ភ្នំពេញៈ ខេប៊ីគូកមីន (KB Kookmin Bank) ជាធនាគារឈានមុខគេនៅប្រទេសកូរ៉េខាងត្បូងបានបញ្ចប់ការទូទាត់ដែលមានតម្លៃ ៦០៣ លានដុល្លារលើភាគហ៊ុន ៧០ ភាគរយ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងការកំណត់ទិសដៅទិញភាគហ៊ុនដែលនៅសល់ដើម្បីប្រែក្លាយប្រាសាក់ ទៅជាធនាគារពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសបានពីប្រាសាក់កាលពីថ្ងៃទី ១៣ ខែមេសា ធនាគារខេប៊ីគូកមីនបានទិញភាគហ៊ុន ៧០ ភាគរយ ប្រកបដោយជោគជ័យរបស់មីក្រូហិរញ្ញវត្ថុប្រាសាក់កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០។ វាអាចធ្វើឲ្យប្រាសាក់ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KB Financial Group។ KB Financial Group ក៏គ្រោងនឹងដាក់បញ្ចូលក្រុមហ៊ុននេះជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុង នៅពេលដែលខ្លួនបានទិញភាគហ៊ុន ៣០ ភាគរយ ដែលនៅសល់នៅពេលអនាគត។
កាលពីខែធ្នូ ធនាគារខេប៊ីគូកមីនបានសម្រេចចិត្តក្នុងការទិញភាគហ៊ុន ៧០ ភាគរយ នៅក្នុងគ្រឹះស្ថានដែលទទួលប្រាក់បញ្ញើសន្សំមីក្រូហិរញ្ញវត្ថុ (MDI) ដែលខ្លួននឹងទិញពី LOLC Holdings Plc ដែលមានមូលដ្ឋាននៅប្រទេស ស្រីលង្កា ក្នុងតម្លៃ ៦០៣,៤ លានដុល្លារ។
ប្រាសាក់បានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការលក់ភាគហ៊ុន ៧០ ភាគរយ ឲ្យធនាគារខេប៊ីគូកមីន (KB) ដែលមានការិយាល័យកណ្ដាលនៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២៩ ខែមករា។
លោក ស៊ឹម សេនាជាតិ ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់បានឲ្យដឹងថា ការវិនិយោគរបស់ KB លើប្រាសាក់បង្ហាញពីសញ្ញាវិជ្ជមាន និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជា និងប្រាសាក់។
លោកថ្លែងថា៖ «ថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ សូមស្វាគមន៍ភាគទុនិកថ្មីរបស់យើង គឺធនាគារខេប៊ីគូកមីនដែលនឹងជ្រោមជ្រែងប្រាសាក់ក្នុងការបន្តប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដើម្បីពង្រីកបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា»។
លោកបន្ថែមថា ប្រាសាក់តែងតែនាំមុខគេលើទីផ្សារហិរញ្ញវត្ថុដោយមានបណ្ដាញប្រតិបត្តិការធំជាងគេក្នុងចំណោម MDI លទ្ធភាពរកប្រាក់ចំណេញខ្ពស់ និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពលើសម្ពាធឥណទាន និងតុល្យភាពប្រាក់បញ្ញើសន្សំ។
លោកបន្តថា ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះគ្រឹះស្ថានរបស់លោកសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនកាលពីឆ្នាំ ២០១៩ ដូចជា ទី១ សម្រេចបានទ្រព្យសកម្មសរុបចំនួន ៣,១១ ពាន់លានដុល្លារ ទី២ សមតុល្យឥណទានសរុប ២,៥០ ពាន់លានដុល្លារ ជាមួយនឹងអតិថិជនសេវាឥណទានសរុប ៤១៧ ០០០ នាក់ ទី៣ អនុបាតឥណទានមិនដំណើរការមានត្រឹមតែ ០,៤ ភាគរយទាបជាងអត្រាទីផ្សារ ទី៤ សមតុល្យប្រាក់បញ្ញើសន្សំសរុបមានចំនួន ១,៧៨ ពាន់លានដុល្លារ និងមានគណនីបញ្ញើសន្សំចំនួន ៧៤២ ០០០។
លោកលើកឡើងថា៖ «លទ្ធផលដែលប្រាសាក់សម្រេចបានមកនេះ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និយតករ អាជ្ញាធរមូលដ្ឋាន ព្រមទាំងការខិតខំប្រឹងប្រែងរបស់ថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ក្នុងការអនុវត្តយុទ្ធសាស្ដ្ររបស់យើង ការធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុ និងការបណ្ដុះវប្បធម៌បុគ្គលិកនាំមកនូវការរីកចម្រើនជាមួយគ្នា និងការទាញយកអត្ថប្រយោជន៍ពីបម្រែបម្រួលទីផ្សារ»។
លោកលើកឡើងថា៖ «ដោយមានការវិនិយោគពីខេប៊ី ប្រាសាក់នឹងនាំមកនូវផលិតផល និងសេវាហិរញ្ញវត្ថុទំនើបៗរួមមាន សេវាហិរញ្ញវត្ថុឌីជីថល និងធ្វើឲ្យប្រសើរឡើងនូវបទពិសោធ ធនាគារដើម្បីឆ្លើយតបតាមតម្រូវការរបស់ទីផ្សារជូនដល់អតិថិជនចាស់ និងអតិថិជនថ្មី ជាពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យម»។
លោក Hur Yin ប្រធាននាយកប្រតិបត្តិរបស់ធនាគារខេប៊ី គូកមីន បានឲ្យដឹងថា៖ «ការទិញយកប្រាសាក់នេះនឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពង្រីកបណ្ដាញធនាគារសម្រាប់សាធារណជនទូទៅរបស់ធនាគារ ខេប៊ី គូកមីន នៅទ្វីបអាស៊ី ដែលជាផ្នែកមួយនៃយុទ្ធសាស្ដ្រសកលរបស់ខេប៊ី»។
លោកបានបន្តថា៖ «ជាមួយនឹងផែនការរយៈពេលវែងក្នុងការប្រែក្លាយប្រាសាក់ទៅជាធនាគារពាណិជ្ជ យើងសង្ឃឹមថានឹងអភិវឌ្ឍប្រាសាក់ឲ្យកា្លយជាធនាគារឈានមុខគេ តាមរយៈការផ្ទេរសមត្ថភាពផ្នែកធនាគារដ៏រឹងមាំរបស់ខេប៊ី និងការធ្វើឲ្យប្រាសាក់ក្លាយទៅជាគ្រឹះក្នុងការធ្វើអាជីវកម្មនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍»៕LA