មន្ត្រីជាន់ខ្ពស់​របស់​កម្ពុជា​បាន​ថ្លែង​អះអាងថា រដ្ឋាភិបាល និង​ក្រុមហ៊ុន​រុករក​ប្រេង​របស់​សិង្ហបុរី KrisEnergy កំពុង​ធ្វើការ​ជាមួយគ្នា​យ៉ាងសកម្ម​ក្នុង​ការរក​ទីផ្សារ​លក់​ប្រេង​ដែល​ផលិត​បាន និង​ការចាត់ចែង​រៀបចំ​ផែនការ​បន្ត សម្រាប់​ជំហាន​បន្តទៀត ដើម្បី​អភិវឌ្ឍ​ធនធាន​នៅ​តំបន់​ប្លុក A ដែល​ក្រុមហ៊ុន​កំពុង​ដំណើរការ​បូម។

ការថ្លែង​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​រូបនេះ​ធ្វើឡើង​ បន្ទាប់ពី​សារព៌ត័មាន និង​សង្គម​ស៊ីវិល​លើកឡើង​អំពី​ក្តីបារម្ភ​នៃ​ការបរាជ័យ​របស់​កម្ពុជា​លើ​វិស័យ​ប្រេង​ និង​ឧស្ម័ន​ ដោយសារ​តែ​ទិន្នផល​បូម​ប្រេង​ទាំង​ប្រាំ​អណ្តូង​ទាប​ជាង​ផែនការ។


ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ទទួល​បាន​តំណក់​ប្រេង​លើកដំបូង​របស់ខ្លួន​នៅក្នុង​សមុទ្រ​ក្នុង​តំបន់​សម្បទាន​ប្លុក A ដែល​បាន​ចាប់ផ្ដើម​ផលិតកម្ម​កាលពី​ថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ ២០២០។ ប៉ុន្តែ​កាលពី​ថ្ងៃទី ២៨ ខែមេសា ក្រុមហ៊ុន KrisEnergy បាន​ចេញ​សេចក្តីប្រកាស​មួយ​ បន្ទាប់ពី​ខ្លួន​បានធ្វើ​ការវិភាគ​ទៅលើ​ទិន្នផល​អណ្តូង​ទាំង ៥ គឺមាន​កម្រិត​ទាប​ជាង​ការរំពឹងទុក​ដែល​ជះឥទ្ធិពល​ដល់​ការរកបាន​ចំណូល​ពី​ប្លុក​ A ដំណាក់កាល​ទី ១ នេះ​ទោះបី​ជាមាន​សញ្ញា​ងើបឡើង​វិញ​នៃ​តម្លៃ​ប្រេង​ជា​សកល បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងដំណំ​ដោយសារ​តែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​តាំងពី​ឆ្នាំ ២០២០ កន្លងមកនេះ។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា ផ្អែកលើ​មូលដ្ឋាន​នៃ​ផលិតភាព​អណ្តូងប្រេង​ទាំង​ប្រាំ​នៅពេល​នេះ សមត្ថភាព​ផលិតកម្ម​នៃ​អណ្តូង​នីមួយៗ មិនមាន​ភាព​ខុសគ្នា​ខ្លាំង​ពី​អ្វីដែល​ក្រុមហ៊ុន Chevron បាន​វាយតម្លៃ​កន្លងមក​នោះទេ។ លោក​ថា អ្វីដែល​ក្រសួង ជំនាញ​ និង​ក្រុមបច្ចេកទេស​របស់​ក្រុមហ៊ុន KrisEnergy កំពុង​ធ្វើការ​បន្ត​ជាមួយគ្នា​យ៉ាងសកម្ម​នៅពេលនេះ គឺ​ការរក​ទីផ្សារ​លក់​ប្រេង​ដែល​ផលិត​បាន និង​ការចាត់ចែង​រៀបចំ​ផែនការ​បន្ត សម្រាប់​ជំហាន​បន្តទៀត​ក្នុង​ការអភិវឌ្ឍ​ធនធាន​នៅ​តំបន់​ប្លុក A នេះ។


លោក​ថា៖ «អ្វីដែល​កើតឡើង​ចំពោះ​ក្រុមហ៊ុន KrisEnergy បើទោះជា​ខុស​ ឬ​ត្រូវ​តាម​ការរំពឹងទុក​របស់​គេ មិនគួរ​ជា​បរាជ័យ ឬ ពរជ័យ​ដោយឡែក​ចំពោះ​ជនជាតិខ្មែរ​ក្រុម​ណាមួយ​នោះទេ ។ ម្យ៉ាងទៀត ការរំពឹងទុក​ខុស​ ឬ​ត្រូវ​យ៉ាងណា ក៏​កម្ពុជា​ពិតជា​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​របស់ខ្លួន​មួយ​ក្នុងការ​ចាប់ផ្តើម​ក្លាយខ្លួន​ជា​ប្រទេស​ផលិត​ប្រេង និង​កសាង​សមត្ថភាព​ជាតិ​របស់ខ្លួន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ប្រភេទ​នេះ។ ជនជាតិ​បរទេស​មួយចំនួន ក៏​មិនគួរ​ច្រណែន​នឹង​កម្ពុជា​ដែរ ព្រោះ​ប្រទេស​ក្នុង​តំបន់​នេះ​ស្ទើរតែ​ទាំងអស់ ជា​ប្រទេស​ផលិត​ប្រេង​ជាយូរ​មកហើយ​ដែរ»។

លោក ម៉េង សក្តិធារ៉ា បាន​ពន្យល់ថា នៅមុន​ដំណាច់​ឆ្នាំ ២០២០ ក្នុងស្ថានភាព​សេដ្ឋកិច្ចសង្គម​ដ៏តឹងតែង​មួយ​នៃ​បញ្ហា​ជំងឺ​កូវីដ១៩ រាជរដ្ឋាភិបាល​បាន​ប្រកាស​ការចាប់ផ្តើម​តំណក់​ប្រេង​ដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ លោក​ថា ក្នុងនាម​លោក​ជា​ជនជាតិ​ខ្មែរ​គឺ​លោក​ទទួលស្គាល់ថា នេះ​ជា​មោទនភាព​ដ៏ធំ​មួយ​សម្រាប់​ប្រទេសជាតិ។

លោក​ថា៖ «ខ្ញុំ​ធ្លាប់តែ​ឃើញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​ក្រុម​សកម្មជន​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​នោះទេ ដែល​តែង​ផ្សព្វផ្សាយ​ការរំពឹងទុក​ពី​តួលេខ​ប៉ាន់ស្មាន​ដែល​មាន​ទំហំ​ច្រើន​ធំធេង​ទៅវិញ។ ក្រុមហ៊ុន​យក្ស​របស់​អាមេរិក Chevron បាន​ចំណាយពេល​ជាង ១០ ឆ្នាំ ដើម្បី​រុករក​ប្រេង ហើយ​នៅតែ​មិនអាច​ចាប់ផ្តើម​ផលិត​ប្រេង​ដំបូង​បាន។ ច្បាស់​ណាស់​ថា លទ្ធផល​នៃ​ការសិក្សា​វាយតម្លៃ​របស់​ក្រុមហ៊ុន Chevron បាន​បញ្ជាក់ថា​ធនធាន​ប្រេង​ដំបូង​របស់​កម្ពុជា​នេះ​មិន​មាន​ច្រើន​ទេ ហើយ​ការចាកចេញ​របស់ Chevron គ្រាន់​ជាការ​បញ្ជាក់បន្ថែម​ដល់​បណ្តា​អង្គការ​សង្គមស៊ីវិល និង​ក្រុម​សកម្មជន​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​ពី​កំហុសឆ្គង​នៃ​តួលេខ​បំប៉ោង​របស់​ពួកគេ»។

លោក​ថា នៅ​មុនពេល​ចាកចេញ ក្រុមហ៊ុន Chevron បាន​រៀប​ផែនការ​ផលិតកម្ម​តំណក់​ប្រេង​ដំបូង​ក្នុង​កម្រិត​ប្រមាណ ៧ ៥០០ បារែល​ក្នុង​មួយថ្ងៃ​ដោយ​ប្រើ​អណ្តូងប្រេង​ចំនួន ២២ អណ្តូង។ គេ​ត្រូវការ​អណ្តូងប្រេង​ច្រើន ដោយសារ​បរិមាណ​ដែល​អាច​ផលិត​បាន​សម្រាប់​មួយ​អណ្តូង​មាន​កម្រិត​ទាប​ខ្លាំង។

លោក​បាន​ពន្យល់ថា ក្រោយពេល Chevron ចាកចេញ ក្រុមហ៊ុន​សិង្ហបុរី KrisEnergy ដែល​ទទួល​បន្ត​បាន​រៀបចំ​ផែនការ​ផលិតកម្ម​របស់​ខ្លួន​ពីដំបូង ដោយ​ប្រើ​អណ្តូងប្រេង​ចំនួន ២០ (តិចជាង Chevron ២ អណ្តូង)។ ប៉ុន្តែ​ក្រោយ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុនមេ​របស់ខ្លួន និង​បញ្ហា​កូវីដ១៩​បាន​កើតឡើង ក្រុមហ៊ុន KrisEnergy ក៏បាន​ប្តូរ​ផែនការ​មក​ប្រើ​អណ្តូងប្រេង​សាកល្បង​ដំបូង​ចំនួន​តែ ៥ អណ្តូង​វិញ ដើម្បី​តេស្ត​បញ្ជាក់​សមត្ថភាព​វិស្វកម្ម​នៃ​ជម្រក​អាង​ស្តុក​រ៉ែ​ប្រេង​ខាងក្រោម​ដី​មួយ​ជំហាន​សិន និង​ដើម្បី​អាច​សម្រេចបាន​ការចាប់​ផ្តើម​តំណក់​ប្រេង​ដំបូង​ទាន់ពេលវេលា ស្រប​តាម​ផែនការ​កំណត់​ក្នុង​កិច្ចព្រមព្រៀង​ប្រេងកាត។

លោក​ថា៖ «ការកាត់បន្ថយ​ចំនួន​អណ្តូងប្រេង​ពី ២២ មក​តែ ៥ អណ្តូង​វិញ គឺជា​ការចាក់​ឆ្នោត​មួយ​របស់​ក្រុមហ៊ុន​នេះ ដោយ​រំពឹងថា​នឹង​នៅតែ​អាច​ទទួលបាន​សមត្ថភាព​ផលិត​ប្រមាណ ៧ ៥០០ បារែល​ក្នុង​មួយថ្ងៃ ស្មើនឹង ២២ អណ្តូង​តាម​គម្រោង​ដើម​របស់​ Chevron»។

«រដ្ឋាភិបាល និង​ក្រសួង​ជំនាញ​បានដឹង​ច្បាស់​ណាស់​ពី​បញ្ហា​នេះ ដូច្នេះហើយ​ទើប​កន្លងមក គ្រប់​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ជំនាញ បានបញ្ជាក់​ច្បាស់​ថា តំណក់​ប្រេង​ដំបូង​មិនមាន​ច្រើន​ទេ ហើយក៏​មិន​មាន​ការរំពឹងថា​នឹង​ផ្តល់​ចំណូល​ថវិកាជាតិ​ធំធេង​ដែល​អាច​នឹង​កែប្រែ​ទំហំ​សេដ្ឋកិច្ចកម្ពុជា​ នៅពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត​ក្នុង​រយៈពេល​ខ្លី​ដែរ។ ប៉ុន្តែ​នេះ គ្រាន់តែ​ជា​ការចាប់ផ្តើម​ដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​មួយ​នេះ​នៅក្នុង​វិស័យ​មួយ​នេះ ក្រោយ​ការខិតខំ​ និង​ឆ្លងកាត់​ការប្រឈម​ជាច្រើន​រាប់មិនអស់»។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់លោក ម៉េង សក្តិធារ៉ា ៕