ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ទទួលបាន​ការអនុម័ត​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) សម្រាប់​ការលក់​ភាគហ៊ុន​ភាគច្រើន​របស់​ខ្លួន​ទៅ​ឲ្យ​ធនាគារ KB Kookmin Bank របស់​កូរ៉េខាងត្បូង​កាលពី​ចុងខែ​មករា ដែល​បើក​ផ្លូវ​ឲ្យ​ប្រាសាក់​ផ្ដល់​ផលិតផល និង​សេវា​ទំនើបៗ​កាន់តែ​ច្រើន​ដល់​អតិថិជន​។

កាលពី​ចុង​ខែ​ធ្នូ ធនាគារ KB បាន​ប្រកាស​ថា ខ្លួន​បាន​សម្រេច​ចិត្ត​ទិញ​ភាគហ៊ុន ៧០ ភាគរយ​របស់​ប្រាសាក់​។ ធនាគារ​នេះ​ចំណាយ​ប្រាក់​ប្រហែល​ ៦០៣,៤ លាន​ដុល្លារ ដើម្បី​ទិញ​ភាគហ៊ុន​របស់​ប្រាសាក់​ពី​ក្រុមហ៊ុន LOLC Holdings មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្រីលង្កា​ដែល​គ្រប់គ្រង​ភាគហ៊ុន ៧០ ភាគរយ​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មួយ​នេះ​។


យោងតាម​លោក ស៊ីម សេនាជាតិ ប្រធាន​អគ្គនាយក​របស់​ប្រាសាក់​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍ ថា​គ្រឹះស្ថាន​របស់​លោក​ទទួល​បាន​ការអនុម័ត​ពី NBC នៅ​ថ្ងៃទី​ ២៩ ខែ​មករា​សម្រាប់​ការទិញ​ភាគហ៊ុន​ដោយ​ធនាគារ KB ដែល​នឹង​ផ្ដល់​ទំព័រ​ថ្មី​សម្រាប់​គ្រឹះស្ថាន​នេះ​ក្នុង​ការអភិវឌ្ឍ​ផលិតផល និង​បច្ចេកវិទ្យា​កាន់តែ​ច្រើន​។

លោក​ថ្លែងថា​៖ «​យើង​បាន​ទទួល​ការយល់ព្រម​រួចហើយ​​ពី​ធនាគារ​នៃ​កម្ពុជា​សម្រាប់​ការវិនិយោគ​របស់​ធនាគារ KB នៅក្នុង​ប្រាសាក់​ចាប់តាំងពី​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​ ២០២០​។ ប៉ុន្តែ​ការជួញដូរ​នេះ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ ដោយសារ​តែ​ធនាគារ KB នៅតែ​កំពុង​រង់ចាំ​ការយល់ព្រម​ពី​អាជ្ញាធរ​កូរ៉េ​នៅឡើយ ហើយ​យើង​រំពឹង​ថា ធនាគារ KB នឹង​ទទួល​បាន​ការយល់ព្រម​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។


លោក​បាន​ឲ្យ​ដឹងថា ការវិនិយោគ​របស់​ធនាគារ KB លើ​ប្រាសាក់​បង្ហាញ​សញ្ញា​វិជ្ជមាន​មួយ និង​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​មកលើ​ប្រទេស​កម្ពុជា និង​ប្រាសាក់​។ លោក​បន្តថា​៖ «​រហូត​មក​ដល់​ពេលនេះ យើង​មិនបាន​ពិភាក្សា​អំពី​ផែនការ​បន្ថែម​លម្អិត​នៅ​ឡើយ​ទេ​។ យើង​នឹង​ពិភាក្សា​ផែនការ​អនាគត​ក្នុង​ពេល​ឆាប់ៗ បន្ទាប់ពី​យើង​ទទួល​បាន​ការយល់ព្រម​ពី​អាជ្ញាធរ​ទាំងអស់​»​។

លោក​បន្តថា ប្រាសាក់​រំពឹង​ថា ធនាគារ KB នឹង​នាំយក​ផលិតផល​ទំនើប​កាន់តែ​ច្រើន បច្ចេកវិទ្យា​ទំនើប​នាំយក​មូលនិធិ​កាន់តែ​ច្រើន​ជាមួយ​តម្លៃ​អត្រា​ការប្រាក់​ទាប មូលធន​កាន់តែ​ច្រើន និង​បទពិសោធ​ធនាគារ​របស់​ពួកគេ​ដល់​ប្រាសាក់​។

យោងតាម​ប្រព័ន្ធ​ព័ត៌មាន​របស់​ប្រទេស​កូរ៉េ ធនាគារ KB Kookmin នឹង​បញ្ចប់​កិច្ចព្រមព្រៀម​ក្នុងពេល ៣ ​ខែ បន្ទាប់ពី​ការត្រួតពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ (due diligence) និង​ការយល់ព្រម​ពី​អាជ្ញាធរ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កូរ៉េ និង​កម្ពុជា​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​រំពឹងថា​នឹង​អាច​ឲ្យ​ធនាគារ KB Kookmin ពង្រឹង​បណ្ដាញ​អតិថិជន​ធនាគារ​របស់ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។

ធនាគារ KB Kookmin បាន​ឲ្យ​ដឹងថា ខ្លួន​មាន​ផែនការ​ទិញ​ភាគហ៊ុន​ដែល​នៅសល់ ៣០ ​ភាគរយ​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​នេះ​យ៉ាង​ហោចណាស់​រយៈពេល​ ២ ​ឆ្នាំ​បន្ទាប់ពី​ប្រតិបត្តិការ​នេះ​។

គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០១៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានទ្រព្យ​សកម្ម​សរុប​ចំនួន ៣,១១ ​ពាន់​លាន​ដុល្លារ កម្ចី​មាន​ចំនួន ២,៥១ ​ពាន់​លាន​ដុល្លារ ខណៈ​ពេល​ដែល​ប្រាក់​បញ្ញើ​សរុប​បាន​កើនឡើង​ដល់​ចំនួន ១,៧៨ ​ពាន់​លាន​ដុល្លារ​។ ត្រឹម​ដំណាច់ឆ្នាំ​ ២០១៩ ប្រាសាក់​បាន​ដំឡើង​ម៉ាស៊ីន​អេធីអឹម​ចំនួន ១៣៥ ​គ្រឿង ម៉ាស៊ីន​ឆូតកាត ៥០៩ ​កន្លែង និង​មាន​អ្នកប្រើប្រាស់​សេវា​ធនាគារ ចល័ត​ចំនួន ១៦ ១១៨ ​នាក់​៕ LA