ភ្នំពេញៈ អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (UNIDO) និង​រដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កម្មវិធី​សម្រាប់​ភាព​ជា​ដៃគូ​ប្រទេស (PCP) ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​កសិកម្ម ព្រមទាំង​ជំរុញ​ការធ្វើ​ពិពិធកម្ម និង​នវានុវត្តន៍​ឧស្សាហកម្ម​ផងដែរ​។

លោក LI Yong អគ្គនាយក UNIDO បាន​ចុះហត្ថលេខា​លើ PCP ជាមួយ​លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កាលពី​ថ្ងៃទី​ ១០ ខែធ្នូ តាមរយៈ​វីដេអូ​អនឡាញ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។


កម្មវិធី​នេះ​នឹង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​កសិកម្ម ដែល​រួមមាន​ផលិតផល​ដែល​ជាប់​ទាក់ទង​ទៅនឹង​វិស័យ​ទេសចរណ៍ ហើយ​វា​នឹង​ជំរុញ​ការធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម និង​នវានុវត្តន៍ ដែល​រួមមាន​តាមរយៈ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ​។

ការចុះហត្ថលេខា​លើ PCP នេះ​ត្រូវបាន​អមដោយ​ការដាក់​ឱ្យ​ដំណើរការ​គម្រោង​សំខាន់ៗ​ផ្សេងទៀត រួមទាំង​កម្មវិធី​ស្ដារ​ឡើង​វិញ​ស្បៀងអាហារ​កសិកម្ម និង​សហគ្រាស​ទេសចរណ៍ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម​ចំ​ពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នាពេល​បច្ចុប្បន្ន​។


កម្មវិធី​នេះ​ចាប់ផ្ដើម​ពី​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០២៣ ដែល​បាន​ផ្ដល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ​ (SDC)​។ លោក Markus Buerli នាយក​ទទួលបន្ទុក​ប្រតិបត្តិការ​បាន​តំណាង​នៅក្នុង​ការចុះហត្ថលេខា​លើ​កម្មវិធី​នេះ​។

លោក ចម ប្រសិទ្ធ បាន​កត់សម្គាល់ថា PCP បាន​ដើរតួនាទី​ដ៏សំខាន់​ការគាំទ្រ​ការអនុវត្ត​ឯកសារ​គោលនយោបាយ​ដ៏សំខាន់ និង​ក្នុង​ការសម្រេច​បាន​អាទិភាព​របស់​រាជរដ្ឋាភិបាល ជាពិសេស​ទាក់ទង​នឹង​យុទ្ធសាស្ដ្រ​ស្ដារឡើងវិញ​ជាបន្ទាន់ ដែល​បង្កើតឡើង​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​កូវីដ​ ១៩​។

លោក ចម ប្រសិទ្ធ ថ្លែងថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​យ៉ាងខ្លាំង​ដល់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ម្ចាស់ជំនួយ ដៃគូ និង​វិស័យ​ឯកជន ដែល​ត្រូវ​ចូលរួម​ជា​កម្លាំង​ដើម្បី​បង្កើន​ឥទ្ធិពល​ការអភិវឌ្ឍ​របស់ PCP»​។

លោក​កត់សម្គាល់​ថា​៖ «​ការដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កម្មវិធី PCP គឺ​ទាន់ពេលវេលា និង​ចាំបាច់​ដែល​យើង​ត្រូវតែ​កៀរគរ​ធនធាន​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ និង​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​យើង​»​។

ការចុះហត្ថលេខា​នៃ​កម្មវិធី​សម្រាប់​ភាព​ជា​ដៃគូ​ប្រទេស​ (PCP) គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​នៅ​ក្នុង​ការគាំទ្រ​របស់ UNIDO សម្រាប់​គោលដៅ​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០​។

លោក Li បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​វិស័យ​នានា ជាមួយ​នឹង​សក្ដានុពល​កំណើន​ខ្ពស់ PCP នឹង​ជួយ​ប្រទេស​នេះ​សម្រេចបាន​គោលបំណង​ការធ្វើ​ឧស្សាហូបនីយកម្ម​របស់​ខ្លួន ស្រប​ជាមួយ​នឹង​របៀបវារៈ​ការអភិវឌ្ឍ​ជាតិ​។

លោក Li ថ្លែងថា​៖ «PCP គឺជា​ដៃគូ​ពហុភាគី​ពាក់ព័ន្ធ​ក្នុង​កម្រិត​ប្រទេស​។ អាស្រ័យ​ហេតុនេះ UNIDO នឹង​ចូលរួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​យ៉ាងសកម្ម​នៅក្នុង​ប្រទេស​នេះ​មិន​គ្រាន់តែ​សម្រាប់​ការស្ដារ​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្ពោះ​ទៅ​រក​ការសម្រេច​បាន​នូវ​របៀបវារៈ​ឆ្នាំ​ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង ​SDG»៕ LA