ក្រុងឆាងឈុនៈ កិច្ចប្រជុំ​កំពូល​សហគ្រាស​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង​លើក​ទី ១ ដែល​បានរៀបចំ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​បាន​ទាក់ទាញ​សហគ្រាស​ជាង ២៤០ មកពី​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ឧស្សាហកម្ម 5G​។

ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៃ​ពិព័រណ៍​អាស៊ី​ឦសាន​ចិន​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​ឆាង​ឈុន​នៃ​ខេត្ត​ជីលីន ប្រទេស​ចិន កិច្ចប្រជុំ​កំពូល​នេះ​បាន​ផ្តោត​លើ​ឱកាស​នានា​ក្នុង​សករាជ 5G សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​។


វាគ្មិន​កិត្តិយស​មកពី​ប្រទេស​ទាំង ៣ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ពិភាក្សា​អំពី​របៀប​ដែល 5G នឹង​ផ្តល់​អំណាច​ដល់​ឧស្សាហកម្ម បច្ចុប្បន្ន​និង​អនាគត​នៃ​ឧស្សាហកម្ម​វៃឆ្លាត​របស់​ជប៉ុន កិច្ចសហប្រតិបត្តិការ​រវាង​ចិន-កូរ៉េ ស្តីពី​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​។ សហគ្រាស​ដែល​ចូលរួម​ក៏​បាន​រៀបចំ​ការពិភាក្សា​ពី​ធុរកិច្ច​ផងដែរ​។

លោក Zhu Tianshu អភិបាលរង​ខេត្ត​ជីលីន​បាន​ថ្លែងថា ខេត្ត​ជីលីន​នឹង​ផ្តល់​ការគាំទ្រ​ពេញលេញ​ដល់​សហគ្រាស​របស់​ប្រទេស​ទាំង​ ៣ តាមរយៈ​ការសាងសង់​រួមគ្នា​នូវ​សួន​ឧស្សាហកម្ម​រួម​គ្នា​រុករក​ទីផ្សារ​ពិភពលោក លើក​កម្ពស់​សេវា​ហិរញ្ញវត្ថុ ពង្រឹង​ការការពារ​កម្មសិទ្ធិបញ្ញា និង​ពង្រឹង​ការបណ្តុះបណ្តាល​អ្នក​ដែល​មាន​ទេពកោសល្យ​។


លោក Han Mei អគ្គលេខាធិការរង​នៃ​លេខាធិការដ្ឋាន​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​បាន​ថ្លែង​ថា ឆ្នាំនេះ​ជា​ខួប​លើក​ទី​ ២០ នៃ​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​រវាង​ប្រទេស​ទាំង ៣​។ លោក​បន្ថែម​ថា​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​បច្ចេកវិទ្យា​ប្រទេស​ទាំង​ ៣ ត្រូវបាន​រំពឹងថា​នឹង​ពង្រឹង​ការអនុវត្ត​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&-D) និង​បច្ចេកវិទ្យា 5G ស្ថិតក្រោម​កិច្ចសហប្រតិបត្តិការ​ពហុភាគី​៕ P.Daily/KC