ខេត្តព្រះសីហនុៈ ការងារកែលម្អព្រលានយន្តហោះអន្តរជាតិព្រះសីហនុ ជាមួយនឹងការពង្រីកផ្លូវរត់ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់ខ្លួនទទួលការមកដល់របស់អ្នកដំណើររំពឹងថា នឹងបញ្ចប់នៅឆ្នាំនេះ។
លោក ខែក នរិន្ទដា នាយកទំនាក់ទំនងទូរគមនាគមន៍ និងទំនាក់ទំនងសាធារណៈនៅក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរបានឲ្យដឹងកាលពីថ្ងៃពុធថា ការងារលើការបន្តការកែលម្អពេញលេញនៃផ្លូវរត់របស់ព្រលានយន្តហោះកំពុងដំណើរការស្របតាមការគ្រោងទុក។
លោកបន្តថា៖ «ការកែលម្អត្រូវរំពឹងថានឹងត្រូវបញ្ចប់ត្រឹមពាក់កណ្ដាលខែកក្កដា ឆ្នាំ ២០២០»។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ SSCA បានដឹកនាំកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយលោក Alain Brun អគ្គនាយកក្រុមហ៊ុន Cambodia Airports ដែលផ្ដោតលើការបង្កើនល្បឿនគម្រោងព្រលានយន្តហោះអន្តរជាតិព្រះសីហនុ។
លោកបន្តថា៖ «ផ្លូវរត់របស់ព្រលានយន្តហោះនេះកំពុងពង្រីកពី ២៥០០ ម៉ែត្រដល់ ៣៣០០ ម៉ែត្រ និងអគារចាស់ៗមួយចំនួនដែលក្រុមហ៊ុននេះនឹងកែលម្អជាចំណតអ្នកដំណើរ»។
លោកបញ្ជាក់ថា៖ «នៅដំណាក់កាលដំបូងសម្រាប់ផែនការឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ដើម្បីស្វាគមន៍អ្នកដំណើរ ៣,៦ លាននាក់ និងដំណាក់កាលទី ២ ដើម្បីទទួលអ្នកដំណើរ ៥ លាននាក់ត្រឹមឆ្នាំ ២០៤០។
លោកបានលើកឡើងថា៖ «ព្រលានយន្តហោះនេះមានសមត្ថភាពទទួលយន្តហោះចុះចតចំនួន ១៣ គ្រឿងនៅក្នុងដំណាក់កាលទី ១ និងទទួលយន្តហោះឲ្យចុះចត ១៩ គ្រឿងនៅក្នុងដំណាក់កាលទី ២»។
កាលពីឆ្នាំមុនភ្ញៀវទេសចរអន្តរជាតិជាង ៤,៤ លាននាក់បានមកទស្សនាកម្ពុជាតាមផ្លូវអាកាសក្នុងចំណោមនោះព្រលានយន្តហោះក្រុងព្រះសីហនុកើនឡើងពី ១៨៥ ភាគរយដល់ ៦៦៦ ៧២៣ នាក់។
តួលេខរបស់ក្រុមហ៊ុន Cambodia Airports បានបង្ហាញថា មានការធ្វើចរាចរយន្តហោះសរុប ១០៤ ៨០៥ គ្រឿងដែលហោះឡើង និងការចុះចតនៅក្នុងព្រលានយន្តហោះទាំង ៣ កាលពីឆ្នាំ ២០១៨។ ក្នុងចំណោមនោះព្រលានយន្តហោះអន្តរជាតិភ្នំពេញទទួលបានការហោះឡើង និងចុះចត ចំនួន ៥២ ២១៧ លើក សៀមរាប ៤៤ ៣១៤ លើក និងក្រុងព្រះសីហនុ ៨២៧៤ លើក៕LA