ខណៈស្ថាប័នហិរញ្ញវត្ថុឈានមុខកំពុងដាក់ចេញនូវដំណោះស្រាយធនាគារអេឡិចត្រូនិកប្រកបដោយភាពច្នៃប្រឌិតជាច្រើននោះ ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជ ឈីហ្វ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានលើកឡើងអំពីការរីកចម្រើនរបស់ធនាគារ ឈីហ្វ ដូចជាកម្មវិធីទូរស័ព្ទដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចជាដើម។
Q. តើអ្វីទៅជាផែនការពង្រីករបស់ធនាគារ ឈីហ្វ នៅក្នុងឆ្នាំនេះ?
ធនាគារ ឈីហ្វ រំពឹងថា នឹងមានបរិយាកាសសេដ្ឋកិច្ច និងសង្គមវិជ្ជមានដែលនឹងត្រូវពង្រីកសកម្មភាពរបស់ខ្លួននៅឆ្នាំក្រោយ។ ធនាគារបានបង្កើតក្របខ័ណ្ឌគ្រប់គ្រងមូលធនផ្លូវការមួយជាមួយនឹងគោលដៅច្បាស់លាស់សម្រាប់ការរក្សាកម្រិតសមស្របនៃដើមទុនឱ្យបានគ្រប់គ្រាន់ ដើម្បីធានាបាននូវទិសដៅគ្រប់គ្រាន់សម្រាប់ការពង្រីកអាជីវកម្មនាពេលអនាគត។
របៀបវារៈធនាគារឌីជីថលគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗសម្រាប់ធនាគារ ឈីហ្វ។ បច្ចុប្បន្ន យើងកំពុងធ្វើការយ៉ាងសកម្មលើវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតថ្មីរបស់យើងដោយវិនិយោគលើដំណោះស្រាយឌីជីថល សម្រាប់ចែកចាយសេវាកម្មហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌ដល់ប្រជាជនកម្ពុជាទាំងអស់ និងធ្វើឱ្យវាមានភាពងាយស្រួល និងមានសុវត្ថិភាព ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
Q. តើលោកអាចប្រាប់យើងបន្ថែមអំពីផែនការពង្រីកសេវាកម្មឌីជីថលបានដែរឬទេ?
ឌីជីថលគឺជារឿងសំខាន់ យើងកំពុងពន្លឿនការចែកចាយផលិតផល និងសេវាកម្មរបស់ធនាគារតាមរយៈបណ្តាញឌីជីថលក្នុងនោះរួមបញ្ចូលទាំងគេហទំព័រ កម្មវិធីទូរស័ព្ទកាបូបអេឡិចត្រូនិក និងផ្សារអេឡិចត្រូនិក។
ខណៈដែលធនាគារកំពុងវិនិយោគយ៉ាងច្រើនទៅលើការផ្លាស់ប្តូរឌីជីថលនោះ គឺយើងគិតប្លែកពីគេជាមួយការអភិវឌ្ឍផលិតផលថ្មីៗរបស់យើង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើង និងធានានូវអត្ថប្រយោជន៍នៃការប្រកួតប្រជែង។
ការអភិវឌ្ឍដ៏លេចធ្លោមួយរបស់យើងគឺកម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូច ដែលនឹងដំណើរការនៅចុងឆ្នាំនេះ។ អតិថិជននឹងពិនិត្យមើលលក្ខណសម្បត្តិសម្រាប់ការស្នើសុំប្រាក់កម្ចីតាមរយៈប្រព័ន្ធធនាគារឌីជីថល និងអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារតាមប្រព័ន្ធឌីជីថល។
វាគឺជាផ្នែកមួយនៃការជំរុញរបស់យើងដើម្បីជួយដល់អ្នកដែលមិនមានគណនីធនាគារ និងអ្នកដែលមិនអាចស្នើសុំកម្ចីពីធនាគារ ដែលនឹងផ្តល់នូវលក្ខខណ្ឌល្អបំផុតនៅកម្ពុជា។ ឧទាហរណ៍ មិនមានរយៈពេលជាក់លាក់ ឬការផាកពិន័យសម្រាប់ការទូទាត់មុនពេលកំណត់ដែលនឹងអនុញ្ញាតឱ្យមានសេរីភាពហិរញ្ញវត្ថុកាន់តែច្រើន។
យើងចាត់ទុកអតិថិជនរបស់យើងគឺជាដៃគូយូរអង្វែង ហើយយើងមានមោទនភាពចំពោះខ្លួនឯងដែលផ្តល់ភាពបត់បែន និងជម្រើសច្រើន។
ធនាគារ ឈីហ្វ បានសហការជាមួយធនាគារឯកទេសវីង (ខេមបូឌា) ក្នុងភាពជាដៃគូឌីជីថលនៅទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសងប្រាក់កម្ចីរបស់ពួកគេ។
ធនាគារ ឈីហ្វ ក៏ជាផ្នែកមួយនៃប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជាផងដែរ ដែលផ្តល់ជម្រើសច្រើនសម្រាប់ប្រតិបត្តិការដូចជាដាក់ប្រាក់បញ្ញើ និងដកប្រាក់ក៏ដូចជាផ្ញើ និងទទួលប្រាក់តាមរយៈកាបូបអេឡិចត្រូនិក។
យើងបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតផល និងសេវាកម្មដែលមានស្រាប់របស់យើង និងធ្វើឱ្យផលិតផល និងសេវាកម្មថ្មីកាន់តែប្រសើរឡើងដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន។
Q. កាលពីឆ្នាំមុនតើធនាគារ ឈីហ្វ បានជួយអ្នកទទួលប្រាក់កម្ចីដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ដូចម្តេច?
ធនាគារ ឈីហ្វ ចាត់ទុកអតិថិជនជាដៃគូយូរអង្វែងនៅពេលដែលធនាគារកំពុងបន្តរីកចម្រើន។ ឱនភាពប្រាក់កម្ចី ឬការរៀបចំរចនាសម្ព័ន្ធសងកម្ចីឡើងវិញបានកើនឡើង ប៉ុន្តែនៅក្នុងកម្រិតតិចតួចណាស់ក្នុងរយៈពេលដែលជំងឺរាតត្បាតផ្ទុះឡើង។ ធនាគារមិនមានបញ្ហាទាក់ទងនឹងកម្ចីដែលអតិថិជនមិនបានសងត្រឡប់ (NPL) នោះទេគិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅខែធ្នូ ឆ្នាំ ២០១៣ រហូតមកដល់ពេលនេះ។
យើងមានគម្រោងផ្តល់ប្រាក់កម្ចីយ៉ាងទូលំទូលាយសម្រាប់បុគ្គលអតិថិជន សាជីវកម្ម និងអាជីវកម្មរួមទាំងការសងប្រាក់កម្ចីនៅចុងបញ្ចប់ពេលវេលាកំណត់ ការសងប្រាក់កម្ចីយឺត ការពន្យារពេលសងត្រឡប់ ជាដើម។
យើងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រអតិថិជននៅក្នុងផ្នែកដែលងាយរងគ្រោះជាពិសេសសហគមន៍ដែលស្វែងរកជំនួយពីយើងក្នុងអំឡុងពេលមានការលំបាកនេះ និងស្របតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង។
យើងក៏មានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាពីសំណាក់បុគ្គលិករបស់យើង ដែលបានបង្ហាញភាពស្វាហាប់ និងរឹងមាំក្នុងអំឡុងពេលមានវិបត្តិសកលនេះ។ អ្វីដែលលេចធ្លោសម្រាប់យើងគឺសកម្មភាពរបស់ពួកគេដែលបង្ហាញយ៉ាងច្បាស់ពីការសន្យានៃម៉ាកយីហោរបស់យើង ដែលថាយើងមកនៅទីនេះសម្រាប់ប្រជាជនកម្ពុជា ដោយប្រជាជនកម្ពុជា។
Q. ធនាគារ ឈីហ្វ បានសង្កត់ធ្ងន់លើការផ្តល់សេវាកម្មធនាគារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ តើរឿងនេះបានរួមចំណែកដល់ភាពជោគជ័យរបស់ខ្លួនយ៉ាងដូចម្តេច?
ការប្រកាន់ខ្ជាប់របស់ធនាគារ ឈីហ្វ ទៅនឹងស្តង់ដាខ្ពស់បំផុតនៅក្នុងធនាគារ គឺអាចមើលឃើញនៅក្នុងគោលនយោបាយដ៏ហ្មត់ចត់ស្តីពីការគ្រប់គ្រងហានិភ័យ។ នេះសរបញ្ជាក់ថា «ទោះបីជាទ្រព្យធានា ឬការស្នើសុំឥណទានមានលក្ខណៈល្អយ៉ាងណាក៏ដោយ ក៏យើងដាក់ភាពស្មោះត្រង់នៅនឹងមុខនៃយុទ្ធសាស្ត្រអាជីវកម្មរយៈពេលវែង និងប្រកាន់ខ្ជាប់នូវទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន»។
យើងបានធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានដើមទុនរបស់យើង ការគ្រប់គ្រងប្រតិបត្តិការ និងបង្កើនការវិនិយោគដោយប្រុងប្រយ័ត្ន។ យើងបន្តផ្តោតការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងហានិភ័យដើម្បីធានាថា ធនាគារ ឈីហ្វ នៅតែរឹងមាំ និងមានស្ថិរភាពនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើននេះ។ យើងមានក្រុមការងារដ៏ល្អមានរូបមន្តត្រឹមត្រូវ និងកម្លាំងហិរញ្ញវត្ថុរឹងមាំ។
ធនាគារ ឈីហ្វ ត្រូវបានគេមើលឃើញថា មានការរីកចម្រើនជាលំដាប់នៅក្នុងប្រទេសកម្ពុជាគិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅខែធ្នូ ឆ្នាំ ២០១៣ ដោយពីដំបូងមានដើមទុនត្រឹមតែ ១០ លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈទ្រព្យសកម្មសរុបមានចំនួនជាង ១៥១ លានដុល្លារ គិតត្រឹមថ្ងៃទី ៨ ខែកុម្ភៈក្នុងឆ្នាំនេះ និងមានបុគ្គលិកបម្រើការងារជាង ១៦០ នាក់។
ធនាគារទទួលបាននូវលទ្ធផលដ៏ល្អប្រសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះមានដូចជាការបន្តកំណើនប្រាក់ចំណូល និងគ្មាន NPLs។ ជាការពិតការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញបានកើនឡើង ប៉ុន្តែក្នុងទ្រង់ទ្រាយតូចបំផុតដែលទាបជាងកម្រិតមធ្យមនៅក្នុងឧស្សាហកម្មនេះ។
Q. តើមានអ្វីនៅពីក្រោយភាពរឹងមាំរបស់ធនាគារ ឈីហ្វ?
គន្លឹះដើម្បីទទួលបានជោគជ័យជាបន្តបន្ទាប់របស់ធនាគារ ឈីហ្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជន និងការវិនិយោគប្រកបដោយក្រមសីលធម៌ គួបផ្សំនឹងគំរូជោគជ័យ និងបទពិសោធជាច្រើនទសវត្សរ៍នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលនៅហុងកុងរបស់ក្រុមហ៊ុន Chief Group។
សាវតារបស់ម្ចាស់ភាគហ៊ុនរបស់យើងគឺនៅហុងកុង ជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយអស់រយៈពេលជាង ៤១ ឆ្នាំមកហើយធនាគារ ឈីហ្វ ទទួលមរតកដ៏ល្អនៃការធ្វើអាជីវកម្មដោយប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដែលផ្តោតលើអតិថិជនជាសំខាន់ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីឧត្តមភាពសេវាកម្ម។
យើងប្តេជ្ញាធ្វើជាដៃគូដ៏ល្អជាមួយអតិថិជនដ៏ស្មោះត្រង់របស់យើងក្នុងដំណើរឆ្ពោះទៅរកការសម្រេចគោលដៅដើម្បីភាពជោគជ័យ។
ធនាគារ ឈីហ្វ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យអនាគតកាន់តែប្រសើរ សម្រាប់ប្រជាជនកម្ពុជា អតិថិជនដ៏មានតម្លៃរបស់យើង និយោជិត និងឧស្សាហកម្មធនាគារនៅកម្ពុជា ព្រមទាំងសង្គមជាតិទាំងមូល។ ជោគជ័យរបស់ពួកគេគឺជាជោគជ័យរបស់យើង៕