ភ្នំពេញៈ ​កម្ពុជា​រំពឹង​ថា​​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ធ្វើ​ដំណើរ​ពី​ប្រទេស ​ឥណ្ឌូនេស៊ី ​បាន​កាន់​តែ​ច្រើន បន្ទាប់​ពី​ការ​ហោះហើរ​ត្រង់​​រវាង​ប្រទេស​ទាំង ​២ ​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សុក្រ​។​

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​ស៊ីធីលីង ​បាន​ចុះចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​រសៀ​ល​​ថ្ងៃ​សុក្រ​ជាមួយ​នឹង​អ្នក​ដំណើរ​ ៦៧ ​នាក់​។


ក្រុមហ៊ុន​ Citilink ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី ​ហ្គារូដា​នឹង​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​ត្រង់​ ហ្សាការតា-​ភ្នំពេញ ​ក្នុង​​ ​១ ​សប្តាហ៍​ចំនួន ​៣ ​លើក​ គឺ​ថ្ងៃ​​ចន្ទ ​ពុធ ​និង​ថ្ងៃ​សុក្រ​។

លោក​ស្រី ​ឆាយ ​ស៊ីវលីន​ ប្រធាន​​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​បាន​និយាយ​ថា ​ឥណ្ឌូនេស៊ី​ជា​ទីផ្សារ​ធំ​ដែល​មិន​​អាច​មើល​រំលង​បាន ព្រោះ​ជា​​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ និង​មាន​​ប្រជាជន​ច្រើន​។ ​កន្លង​មក​ដោយសារ​មិន​មាន​ការ​ហោះហើរ​​ត្រង់ ការ​ធ្វើ​ដំណើរ​រវាង​ក្រុង​ភ្នំពេញ និង​ហ្សាការតា ត្រូវ​ចំណាយ​ពេល​យូរ និង​ថវិកា​ច្រើន។


លោកស្រី​ថ្លែង​ថា៖​ «​ការ​​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​ នឹង​​ជួយ​ឲ្យ​កម្ពុជា​មាន​ឱកាស​ចាប់​យក​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​​ឥណ្ឌូនេស៊ី​កាន់​តែ​ច្រើន​​ឲ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​។ ឥណ្ឌូនេស៊ី​អាច​និយាយ​ថា ជា​ទីផ្សារ​ទេសចរណ៍​ធំ​ក្នុង​តំបន់​​អាស៊ី​តែ​ម្តង»​។

លោកស្រី​លើក​ឡើង​ថា ​ទោះ​យ៉ាង​​ណា ​នៅ​ពេល​មាន​ការ​តភ្ជាប់​​នេះ ​កម្ពុជា​ក៏​ត្រូវ​រៀបចំ​ខ្លួន​​ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ភ្ញៀវ​ឥណ្ឌូនេស៊ី​ដែរ ពិសេស​​ម្ហូប​អាហារ​បែប Halal។​

លោកស្រី​​បន្ត​ថា៖ ​«កន្លង​មក​ ដោយសារ​សេវាកម្ម​​ផ្នែក​ទេសចរណ៍ ​[ម្ហូប​អាហារ​បែប​ Halal] នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ធំ​ទូលាយ​នោះ ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​តែ​តំបន់​សំខាន់ៗ​ដូច​ជា​ខេត្ត​សៀមរាប និង​ភ្នំពេញ​ប៉ុណ្ណោះ​»​។

លោក​ ធួន​ ស៊ីណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ឲ្យ​ដឹង​ថា កន្លង​​មក​ដោយសារ​កម្ពុជា និង​ឥណ្ឌូនេស៊ី ​មិន​មាន​ជើង​ហោះហើរ​ត្រង់ ​ធ្វើ​ឲ្យ​កម្ពុជា​មិន​សូវ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​​ឡើយ​។

លោក​បន្ត​ថា ប្រជាជន​ឥណ្ឌូនេស៊ី​ជា​អ្នក​ចូលចិត្ត​​ធ្វើ​ដំណើរ​កម្សាន្ត​ ដូច្នេះ​នៅ​ពេល​មាន​ជើង​ហោះហើរ​ត្រង់​នេះ វា​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​កាន់​តែ​ច្រើន​។ ការ​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​ផល​ចំណេញ​ជា​ច្រើន។ លោក​បាន​បញ្ជាក់​​ថា៖ ​«​ការ​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​នេះ គឺ​អាច​លើស​​ពី​​វិស័យ​ទេសចរណ៍​ទៅ​ទៀត​ ​[ការ​​វិនិយោគ​លើ​ផ្នែក​ជា​ច្រើន​នៅ​​កម្ពុជា]»។

លោក​ប្រាប់​ទៀត​ថា ការ​បើក​ជើង​ហោះ​ហើរ​ត្រង់​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ទេ តែ​ក៏​វា​អាច​ទាក់ទាញ​ទៅ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​​ឥណ្ឌូនេស៊ី​ឲ្យ​បន្ត​ដំណើរ​មក​កម្ពុជា​​ផង​ដែរ​។

​លោកបន្ត​ថា ការ​​ភ្ជាប់​ជើង​ហោះហើរ​ថ្មីៗ​នេះ នឹង​​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​ជួយ​គាំទ្រ​ដល់​គោល​នយោបាយ​​របស់​ក្រសួង​​ទេសចរណ៍​កម្ពុជា ក្នុង​ការ​​ស្រូប​​ទាញ​ឲ្យ​បាន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា​​ឲ្យ​កើន​ដល់​ជិត​ ៧ ​លាន​នាក់ ​​ក្នុង​ ​១ ​ឆ្នាំ​ផង​ដែរ​។​

លោក ​ហោ ​មុនីរ័ត្ន រដ្ឋ​លេខាធិការ​​ក្រសួង​ទេសចរណ៍ បាន​​ឲ្យ​ដឹង​ថា ​ការ​ចាប់​ផ្តើម​ការ​ហោះហើរ​ត្រង់​ឡើង​វិញ​រវាង​ទីក្រុង​ហ្សាការតា​ និង​ភ្នំពេញ​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ផ្អាក​​​រយៈពេល​ជិត ​៥០ ​ឆ្នាំ​​។​ លោក​ថ្លែង​ថា៖​ «​ខ្ញុំ​​មាន​ជំនឿ​ថា ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ​២ នឹង​ជួយ​ជំរុញ​កំណើន​ពាណិជ្ជកម្ម ទេសចរណ៍ ការ​វិនិយោគ​»​។

ក្នុង​រយៈពេល ៤ ​ខែ​ដើម​ឆ្នាំ ​២០១៩ ​ភ្ញៀវ​ឥណ្ឌូនេស៊ី​មាន​ ​២១ ២៤៣ ​នាក់ មក​ទស្សនា​កម្ពុជា កើន​ឡើង ​១៦,​៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ ​២០១៨។​ នេះ​បើ​តាម ​លោក ហោ មុនីរ័ត្ន។​

លោក Pak Heriyanto អនុ​ប្រធាន​ផ្នែក​យុទ្ធសាស្រ្ត​សាជីវកម្ម​នៃ​ក្រុមហ៊ុន​ Citilink Indonesia បាន​ឲ្យ​ដឹង​ថា​​ ការ​បើក​ដំណើរការ​ជើង​ហោះហើរ​នេះ គឺ​ចំពេល​កម្ពុជា​ និង​ឥណ្ឌូនេស៊ី​ប្រារព្ធ​ខួប​នៃ​ទំនាក់ទំនង​ការ​ទូត​ឆ្នាំ​ទី៦០​​​។

លោក​ថ្លែង​ថា៖​ «​យើង​សង្ឃឹម​ថា ការ​ហោះហើរ​ត្រង់​ថ្មី​នេះ​នឹង​មិន​ត្រឹមតែ​ជា​​ការ​តភ្ជាប់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​​ជា​សក្តានុភាព​នៃ​ភាព​ជា​ដៃគូ​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ទៀត​ ដូច​ជា​វប្បធម៌​ សេដ្ឋកិច្ច នយោបាយ​ សង្គម​ជា​ដើម​»៕LA