ភ្នំពេញៈ ក្រុមហ៊ុន​ថាមពល B Grimm Solar Power 1 ដែលជា​បុត្រសម្ព័ន្ធ​របស់ B Grimm Power Plc មាន​មូលដ្ឋាន​នៅ​ថៃ​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​-លក់​ជាមួយ​ក្រុមហ៊ុន Ray Power លើ​គម្រោង​ដំឡើង​បន្ទះ​ថាមពល​សូឡា​ ៣០ មេហ្គាវ៉ាត់​នៅ​ខេត្ត​បន្ទាយមានជ័យ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៤ មករា​។

នៅក្នុង​ឯកសារ​ដែល​បាន​ដាក់​ផ្សារហ៊ុន​របស់​ប្រទេស​ ថៃ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​អនុម័ត​ដោយ​អាជ្ញាធរ​កម្ពុជា​។ ឯកសារ​បាន​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​ចង់​ធ្វើ​បច្ចុប្បន្នភាព​ដំណើរការ​កិច្ចព្រមព្រៀង​នេះ​ដែល​ការទិញ​លក់​ភាគហ៊ុន​ត្រូវបាន​បញ្ចប់​ជា​ផ្លូវការ និង​ត្រូវបាន​យល់ព្រម​ពី​អាជ្ញាធរ​រួចរាល់​ហើយ​»​។


ក្នុង​ឯកសារ​ដាក់​ទៅ​ផ្សារហ៊ុន​កាលពី​ខែ​វិច្ឆិកា ក្រុមហ៊ុន B.Grimm Solar Power បាន​ប្រកាស​ថា ក្រុមហ៊ុន​បាន​ចូលទៅក្នុង​កិច្ចព្រមព្រៀង​ទិញ-លក់​ជាមួយ Ray Power ​ជាមួយ​នឹង​តម្លៃ ៣០ ​ម៉ឺន​ដុល្លារ​។

លោក វ៉ិចទ័រ ហ្សូនា អ្នក​នាំពាក្យ និង​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​ថាមពល​នៅ​ក្រសួង​រ៉ែ និង​ថាមពល​ធ្លាប់​បាន​លើកឡើង​ថា ការដំឡើង​បន្ទះ​ថាមពល​សូឡា​ត្រូវ​បាន​សាងសង់​ឡើងលើ​ផ្ទៃដី​ ៤០ ​ហិកតា​ នៅក្នុង​ក្រុង​សិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ​។


កម្ពុជា​បានអនុម័ត​គម្រោង​ថាមពល​សូឡា​ដែល​មាន​សមត្ថភាព ៤១០ មេហ្គាវ៉ាត់ ហើយ​ក្រុមហ៊ុន​នេះ​នឹង​ពិភាក្សា​លម្អិត​ពី​តម្លៃ​លក់​ជាមួយ​អគ្គិសនី​កម្ពុជា​ (EdC)​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​។

សេចក្តី​រាយការណ៍​លើក​មុន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន B Grimm Power អភិវឌ្ឍ​គម្រោង​ថាមពល​សូឡា​ដែល​មាន​រយៈពេល ២០ ​ឆ្នាំ ​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ EdC​។

ក្រុមហ៊ុន B Grimm Power Plc បាន​ចំណាយ​ថវិកា​ជាង​ ១,២៦ ពាន់​លាន​ដុល្លារ ​វិនិយោគ​គម្រោង​ថាមពល​របស់ខ្លួន​ដែល​នឹង​សម្រេច​គោលដៅ​ឲ្យ​បាន ៥ ០០០ មេហ្គាវ៉ាត់ ​ត្រឹម​ឆ្នាំ​ ២០២២ ដែល​ក្រុមហ៊ុន​បាន​ផ្តោតលើ​ការអភិវឌ្ឍ​ថាមពល​បៃតង់ ដូចជា ថាមពល​សូឡា ថាមពលខ្យល់ និង​គម្រោង​វារីអគ្គិសនី​ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី ដូចជា ម៉ាឡេស៊ី កម្ពុជា កូរ៉េខាងត្បូង និង​ហ្វីលីពីន​៕