៅ​ទីផ្សារ​ផ្សេងទៀត​។ ការនាំចេញ​ចេកអំបូង​លឿង​របស់​កម្ពុជា​មានការ​កើន​ឡើង​ជា​បន្តបន្ទាប់​ចាប់តាំងពី​ប្រទេស​ចិន​អនុញ្ញាត​ឱ្យ​នាំចេញ​ដោយផ្ទាល់​កាលពី​ឆ្នាំមុន​។

លោក​និយាយថា​៖ «​ការនាំចេញ​របស់​ក្រុមហ៊ុន​ខ្ញុំ​មិន​មាន​ការប្រែប្រួល​ទេ ប៉ុន្តែ​ទិន្នផល​យើង​កើនឡើង​បន្តិច​។ ​យើង​សង្ឃឹមថា ការនាំចេញ​នឹង​បន្ត​កើនឡើង​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយៗ​ទៀត​»​។

ក្រុមហ៊ុន Longmate Agriculture បាន​វិនិយោគ​ទឹកប្រាក់ ៣២ លាន​ដុល្លារ​ លើ​ការដាំ​ចេកអំបូង​លឿង​លើ​ផ្ទៃដី​ជាង ១ ​ពាន់​ហិកតា​ ក្នុង​ស្រុក​ឈូក ខេត្ត​កំពត​។ បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​វិនិយោគ​ក្នុង​ដំណាក់កាល​ទី​១ ដោយ​ដាំចេក​លើ​ផ្ទៃដី​ទំហំ ៤០០ ​ហិកតា​។

ចេកអំបូង​លឿង​ជា​ប្រភេទ​ចេក​ដែលមាន​ភាព​ធន់​ជាមួយ​ការដឹកជញ្ជូន​មិន​ងាយ​ទុំ​ជោរ និង​មាន​សម្បក​ក្រាស់​។ ចេក​ប្រភេទ​នេះ​អាច​ផ្តល់​ផល​ពី ៦០-៧៣ ​តោន​ក្នុង ១ ​ហិកតា​ ក្នុង ១ ​ឆ្នាំ ​ដែល​គេ​អាច​ប្រមូល​ផល ៣ ដង​ក្នុង​រយៈពេល ២ ​ឆ្នាំ​។

សព្វថ្ងៃ​ប្រទេស​ចិន​ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​លើ​ដំណាំ​ចេកអំបូង​លឿង​នៅ​កម្ពុជា​ចំនួន ១៥ មាន​សិទ្ធិ​នាំចេញ​ចេក​ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ចេកអំបូង​លឿង​សរុប​ចំនួន ១៥៧ ៨១២​ តោន ដែល​ជា​មធ្យម​កម្ពុជា​បាន​នាំចេញ​ចេក​ច្រើនជាង ៧៩៥ ​​តោន ​ក្នុង​ ១ ​ថ្ងៃ​។ ចេកអំបូង​លឿង​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ចិន ក្រៅពីនោះ​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម និង​ជប៉ុន​៕