ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Hong Lai Huat Group Ltd និង​ក្រុមហ៊ុន China Machinery Engineering Corp (CMEC) បាន​សហការគ្នា​ ដើម្បី​សម្រេចបាន​គម្រោង​បន្ទះ​សូឡា ២០០ មេហ្គាវ៉ាត់​នៅ​ Aoral Eco-City នៅក្នុង​ប្រទេស​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួមមួយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ២៦ ខែ​មេសា​ថា ក្រុមហ៊ុន​ Hong Lai Huat and CMEC បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ដែល​មិន​ភ្ជាប់​កាតព្វកិច្ច​ផ្លូវច្បាប់ ដើម្បី​បង្កើត​យានពិសេស​មួយ (SPV) និង​សហការ​គ្នា​យ៉ាងហោចណាស់​រយៈពេល ២០ ឆ្នាំ ជាមួ​យនឹង​ជម្រើស​បន្ត​ជាថ្មី​រយៈពេល ២០ ឆ្នាំ។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន។


គម្រោង​នេះ​នឹង​នាំ​ឲ្យ​មាន​ការសាងសង់​រោងចក្រ​ថាមពល​សូឡា​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា។ នេះ​បើ​យោងតាម​លោក Ong Jia Jing ជា​នាយក​គ្រប់គ្រង​ទូទៅ និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Hong Lai Huat Group។

Aoral Eco-City គឺជា​គម្រោង «ទីក្រុង​អេកូ​កសិកម្ម​រួម​ដ៏ធំ» មួយ​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hong Lai Huat នៅក្នុង​ប្រទេស​កម្ពុជា។


ការសាងសង់​ឧទ្យាន​សូឡា​ទំហំ​ដូច​នោះ​នៅក្នុង​អេកូស៊ី​ធី​នឹង​តម្រូវ​ឲ្យ​មាន​ការវិនិយោគ​សរុប​ប្រហែល ២០០ លាន​ដុល្លារ (១៦៥ លាន​អឺរ៉ូ)។ នេះ​បើ​យោងតាម​ការប៉ាន់ប្រមាណ​របស់​ក្រុមហ៊ុន​ពីរ​នេះ។

CMEC នឹង​ផ្ដល់​ច្រកចេញចូល​តែមួយ​ជា​ដំណោះស្រាយ​រោងចក្រ​សូឡា​ពេញលេញ​សម្រាប់​គម្រោង​នេះ ដែល​រួមទាំង​ការរៀបចំ​ផែនការ​បឋម វិស្វកម្ម លទ្ធកម្ម និង​ការសាងសង់ (EPC) ហិរញ្ញប្បទាន ប្រតិបត្តិការ និង​ការថែទាំ។

នៅពេល​បញ្ចប់​នៃ​ការសាងសង់ ឧទ្យាន​សូឡា​នេះ​នឹង​លក់​ថាមពល​ឲ្យ​អគ្គិសនី​កម្ពុជា (EDC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ខណៈ​ដែល​ក្រុមហ៊ុន ​Hong Lai Huat នឹងមាន​សិទ្ធិ​ក្នុង​ការទិញ​អគ្គិសនី​ក្នុង​អត្រា​តម្លៃ​ដូចគ្នា​នឹង​ EDC ផងដែរ។

អនុលោម​តាម​ការចុះហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​ដែល​ចងភ្ជាប់​កាតព្វកិច្ច​ផ្លូវច្បាប់​នេះ ដៃគូ​របស់​គម្រោង​ទាំងពីរ​នេះ​នឹង​ចែករំលែក​ប្រាក់ចំណូល​ដែល​រកបាន​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ការទិញ​ថាមពល (PPA)៕LA