ភ្នំពេញ: ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានលុបអាជ្ញាប័ណ្ណសេវាកម្ម ៣ របស់ក្រុមហ៊ុន ឈួន វៃ (ខេមបូឌា) (Chuan Wei (Cambodia)) ដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងបានដំណើរការចាប់តាំងពីឆ្នាំ ២០០៨ ដោយអះអាងថា ក្រុមហ៊ុននេះពុំបានអនុវត្តតាមច្បាប់ និងគោរពតាមលក្ខខណ្ឌអាជ្ញាប័ណ្ណ។
ក្នុងរយៈពេលប្រមាណ ២ ខែចុងក្រោយនេះ MPTC បានលុបអាជ្ញាប័ណ្ណពីក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាយ៉ាងហោច ១៨ ដោយអះអាងថា ពួកគេបរាជ័យក្នុងការអនុវត្តត្រឹមត្រូវតាមច្បាប់ជាធរមាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនេះដែលចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា អាជ្ញាប័ណ្ណដែលត្រូវបានលុបទាំង ៣ នេះរួមមាន អាជ្ញាប័ណ្ណសេវាបណ្តាញសេវាសំឡេងតាមរយៈពិធីការអ៊ីនធឺណិត អាជ្ញាប័ណ្ណសេវាទូរស័ព្ទចល័ត 4G និង អាជ្ញាប័ណ្ណសេវាបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ។
ក្រសួងបានឱ្យដឹងថា ខ្លួននៅរក្សាទុកអាជ្ញាប័ណ្ណសេវាអ៊ីនធឺណិត (ISP) ឱ្យក្រុមហ៊ុននេះបន្តអាជីវកម្មដដែល ប្រសិនបើក្រុមហ៊ុននេះសងបំណុលដែលជំពាក់រដ្ឋ។
ទោះយ៉ាងណាក្រសួងមិនបានបញ្ចេញចំនួនទឹកប្រាក់ដែលក្រុមហ៊ុននេះជំពាក់រដ្ឋនោះទេ ហើយក៏បានព្រមានលុបអាជ្ញាប័ណ្ណពីក្រុមហ៊ុនដទៃផ្សេងទៀតក្នុងករណីមិនសងបំណុលជំពាក់រដ្ឋ។
MPTC បញ្ជាក់៖ «ក្រសួងនឹងបន្តចាត់វិធានការលុបអាជ្ញាប័ណ្ណនៃប្រតិបត្តិករទូរគមនាមន៍ទាំងឡាយដែលគេចវេះមិនអនុវត្តតាមច្បាប់ និងមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ ដូចជា មិនមានប្រតិបត្តិការមិនបានធ្វើស្វ័យប្រកាសបង់ចំណូលត្រឹមត្រូវ មិនផ្តល់ឯកសារហិរញ្ញវត្ថុ និងបច្ចេកទេសគ្រប់គ្រាន់ មិនសងបំណុល ឬមិនបង់ចំណូលជូនរដ្ឋ ជាដើម»។
ក្រុមហ៊ុន ឈួន វៃ (ខេមបូឌា) ចូលជាសមាជិករបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និងជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា (CCC) នឹងបានបង្កើតឡើងនៅឆ្នាំ ២០០៨ ដែលគ្រប់គ្រងដោយអ្នកវិនិយោគសញ្ជាតិកម្ពុជា។
កាលពីថ្ងៃទី ២១ តុលា ឆ្នាំនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចលុប និងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការផ្តល់សេវាទូរស័ព្ទចល័ត អាជ្ញាប័ណ្ណសម្រាប់ផ្តល់សេវាអ៊ីនធឺណិត (ISP) និង ហ្វ្រេកង់សម្រាប់ដំណើរការ Broadband Wireless Access (BWA) ដោយមានមូលហេតុដូចការលុបអាជ្ញាប័ណ្ណដែលបានធ្វើឡើងលើកចុងក្រោយនេះដែរ។
ជាមួយគ្នានេះ MPTC ក៏បានលុប និងព្យួរអាជ្ញាប័ណ្ណសម្រាប់ផ្តល់សេវាសំឡេងតាមរយៈពិធីការអ៊ីនធឺណិត (VoIP) និងអាជ្ញាប័ណ្ណសម្រាប់ប្រព័ន្ធបណ្តាញ និងសេវាកំណត់ទីតាំង និងតម្រង់ទិសតាមផ្កាយរណបផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ MPTC។
កាលពីខែតុលាឆ្នាំនេះ អ្នកនាំពាក្យនិយតករទូរគមនាគមន៍កម្ពុជា (TRC) ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រតិបត្តិករទាំងអស់គឺមានកាតព្វកិច្ចស្វ័យប្រកាសបង់ចំណូលពន្ធជូនរដ្ឋដែលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។
ក្រុមហ៊ុនជាច្រើនបានចាប់យកឱកាសពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជាក្នុង ១ ទសវត្សរ៍ចុងក្រោយនេះចាប់តាំងពីសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ និងការកើនឡើងនៃអ្នកប្រើប្រាស់ ប៉ុន្តែពួកគេក៏រងការប្រកួតប្រជែងដ៏ខ្លាំងក្នុងអំឡុងពេលនេះ។
បើតាម TRC បច្ចុប្បន្ន សេវាទូរស័ព្ទចល័ត និងអ៊ីនធឺណិតបណ្តាញ 4G របស់កម្ពុជាបានគ្របដណ្តប់លើផ្ទៃប្រទេសចំនួន ៥៣ ភាគរយ នៃអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ១៥ លាននាក់ ខណៈកម្ពុជាមានបណ្តាញខ្សែកាប្លិ៍អុកទិកមេប្រវែងជាង ៤៤ ២៥១ គីឡូម៉ែត្រ៕LA