ភ្នំពេញៈ ឥទ្ធិពល​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ បាន​ធ្វើឱ្យ​ចំណូល​ប្រចាំឆ្នាំ​ ២០២០ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (​ក.ស.ភ) ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) សម្រេចបាន​ប្រមាណ​ជាង ២៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៦ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។

សេចក្តីប្រកាស​ព័ត៌មាន ក.ស.ភ កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់ ក.ស.ភ (​មិនទាន់​ធ្វើ​សវនកម្ម​) ប្រចាំឆ្នាំ​ ២០២០ មាន​ចំនួន ២៩,៤៨ ​លាន​ដុល្លារ ​ធ្លាក់ចុះ ៦ ​ភាគរយ​ បើ​ធៀប​នឹង ៣១,៣១ ​លាន​ដុល្លារ​ (​ធ្វើ​សវនកម្ម​រួច​) កាលពី​ឆ្នាំ​ ២០១៩​។


យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​នៅក្នុង​ឆ្នាំ​ ២០២០ ទាំងមូល ក.ស.ភ ទទួល​បាន​នាវា​ផ្ទុកទំនិញ​ឆ្លងកាត់​សរុប ២ ៣៦៣ ​ជើង ធ្លាក់ ​១,៩១ ​ភាគរយ​ ពី​ចំនួន ២ ៤០៩ ​ជើង នាវា​ទេសចរណ៍​មាន ១២៦ ​ជើង ធ្លាក់ចុះ​ ពី​ចំនួន ៣៩៧ ​ជើង ស្មើនឹង ៦៨,២៦ ​ភាគរយ ទំនិញ​ប្រេងឥន្ធនៈ​មាន ៣ ៧៨០ ៥៣០ ​តោន ធ្លាក់ចុះ ០,២៤ ​ភាគរយ​ ពី​ចំនួន ៣ ៧៨៩ ៤៦៤ ​តោន កុងតឺន័រ​ឆ្លងកាត់​មាន ២៩០ ៨៥៧ TEU កើន ៣,៤៩ ​ភាគរយ​ ពី​ចំនួន ២៨១ ០៤៥ TEU និង​អ្នកដំណើរ​មាន​ចំនួន ៩ ៧៣៣ ​នាក់ ធ្លាក់ ៦៩,៨៧ ​ភាគរយ ពី ៣២ ៣០០ ​នាក់​។

លោក ហ៊ី បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មិន​អាច​ទាក់ទង​បានទេ​កាលពី​ថ្ងៃទី​ ១៨ ខែមករា ប៉ុន្តែ​កាលពី​ចុង​សប្តាហ៍​មុន លោក​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន Fresh News ថា ការធ្លាក់ចុះ​ប្រាក់ចំណូល​ឆ្នាំ​ ២០២០ គឺ​ដោយសារ​ស្ថានភាព​កូវីដ​ ១៩ រីករាលដាល​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សកម្មភាព​ដឹកជញ្ជូន​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​។ លោក​និយាយថា​៖ «​ការថយចុះ​ចំណូល ដោយសារ​តែ​បញ្ហា​កូវីដ​ ១៩ ប៉ុន្ដែ​កំពង់ផែ​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​នេះ​»​។


លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភាកម្ម​កម្ពុជា (CLA) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ចន្ទ​ថា វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ធ្វើឱ្យ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ​ធ្លាក់ចុះ​នៅ​ទូទាំង​ពិភពលោក ដោយ​កើតឡើង​គ្រប់​វិស័យ​ទាំង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ផ្លូវគោក និង​អាកាស​។ លោក​បាន​បន្តថា សម្រាប់​ប្រទេស​កម្ពុជា សកម្មភាព​ដឹកជញ្ជូន​កាលពី​ឆ្នាំ​ ២០២០ កន្លងមក បាន​ចាប់ផ្តើម​ធ្លាក់ចុះ​ខ្លាំង​ចាប់ពី​អំឡុង​ខែមីនា រហូត​ដល់​ខែកក្កដា ដោយសារ​តែ​រោងចក្រ​មួយចំនួន​បាន​ផ្អាក​សកម្មភាព ក៏​បិទ​ដំណើរការ​។

លោក​បន្ថែមទៀត​ថា ទោះជា​យ៉ាងណា​ការដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា បាន​ចាប់ផ្តើម​ងើបឡើង​វិញ​ខ្លះៗ​ហើយ​ចាប់តាំងពី​ខែសីហា ឆ្នាំ​ ២០២០ មក ពិសេស​ជាមួយ​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​សំខាន់​របស់​កម្ពុជា​។

លោក​បន្តថា​៖ «​ដោយសារ​កម្ពុជា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ច្រើន​ (​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ផលិត​ពី​ប្រទេស​ចិន​) ដូច្នេះ​ការដឹកជញ្ជូន​បាន​ចាប់ផ្តើម​មានដំណើរការ​ឡើង​វិញ បន្ទាប់ពី​ប្រទេស​ចិន​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​ដោយ​ជោគជ័យ​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅក្នុង​ខែធ្នូ ឆ្នាំ​ ២០២០ ប្រាក់ចំណូល​របស់ ក.ស.ភ មាន​ចំនួន ២,៨៣ ​លាន​ដុល្លារ ធ្លាក់ចុះ ២ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ខណៈ​បរិមាណ​នៃ​ការឆ្លងកាត់​របស់​នាវា​ដឹកជញ្ជូន​ទំនិញ​មាន​ចំនួន ២២៧ ​ជើង កើនឡើង ៣,១៨ ​ភាគរយ ចំនួន​ទូកុងតឺន័រ​ឆ្លងកាត់​មាន ២៦ ៤៣៣ TEU កើនឡើង ៣,៣៩ ​ភាគរយ និង​ការនាំចូល​ទំនិញ​ប្រេងឥន្ធនៈ មាន​ចំនួន ៣៨៨ ៥៤៥ ​តោន កើនឡើង ១៦,០៩ ​ភាគរយ​។ ដោយឡែក​សម្រាប់​នាវា​ទេសចរណ៍ និង​ចំនួន​ភ្ញៀវទេសចរ គឺ​មិនមាន​ទេ​។

សម្រាប់​ឆ្នាំ​ ២០២១ នេះ លោក ស៊ិន ចន្ធី បាន​ប្រមើល​ឃើញ​ថា​៖ «​សកម្មភាព​នៃ​ការដឹកជញ្ជូន​នឹង​ចាប់ផ្តើម​រើប​ឡើងវិញ​បន្តិច​ម្តងៗ តែ​មិន​ឡើង​ជា​គំហុក​ទេ​»៕ LA