ភ្នំពេញ៖ ប្រាក់​ចំណូល​សរុប​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX)បាន​កើន​ប្រមាណ ២ ភាគរយ នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ ២០២០។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់ PPAP។

របាយការណ៍​មិន​បាន​ធ្វើ​សវនកម្ម ដែល PPAP ផ្ញើ​ទៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​ឱ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រក​ចំណូល​សរុប​បាន ៧ ៧៧០ ៧៤២ ដុល្លារ កើន​ពី​ចំនួន ៧ ៦០៣ ៨៧៧ ដុល្លារ ឬ​ស្មើ​នឹង​កំណើន ២ ភាគរយ​ធៀប​ទៅ​ត្រីមាសទី១ ឆ្នាំ ២០២០។


របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា កំណើន ២ ភាគរយ​នេះ គឺ​បាន​មក​ពី​ការ​រួម​ចំណែក​យ៉ាង​ច្រើន​ពី​ចំណូល​ពី​ប្រតិបត្តិការ​ផែ (Port Operation) ដែល​មាន​ចំនួន ៦ ២០២ ៧៩៦ ដុល្លារ កើន​ឡើង ៨ ភាគរយ​ពី​ចំនួន ៥ ៧៣៥ ៥៣៩ ដុល្លារ កាល​ពី​ត្រីមាស​ទី១ ឆ្នាំ ២០២០។

ចំណែក​ចំណូល​​ពីប្រភព​ផ្សេង​ទៀត​បាន​ធ្លាក់​ចុះ​ទាំង​អស់ ដូចជា ចំណូល​ពី​អាជ្ញាធរ​ផែ (Port Authority) មាន​ចំនួន ៨៨៤ ៨៨៦ ដុល្លារ ធ្លាក់ចុះ ២២ ភាគរយ ពី​ចំនួន ១ ១២៧ ៩៦៣ ដុល្លារ ចំណូល​ពី​សេវាកម្ម​ផ្សេងៗ (Other Services) មាន​ចំនួន ៧៧ ៥៥០ ដុល្លារ ធ្លាក់​ចុះ ៣៨ ភាគរយ ពី​ចំនួន ១២៥ ៦៧៩ ដុល្លារ និង​ចំណូល​ផ្សេងៗ (Other Income) មាន​ចំនួន ៦០៥ ៥១០ ដុល្លារ ធ្លាក់​ចុះ ១ ភាគរយ ពី​ចំនួន ៦១៤ ៦៩៦ ដុល្លារ។


លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នា​ថ្ងៃ​ចន្ទ​នេះ​ថា ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ ១៩ មក ការ​ដឹក​ជញ្ជូន​លើ​គ្រប់​មធ្យោបាយ គឺ​មិន​មាន​ភាព​រស់រវើក​ដូច​មុន​ទេ។ ការ​រក្សា​បាន​នូវ​ភាព​វិជ្ជមាន​ទោះ​ក្នុង​កម្រិត​ទាប ក៏​ជា​រឿង​ល្អ​ផង​ដែរ​នៅ​ក្នុង​ដំណាក់កាល​នេះ។

លោក​ថ្លែង​ថា៖​«ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើ​ឱ្យ​​ផល​ប៉ះពាល់​យ៉ាង​ច្រើន​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ទំនិញ»។

បច្ចុប្បន្ន​មាន​ទំនិញ​ប្រមាណ​តែ ២០ ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​នាំចេញ និង​នាំចូល​ទៅ​ទីផ្សារ​អន្តរជាតិ​ដោយ​ឆ្លង​កាត់​តាម​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ខណៈ​ភាគ​ច្រើន​ធ្វើ​ឡើង​តាមរយៈ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ នេះ​បើ​យោង​តាម​លោក ចន្ធី។

ខណៈ​បច្ចុប្បន្ន​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​ធ្វើ​ឱ្យ​ដំណើរការ​រោងចក្រ​សហគ្រាស​មួយ​ចំនួន​ផ្អាក​សកម្មភាព លោក ចន្ធី បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​នឹង​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង បើ​សិន​ព្រឹត្តិការណ៍​នេះ នៅ​អូស​បន្លាយ​ពេល​កាន់​តែ​យូរ។

ទោះ​យ៉ាង​ណា លោក​អះអាង​ថា ជាមួយ​នឹង​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល លោក​រំពឹង​ថា អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ៕