ភ្នំពេញៈ ​ក្រសួង​កសិ​កម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​ក្រុម​ហ៊ុន​ចិន ហ្គ្រីន​លីដឌ័​រកម្ពុជា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពង្រឹង​ការ​អនុវត្ត​ផែន​ការ​សកម្ម​ភាព​នៃ​គម្រោង​អភិវឌ្ឍ​វិស័យ​ផលិត​កម្ម​ដំឡូង​មី​នៅ​កម្ពុជា ​ដែល​នឹង​គ្រោង​ធ្វើ​ការ​ដាំ​ដុះ​លើ​ផ្ទៃ​ដី​គំរូ​ជិត​ពីរ​ម៉ឺន​ហិកតា​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​កសិកម្ម។​

MOU ​មាន​គោល​ដៅ​អនុវត្ត​នៅ​ក្នុង​ខេត្ត ​ដែល​មាន​សក្តា​នុពល ​ដូច​ជា​ខេត្តពោធិ៍សាត់ ​បាត់​ដំបង ​ប៉ៃលិន ​ខេត្ត​កំពង់​ចាម​ ក្រចេះ ​និង​ខេត្តត្បូង​ឃ្មុំ។​


លោក ​Zhan ​Sanhuo ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុម​ហ៊ុន​បាន​បញ្ជា​ក់ថា​នៅ​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​ដែល​មាន​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ជា​អធិបតី​ថា​ ក្រុម​ហ៊ុន​នឹង​អនុវ​ត្តកិច្ច​សន្យាក​សិកម្ម ​(contract farming) ​ជា​មួយ​ដៃ​គូ​អ្នក​ផលិត​ ឬ​កសិករ​តាម​រយៈ​ការ​ផ្តល់​ទុន ​ពូជ ​ជី ​និង​បច្ចេក​ទេស​ដាំ​ដុះ ​រួច​ប្រមូល​ទិញ​មក​វិ​ញ​នូវ​ផលិត​ផល​ក្នុង​តម្លៃ​ឯក​ភាព​តាម​ខ្លឹម​សារ​នៃ​កិច្ច​សន្យា​។

លោក​បាន​បន្ត​ទៀត​ថា​ ក្នុង​រយៈ​ពេល ​៣ ​ឆ្នាំ​បន្ទាប់​ពី​គម្រោង​ចាប់​ផ្តើម ​ក្រុម​ហ៊ុន​នឹង​ធ្វើ​ការ​សាង​សង់​រោច​ក្រកែ​ច្នៃ​ផង​ដែរ​ដោយ​​សន្យា​ប្រមូល​ទិញ​ផលិត​ផល​ដំឡូង​មី​ពី​កសិករ ​នឹង​អាច​កាត់​បន្ថយ​ការ​ហូរ​ចេញ​ដំឡូង​មី​ស្រស់​ទៅ​កាន់​ប្រទេស​ជិត​ខាង​៕