ភ្នំពេញៈ ការ​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាង​កម្ពុជា​ និង​ឥណ្ឌូនេស៊ី ​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​​ខែ​មិថុនា ​២០១៩ ​នេះ ​ដែល​ជា​ផ្នែក​មួយ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​អាច​សម្រេច​គោលដៅ​​ក្នុង​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ ៦,៦ ​លាន​​នាក់ ​ក្នុង​ឆ្នាំ ​២០១៩​ នេះ​។ ​នេះ​បើ​​​តាម​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​។

ការ​ប្រកាស​ពី​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ​២ ​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​​ទីក្រុង​ភ្នំពេញ​ដោយ​ក្រសួង​ទេសចរណ៍ ​និង​ក្រុមហ៊ុន​អាកាសចរណ៍​ ឥណ្ឌូនេស៊ី ​Citilink​។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ក្រុមហ៊ុន ​Citilink បាន​ឲ្យ​ដឹង​ថា ​នេះ​គឺ​ជា​ការ​ភ្ជាប់​ជើង​ហោះហើរ​​ជា​អន្តរជាតិ​ទី​៣ របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​ហោះហើរ​ទៅ​​ទីក្រុង Surabaya​ និង​ទៅ​កាន់​ទីក្រុង​គូឡាឡាំពួ​ប្រទេស ​ម៉ាឡេស៊ី។ ​ក្រុមហ៊ុន​​នឹង​​ប្រើប្រាស់​​យន្តហោះ​ប្រភេទ ​Airbus​ A320​ ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន ​១៨០ ​នាក់ ​ក្នុង ​១ ​​លើក​មក​កាន់​​​កម្ពុជា​​​។​

លោក ​Juliandra ​Nurtjahjo ​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ ​Citilink ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​ការ​​បើក​ផ្លូវ​​​ហោះហើរ​ថ្មី​​របស់​ក្រុមហ៊ុន​ទៅ​កាន់​អាកាស​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​នេះ គឺ​​ដើម្បី​អបអរ​​ខួប​លើក​ទី​៦០​ នៃ​​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ ​ឥណ្ឌូនេស៊ី ​និង​កម្ពុជា​។


លោក​បន្ត​ថា ការ​បន្ថែម​ផ្លូវ​ហោះហើរ​ថ្មី​នេះ ​ជា​ផ្នែក​មួយ​នៃ​ការ​​ប្តេជ្ញា​ចិត្ត​របស់​ Citilink ក្នុង​​​ការ​ពង្រីក​បណ្តាញ​ហោះហើរ​​អន្តរជាតិ ​និង​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ​ក្នុង​ការ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​​មក​កាន់​ប្រទេស ​ឥណ្ឌូនេស៊ី ​​ផង​ដែរ​។

លោក ​ជុក​ ជំនោរ ​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាល​ពី​ម្សិលមិញ​ថា ការ​ហោះហើរ​ត្រង់​រវាង​​​កម្ពុជា ​និង​ឥណ្ឌូនេស៊ី​ ធ្លាប់​មាន​កាល​ពី​មុន​ឆ្នាំ ​១៩៧០ ​តែ​ត្រូវ​បោះបង់​ចោល​ដោយសារ​​សង្គ្រាម​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា៖ ​«​នៅ​ពេល​មាន​ការ​តភ្ជាប់​ត្រង់​នេះ ​កម្ពុជា​មិន​​ត្រឹម​តែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​តែ​មួយ​ប៉ុណ្ណោះ​​ទេ តែ​កម្ពុជា​នឹង​ទទួល​បាន​​ភ្ញៀវ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ឥណ្ឌូនេស៊ី ​ហើយ​ចង់​​បន្ត​ដំណើរ​មក​កម្ពុជា​​​​»។

លោក ​ជំនោរ ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​ទទួល​ទេសចរ​អ៊ិស្លាម​។ ​លោក​បន្ត​ថា​ក្រសួង​ទេសចរណ៍ ​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ​និង​ស្ថាប័ន​ពាក់ព័ន្ធ​​​ក្នុង​ការ​រៀបចំ​សេវា​ស្នាក់​​នៅ និង​អាហារ​ ​(Halal) ជា​​ច្រើន​សម្រាប់​សេវា​ទេសចរ​អ៊ិស្លាម​​។​ លោក​ថ្លែង​ថា៖​ «​យើង​មាន​កន្លែង​ជា​ច្រើន​សម្រាប់​​ទទួល​​​ពួក​​គាត់ ​ហើយ​យើង​ក៏​តែងតែ​ធ្វើ​​ការ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​លើ​កន្លែង​សម្រាប់​ពួក​គាត់​ផង​ដែរ​»​។

Citilink ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​​សេវាកម្ម​ដឹក​ជញ្ជូន​ក្នុង​ស្រុក​​តម្លៃ​ទាប​នេះ គឺ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​​ឥណ្ឌូនេស៊ី ​PT ​Garuda I​ndonesia (Persero​)​។ ​បច្ចុប្បន្ន​​ Citilink មាន​ជើង​ហោះហើរ​ក្នុង​ ​១ ថ្ងៃ ​​ជាង​ ៣១០ ​ជើង​ ទៅ​​គោលដៅ​ចំនួន​ ​៧៤ ​ក្នុង​ប្រទេស​ចំនួន ​៤៣​​។​

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ បង្ហាញ​ថា ​ក្នុង​ត្រីមាស​ទី​​១​ ឆ្នាំ ​២០១៩ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី ​១៥ ៤១១ ​នាក់ ​កើន​ ​១០,៨ ​​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៨។ កាល​ពី​​​ឆ្នាំ​ ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី ​ចំនួន​ ៥៥ ៧៥៣ ​នាក់​ កើន​ឡើង ១១,៨ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០១៧​។

លោក ​ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​ចាត់​ទុក​​ការ​ហោះហើរ​​ត្រង់​ជាមួយ​ឥណ្ឌូនេស៊ី ជា​ព័ត៌មាន​ល្អ​សម្រាប់​​វិស័យ​ទេសចរណ៍​​​កម្ពុជា ខណៈ​​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​មាន​ប្រជាជន​​ ជាង​២៦០ ​លាន​នាក់​ និង​មាន​សេដ្ឋកិច្ច​រឹងមាំ​មួយ​នៅ​ក្នុង​តំបន់​។

លោក​ថ្លែង​ថា៖ «ការ​បើក​​ផ្លូវ​ហោះហើរ​ត្រង់​នេះ នឹង​ធ្វើ​​ឲ្យ​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​ជា​ច្រើន​ធ្វើ​ដំណើរ​មក​កម្ពុជា​។ ខណៈ​​ប្រជាជន​ឥណ្ឌូនេស៊ី​ភាគ​ច្រើន​សុទ្ធ​តែ​ប្រើប្រាស់​ភាសា​អង់គ្លេស​នោះ ដូច្នេះ​វា​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​​ទេ»​។

យ៉ាង​ណា​ក៏​ដោយ ​លោក​ វណ្ឌី ​បញ្ជាក់​ថា​ សេវា​សម្រាប់​ទេសចរ​អ៊ិស្លាម​នៅ​កម្ពុជា​ហាក់​​នៅ​​មាន​កម្រិត​នៅ​ឡើយ​នា​ពេល​​​​នេះ​។ លោក​ថ្លែង​ថា៖ «​​​​បើ​ពួក​គាត់​សម្រុក​មក​ច្រើន​​ក្នុង​​ពេល​តែ​មួយ​នោះ យើង​ក៏​នឹង​ជួប​បញ្ហា​បន្តិច​បន្តួច​ដែរ​ ជា​ពិសេស​​សេវាកម្ម​ម្ហូប​អាហារ​»​។

ការ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​​​​ហ្សាការតា និង​រាជធានី​ភ្នំពេញ​​នេះ​នឹង​ធ្វើ​ឡើង​ចំនួន​ ៣ ដង​ក្នុង​ ១ ​សប្តាហ៍ ដែល​នឹង​ត្រូវ​ចំណាយ​ពេល​ ៣ ​ម៉ោង​កន្លះ​​​​។​ នេះ​បើ​​តាម​លោក Sudirman ​Haseng​ ឯក​អគ្គរដ្ឋទូត​​ឥណ្ឌូនេស៊ី​ ប្រចាំ​កម្ពុជា​។

​លោក​ថ្លែង​ថា៖​​ «​​ជាមួយ​នឹង​កំណើន​នៃ​ប្រជាជន​​ខ្មែរ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដែល​​មាន​ចំនួន​ជិត ២ ​លាន​នាក់​កាល​ពី​ឆ្នាំ​មុន ​យើង​ជឿ​ថា ​ជើង​​ហោះហើរ​ដោយ​ត្រង់​នេះ ​នឹង​ជួយ​បង្កើន​ភាព​ទាក់​ទាញ​​ទេសចរ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំង​ ២ កាន់​តែ​​ច្រើន​»៕​LA