ក្រុងឡុងដ៍ៈ ដោយ​ប្រឈម​នឹង​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​ស្ដុក​លើស​តម្រូវការ​ដែល​ដាក់​សម្ពាធ​លើ​តម្លៃ​ប្រេង ប្រទេស​ជា​សមាជិក​របស់​អង្គការ​ប្រទេស​នាំចេញ​ប្រេងឆៅ​ (OPEC) និង​ប្រទេស​ផលិត​ប្រេង​ដៃគូ​របស់ខ្លួន​រំពឹងថា​នឹង​រក្សា​ការកាត់បន្ថយ​ការផលិត​បន្តទៀត នៅពេល​ពួកគេ​ជួបគ្នា​នៅ​ទីក្រុង​វីយែន​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ។

ការកាត់បន្ថយ​ទិន្នផល​ប្រេងឆៅ​ចំនួន ១,២ ពាន់​លាន​បារ៉ែល​ ក្នុង​ ១ ​ថ្ងៃ​ ពី​កម្រិត​ទិន្នផល​នៅ​ខែតុលា ឆ្នាំ​ ២០១៨ ត្រូវ​បាន​រក្សា​ថេរ​ត្រឹម​កម្រិត​នេះ​កាលពី​ខែធ្នូ​ឆ្នាំមុន និង​ត្រូវបាន​បន្ត​រក្សា​ការកាត់បន្ថយ​ទិន្នផល​ក្នុង​កម្រិត​នេះ​ជា​បន្តទៀត​នៅក្នុង​កិច្ចប្រជុំ​លើក​មុន​របស់ OPEC កាលពី​ខែមិថុនា ឆ្នាំនេះ​។


លោក Tomas Varga អ្នកវិភាគ​នៅ​ក្រុមហ៊ុន PVM បាន​ថ្លែងថា ប្រទេស​ទាំងនេះ បច្ចុប្បន្ន​គ្រោង​នឹង​រក្សា​ប្រសិទ្ធភាព​អនុវត្ត​នេះ​រហូត​ដល់​ខែមីនា ឆ្នាំ​ ២០២០ ហើយ​អាច​ត្រូវ​ពន្យារពេល «​រហូតដល់​ខែមិថុនា ជា​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​កំពូល​នៅពេល​បន្ទាប់​» ។

យោងតាម​លោក Andy Lipow មកពី​សមាគម​ប្រេង Lipow ការកាត់បន្ថយ​នេះ អាច​បន្ត​ធ្វើ​ឡើង​ថែមទៀត «​រហូត​ដល់​ចុង​ឆ្នាំ​ ២០២០»​។


ក្រុមប្រឹក្សា​គណៈកម្មការ​សេដ្ឋកិច្ច​របស់​អង្គការ OPEC ដែល​ជា​សូចនាករ​ដ៏រឹងមាំ​មួយ​នៃ​ទិសដៅ​របស់​អង្គការ​នេះ​បាន​ឲ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា ការរក្សា​កាត់បន្ថយ​ដល់​ឆ្នាំ​ ២០២០ នឹង​នាំ​ឲ្យ​ទីផ្សារ «​មាន​តុល្យភាព​»​។

ប្រទេស​ជា​សមាជិក​របស់​អង្គការ OPEC អាច​ត្រូវបាន​ទាក់ទាញ​ឲ្យ​ដើរ​លើផ្លូវ​ដ៏ប្រុងប្រយ័ត្ន​មួយ ដោយសារ​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​។

សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កំពុង​បង្ក​ផលប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​ដែល​ជា​ធម្មតា ចិន​គឺជា​ប្រទេស​ប្រើប្រាស់​ប្រេង​ច្រើន ខណៈ​ដែល​សេដ្ឋកិច្ច​អឺរ៉ុប​បច្ចុប្បន្ន​ក៏កំពុង​ស្ថិតនៅ​ទ្រឹង​ផងដែរ​។

លើសពីនេះ ទិន្នផល​របស់​ប្រទេស​ផលិត​ប្រេង​ដែល​មិនមែន​ជា​សមាជិក​របស់​អង្គការ OPEC កំពុង​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន ពោល​គឺ​អាមេរិក​គឺជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ធំជាងគេ​របស់​ពិភពលោក​ចាប់តាំងពី​ឆ្នាំ​ ២០១៨ ប្រទេស​ប្រេស៊ីល និង​កាណាដា​ក៏​បាន​បង្កើន​ទិន្នផល និង​ប្រទេស​ផ្សេងទៀត​ដូចជា ប្រទេស​ន័រវែស កំពុង​រៀបចំ​ផែនការ​ក្នុង​ការធ្វើ​ដូច្នេះ​ផងដែរ​។

យោង​តាម​ការប៉ាន់ប្រមាណ​ជា​ផ្លូវការ​ចុងក្រោយ​បំផុត​ពី​សហរដ្ឋអាមេរិក ស្ដុក​ក្នុងស្រុក​សរុប​របស់​អាមេរិក​នៅពេល​នេះ​មាន​ចំនួន​ដ៏ច្រើន​ដល់​ ៤៥២ ​លាន​បារ៉ែល​។

ក្រុមអ្នកវិភាគ​បាន​ឲ្យ​ដឹងថា ដោយ​រាប់បញ្ចូល​គ្នា កតា្ត​ទាំងនេះ​នឹង​ទុក​ឱកាស​តិចតួច​ដល់​អង្គការ OPEC សម្រាប់​ការបង្កើត​យុទ្ធសាស្ត្រ​ណាមួយ ប្រសិន​បើ​អង្គការ​នេះ​ចង់​បំពេញ​គោលបំណង​របស់ខ្លួន​ដែល​បាន​បញ្ជាក់ថា នឹង​ទទួល​បាន «​តម្លៃ​ប្រកបដោយ​ស្មើភាព និង​ស្ថិរភាព​សម្រាប់​ក្រុម​ប្រទេស​ផលិត​ប្រេង​»​។

តម្លៃ​ប្រេង​មាន​ស្ថិរភាព​ចាប់តាំងពី​កិច្ចប្រជុំ​ចុងក្រោយ​របស់​អង្គការ OPEC ដោយ​ប្រេងឆៅ​ប្រភេទ Brent មាន​តម្លៃ​ប្រហែល ៦០ ​ដុល្លារ ក្នុង ១ ​បារ៉ែល លើកលែង​តែ​ការឡើង​ថ្លៃ​នៅក្នុង​ខែកញ្ញា ដោយសារ​ការវាយប្រហារ​លើ​ទីតាំង​ផលិត​ប្រេង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ប្រេង​ឆៅ​ WTI ថ្លៃ​ប្រហែល​ ៥៥ ​ដុល្លារ​៕ LA