ភ្នំពេញៈ ទោះបីជាតម្លៃផ្សារហ៊ុនពិភពលោក និងតំបន់បានធ្លាក់ចុះរងឥទ្ធិពលដោយសារការរីករាលដាលកូវីដ១៩ ក្ដីតែប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាដែលបានចុះបញ្ជីជាផ្លូវការនូវសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួនដោយជោគជ័យលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ដែលធ្វើឲ្យផ្សារហ៊ុនមួយនេះមានក្រុមហ៊ុនចុះបញ្ជីកើនឡើងដល់ ១១ ក្រុមហ៊ុន។
ប្រាសាក់បានប្រមូលមូលនិធិជាង ៣១,៨ លានដុល្លារប្រកបដោយជោគជ័យពីសញ្ញាបណ្ណសាជីវកម្មជាមួយនឹងភាគហ៊ុនចំនួន ១ ២៧២ ០០០ និងអត្រាការប្រាក់ខ្ពស់របស់សញ្ញាបណ្ណសាជីវកម្មគឺ ៧,៥ ភាគរយក្នុង ១ ឆ្នាំដោយមានរយៈពេល ៣ ឆ្នាំ (ការទូទាត់ពាក់កណ្ដាលឆ្នាំ)។
លោក ស៊ឹម សេនាជាតិ ប្រធាននាយកប្រតិបត្តិប្រាសាក់បានឲ្យដឹងក្នុងអំឡុងពិធីចុះបញ្ជីនេះនៅ CSX ថាគ្រឹះស្ថានរបស់លោកបានទទួលការយល់ព្រមការចុះបញ្ជីពីគណៈកម្មការមូលបត្រកម្ពុជា (SECC) កាលពីថ្ងៃទី ២ ខែមេសា។ សញ្ញាបណ្ណនេះត្រូវបានធានាយ៉ាងពេញលេញដោយមូលនិធិបរធនពីធនាគារអភិវឌ្ឍន៍អាស៊ី និង ក្រុមហ៊ុន Credit Guarantee and Investment Facility (CGIF)។
លោកបានថ្លែងថា៖ «ពិតណាស់ការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មប្រាសាក់នៅផ្សារមូលបត្រកម្ពុជាមិនត្រឹមតែអនុញ្ញាតឱ្យប្រាសាក់ទទួលបាននូវប្រភពទុនមានរយៈពេលវែង និងមានប្រភពទុនថ្មីមួយទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូនគុណវុឌ្ឍយ៉ាងពេញលេញដល់ប្រាសាក់ក្នុងនាមជាគ្រឹះស្ថានដែលមានស្ថិរភាពហិរញ្ញវត្ថុដ៏រឹងមាំមានតម្លាភាពហិរញ្ញវត្ថុ និងអនុវត្តបានពេញលេញតាមបទប្បញ្ញត្តិនានា។
លោកបានថ្លែងបន្តទៀតថា៖ «បន្ថែមលើនេះយើងខ្ញុំជឿជាក់ថាការបោះផ្សាយមូលបត្របំណុលនេះក៏នឹងចូលរួមចំណែកគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការអភិវឌ្ឍផ្សារមូលបត្រនៅកម្ពុជា និងពង្រីកបរិយាប័ន្នហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយនៅកម្ពុជាបន្ថែមទៀត។
លោក ហុង សុហួរ អគ្គនាយក CSX បានឲ្យដឹងថា ប្រាសាក់ក្លាយជាក្រុមហ៊ុនចុះបញ្ជីទី ១១ នៅលើផ្សារហ៊ុននេះ និងជាក្រុមហ៊ុនទី ៦ ដែលចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម។
លោកថ្លែងថា៖ «មូលនិធិដែលបានប្រមូលពីផ្សារហ៊ុននេះនឹងក្លាយជាប្រភពមូលនិធិថ្មីមួយសម្រាប់ប្រាសាក់។ វាជាកិច្ចខិតខំប្រឹងប្រែងមួយរបស់គ្រឹះស្ថានក្នុងការធ្វើពិពិធកម្មប្រមូលមូលនិធិ សម្រាប់ការពង្រីកអាជីវកម្ម។ ខ្ញុំសង្ឃឹមថា ប្រាសាក់នឹងបន្តប្រមូលមូលនិធិកាន់តែច្រើនពីផ្សារមូលបត្រមួយនេះសម្រាប់ជម្រើសមូលនិធិ»។
លោកបន្តថា៖ «ខ្ញុំស្នើឲ្យប្រាសាក់ត្រូវពិចារណាការចុះបញ្ជីមូលបត្រកម្មសិទិ្ធ ដើម្បីអាចឲ្យសាធារណជនអាចកាន់កាប់ភាគហ៊ុនរបស់ខ្លួនផងដែរ។ ផ្សារមូលបត្រកម្ពុជារីករាយក្នុងការជួយសម្រួល និងឲ្យមានភាពកាន់តែងាយស្រួលលើនីតិវិធីចុះបញ្ជី និងលក្ខខណ្ឌតម្រូវ ជាពិសេសដូចជាប្រាសាក់ ខណៈដែលជាស្ថាប័នដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់រួចហើយសម្រាប់ការចុះបញ្ជីមូលបត្រកម្មសិទ្ធិ»។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (SECC) បានឲ្យដឹងថា CSX បានក្លាយជាកន្លែងវិនិយោគមួយសម្រាប់ក្រុមវិនិយោគិនសាធារណៈ ដើម្បីវិនិយោគលើផ្សារហ៊ុននេះ និងជាប្រភពទុនថ្មីមួយរបស់ក្រុមហ៊ុនឯកជន។
លោកបន្ថែមថា៖ «ប្រាសាក់បានប្រមូលមូលនិធិប្រហែល ៣២ លានដុល្លារ ក្នុងអំឡុងពេលវេលាដ៏លំបាកនេះដែលមានន័យថា ក្រុមវិនិយោគិនមានទំនុកចិត្តលើគ្រឹះស្ថាននេះ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ថ្មីៗនេះ SECC បានចេញបទប្បញ្ញត្តិថ្មីមួយស្ដីពីសញ្ញាបណ្ណសាជីវកម្មសម្រាប់ក្រុមវិនិយោគិនដែលមានគុណវុឌ្ឍគ្រប់គ្រាន់ដែលមានស្រាប់»។
លោក ហុង សុហួរ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៥ ខែឧសភាកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ១១ ក្នុងចំណោមនោះក្រុមហ៊ុន ៥ ចុះបញ្ជីមូលបត្រ និងក្រុមហ៊ុន ៦ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម និងមូលធនរួមចំនួន ២២៣ លានដុល្លារ។
គិតត្រឹមខែមីនា ប្រាសាក់សម្រេចបានទ្រព្យសកម្មសរុបតម្លៃ ៣,២៨ ពាន់លានដុល្លារមានផលបត្រកម្ចី ២,៧២ ពាន់លានដុល្លារ ដោយមានអ្នកខ្ចីជាង ៤២១ ៣៧៤ នាក់ចំណែកអត្រាកម្ចីមិនដំណើរការចំនួន ០,៤៧ ពិន្ទុភាគរយ ទាបជាងកម្រិតទីផ្សារ និងប្រាក់បញ្ញើ ១,៨១ ពាន់លានដុល្លារជាមួយនឹងគណនីជាង ៦១៦ ៣៧២៕ LA