ភ្នំពេញៈ ប្រទេស​ចិន​ បាន​អនុញ្ញាត​ក្រុមហ៊ុន​វិនិយោគ​លើ​ដំណាំ​ចេក​អំបូង​លឿង​នៅ​កម្ពុជា​ចំនួន​ ៥ ថ្មី​បន្ថែមទៀត​មាន​សិទ្ធិ​នាំចេញ​ចេក​ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​របស់​ខ្លួន​។

អ្នក​នៅក្នុង​វិស័យ​នេះ​មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​ចេកអំបូង​លឿង​របស់​កម្ពុជា​នឹង​កើនឡើង​ទ្វេដង​នៅ​ឆ្នាំ​ ២០២០ នេះ​។


យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​គយ​ប្រទេស​ចិន​កាលពី​ថ្មីៗ​នេះ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង​ក្រុមហ៊ុន ៤ ទៀត​ទទួល​បាន​សិទ្ធិ​ជា​ផ្លូវ​ការនាំ​ចេកអំបូង​លឿង​ទៅកាន់​ទីផ្សារ​ចិន​ជា​លើក​ទី​ ៤ នេះ​។

ទំព័រ​ហ្វេសប៊ុក​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀតថា ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ៥ ​ទៀត​នេះ​បាន​នាំ​ឲ្យ​ក្រុមហ៊ុន​កើន​ដល់​ចំនួន​ ១៥ ដែល​មាន​សិទ្ធិ​នាំចេញ​ចេកអំបូង​លឿង​ទៅ​ប្រទេស​ចិន​។


ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​ចិន​បន្តថា​៖ «​ចម្ការចេក​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ចុះឈ្មោះ​ទាំងនេះ​មាន​ផ្ទៃដី​ដាំដុះ​ជាង ៨ ០០០ ​ហិកតា និង​រោងចក្រ​វេចខ្ចប់​ចំនួន ២១ ​កន្លែង​​ ដែល​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​កែច្នៃ​ផលិតកម្ម និង​ការប្រកួតប្រជែង​របស់​កម្ពុជា​»​។

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co., Ltd ដែល​វិនិយោគ​លើ​ចម្ការចេក​ទំហំ ១ ០០០ ​ហិកតា​ នៅក្នុង​ខេត្ត​កំពត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​កាន់តែ​ច្រើន​នាំចេញ​ចេកអំបូង​លឿង​ពី​កម្ពុជា​នឹង​ជួយ​ជំរុញ និង​ទាក់ទាញ​ឲ្យ​មាន​ការវិនិយោគ​លើ​ដំណាំ​ចេក​កាន់តែ​ច្រើន​ឡើង​នៅ​កម្ពុជា​។

លោក​បន្តថា ប្រទេស​ចិន​មាន​តម្រូវការ​ទីផ្សារ​ចេក​ប្រមាណ ១២ លាន​តោន​ក្នុង ១ ​ឆ្នាំ​។ លោក​ថ្លែងថា​៖ «​ការនាំចេញ​ចេកអំបូង​លឿង​របស់​កម្ពុជា​កាន់តែ​ច្រើន​ទៅ​ទីផ្សារ​ចិន ហើយ​ការវិនិយោគ​លើ​ដំណាំ​ចេក​នឹង​កើនឡើង ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​»​។

លោក​មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​ចេកអំបូង​លឿង​របស់​កម្ពុជា​នឹង​កើនឡើង​ទ្វេដង​នៅ​ឆ្នាំ​ ២០២០ នេះ​។ ការនាំចេញ​ចេកអំបូង​លឿង​របស់​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ សម្រេច​បាន​ជាង ១៥ ​ម៉ឺន​តោន​។

លោក​និយាយ​ថា​៖ «​ការនាំចេញ​ចេក​របស់​យើង​ប្រហែល​កើនឡើង​ទ្វេដង អាច​ចន្លោះ​ពី​ ២៥ ទៅ​ ៣០ ​ម៉ឺន​តោន​នៅ​ឆ្នាំនេះ មូលហេតុ​មកពី​ការវិនិយោគ​លើ​ដំណាំ​ចេក​បាន​កើនឡើង អ៊ីចឹង​ទិន្នផល​ក៏​កើន​ដែរ​»​។

លោកស្រី ហេង ដាវី ប្រធាន​ក្រុមហ៊ុន Long Sreng Hua Jian Agriculture Development Co.,Ltd ដែល​មាន​ផ្ទៃដី​ប្រមូល​ផល​ចេកអំបូង​លឿង​ប្រមាណ ២០០ ​ហិកតា​នៅ​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា ដោយ​តម្រូវការ​ចេកអំបូង​លឿង​ខ្ពស់​នៅ​ទីផ្សារ​របស់​ប្រទេស​ចិន ក្រុមហ៊ុន​លោកស្រី​គ្រោង​នឹង​ពង្រីក​ផ្ទៃដី​ដាំដុះ​ឲ្យ​កាន់តែ​ធំ​បន្ថែមទៀត​។

លោកស្រី​ថ្លែងថា​៖ «​បច្ចុប្បន្ន​ការផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ទៅ​ប្រទេស​ចិន​គឺ មិន​ទាន់​ឆ្លើយតប​នឹង​បរិមាណ​នៃ​ការបញ្ជា​ទិញ​នោះទេ​»​។

ការនាំចេញ​ចេកអំបូង​លឿង​ស្រស់​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​គិត​ចាប់ពី​ដើមឆ្នាំ​ ២០២០ រហូត​មក​ដល់​ថ្ងៃទី​ ៨ ខែ​កក្កដា សម្រេច​បាន ១៤៧ ៧៦០ តោន​​ កើនឡើង​ជាង ១៥០ ​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក សាខុន ថ្លែង​ថា​៖ «​គុណភាព​ចេកអំបូង​លឿង​កម្ពុជា និង​ទំនាក់ទំនង​ល្អ​ផ្នែក​ពាណិជ្ជកម្ម​បាន​ធ្វើឲ្យ​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង​ជា​លំដាប់ ពិសេស​ក្នុង​ឆ្នាំ​ ២០២០ នេះ​»៕LA