ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មនៅផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍អំពីប្រតិបត្តិការអាជីវកម្មដ៏ល្អប្រសើរនៅត្រីមាសទី២ ឆ្នាំនេះ ទោះបីជាខ្លួនទទួលរងនូវសម្ពាធខ្លះៗពីការរីករាលដាលជំងឺកូវីដ ១៩ ដែលបណ្ដាលឱ្យសេដ្ឋកិច្ចរបស់កម្ពុជា មានការធ្លាក់ចុះក៏ដោយ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលផ្ញើទៅកាន់ (CSX) កាលពីថ្ងៃពុធ នៅចុងត្រីមាសទី២ ឆ្នាំ ២០២០ ទ្រព្យសកម្មសរុបមានចំនួន ៣ ៣៥៣ លានដុល្លារ កើនឡើង ១៩,៩ ភាគរយ ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ ២០១៩។ តុល្យភាពប្រាក់បញ្ញើបានកើនឡើងដល់ ១ ៩៣១ លានដុល្លារ និងផលបត្រកម្ចីដុលមានចំនួន ២ ៦៦៥ លានដុល្លារ។
នៅត្រីមាសទី២ ឆ្នាំ ២០២០ ប្រាក់ចំណេញមុនការបង់ពន្ធលើប្រាក់ចំណូលបានធ្លាក់ចុះ ៦៣ ៦២៨ លានរៀល ស្មើនឹងដក ៤៩,០៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ «ការធ្លាក់ចុះចំនួនប្រាក់ចំណេញនៅឆ្នាំនេះ ភាគច្រើនដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ដែលធ្វើឱ្យប៉ះពាល់ទូទាំងពិភពលោកដល់សេដ្ឋកិច្ចទាំងអស់ និងគ្រប់ប្រទេសទូទាំងពិភពលោក»។
លោក Kwi Sang JUN ប្រធានប្រាសាក់បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការគាំទ្រសង្គម សេដ្ឋកិច្ច ជាពិសេសវិស័យហិរញ្ញវត្ថុ ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ លោកបន្តថា ធនាគារជាតិនៃកម្ពុជា (NBC) បានដាក់ចេញកាលពីខែមីនា និងកំពុងបន្តអនុវត្តនូវសារាចរណែនាំក្នុងការផ្ដល់ឥណទានអំឡុងពេលនេះ និងការរៀបចំឥណទាននៃការសងប្រាក់កម្ចីឡើងវិញដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ ១៩។
លោកថា៖ «ទោះបីជាភាពមិនច្បាស់លាស់នៅពេលនេះក៏ដោយ ប្រាសាក់ បានបន្តរីកចម្រើនក្នុងគ្រប់វិស័យដែលរួមមានទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី ប្រាក់ចំណេញព្រមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ យើងបានគ្រប់គ្រងយ៉ាងរលូន អនុវត្តការផ្ទេរកម្មសិទ្ធិ និងបានចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មប្រាសាក់ប្រកបដោយជោគជ័យនៅលើផ្សារមូលបត្រកម្ពុជាជាមួយនឹងការចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មនេះ ប្រាសាក់ប្រមូលមូលនិធិបាន ៣១,៨ លានដុល្លារ។
លោកលើកឡើងថា៖ «វិបត្តិជំងឺកូវីដ ១៩ បានកំពុងរាតត្បាត និងប៉ះពាល់ដល់សេដ្ឋកិច្ច ដែលបានបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំនៃប្រវតិ្តសាស្ដ្រមកនេះ»។ លោកបន្តថា វិស័យ ៣ ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺទេសចរណ៍ ការនាំចេញផលិតកម្ម និងសំណង់ ដែលវាបានរួមចំណែកជាង ៧០ ភាគរយ នៃកំណើនសេដ្ឋកិច្ច និង ៣៩,៤ ភាគរយនៃការងារដែលមានប្រាក់ខែសរុបកាលពីឆ្នាំ ២០១៩។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃអង្គារ បានកែតម្រូវការព្យាករកំណើនឆ្នាំ ២០២០ របស់ខ្លួនសម្រាប់ប្រទេសកម្ពុជា មកនៅត្រឹមដក ៤,០ ភាគរយ ពីការព្យាករលើកមុនដក ៥,៥ ភាគរយ។ ធនាគារនេះបានដំឡើងការព្យាករដល់ ៥,៩ ភាគរយសម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១៕ LA