ក្រុងញូវយ៉កៈ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​មុន ដោយសារ​ការរំពឹងថា អង្គការ​ប្រទេស​នាំចេញ​ប្រេង (OPEC) នឹង​មិន​ចាត់វិធានការ​ជំរុញ​តម្លៃ​ប្រេង​ដោយ​តក់ក្រហល់​ឡើយ ខណៈ​ដែល​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​ធ្លាក់​ថ្លៃ​ដោយសារ​ក្តីបារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​។

តម្លៃ​ប្រេង​ក្នុង​កិច្ចសន្យា​អនាគត​សម្រាប់​ប្រេង​ប្រភេទ West Texas Intermediate របស់​អាមេរិក និង​ប្រេងឆៅ​ប្រភេទ Brent North Sea របស់​អឺរ៉ុប​បាន​ធ្លាក់​ថ្លៃ​មុន​កិច្ចប្រជុំ​របស់ អង្គការ OPEC នៅ​ថ្ងៃទី​ ៥ ខែ​ធ្នូ ក្នុង​ទីក្រុង​វីយែន ជា​ទី​ដែល​ក្រុមអ្នកវិភាគ​រំពឹងថា អង្គការ​នេះ​នឹង​រក្សា​កិច្ចព្រមព្រៀង​ផលិតកម្ម​ប្រេង​ក្នុង​កម្រិត​បច្ចុប្បន្ន ប៉ុន្តែ​មិន​កាត់បន្ថយ​ផលិតកម្ម​បន្ថែម​ឡើយ​។


ប្រេងឆៅ​ប្រភេទ Brent North Sea បាន​ធ្លាក់​ថ្លៃ ២,៣ ភាគរយ​​ មក​នៅ​ត្រឹម ៦២,៤៣ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល ខណៈ​ដែល​ប្រេងឆៅ​ប្រភេទ West Texas Intermediate ធ្លាក់ចុះ ៥,១ ភាគរយ ​មក​នៅត្រឹម ៥៥,១៧ ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។

លោក Andy Lipow មកពី​ក្រុមហ៊ុន Lipow Oil Associates បាន​ថ្លែងថា​៖ «​ទីផ្សារ​អាច​ទទួល​រង​ការខកចិត្ត​ថា អង្គការ OPEC នឹងមិន​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ឆៅ​បន្ថែម​ទេ​»​។


លោក​បន្ថែម​ថា​អង្គការ OPEC ស្ថិត «​ក្នុងតួនាទី​លំបាក​មួយ​» ដោយសារ​តម្រូវការ​ទាប និង​ទិន្នផល​កើនឡើង​កាន់តែ​ខ្ពស់​នៅ​សហរដ្ឋអាមេរិក និង​ក្នុង​តំបន់​ផ្សេងទៀត​។

ទីផ្សារ​ភាគហ៊ុន​បានបញ្ចប់​ជាមួយ​នឹង​ការធ្លាក់​ថ្លៃ​។ ផ្សារហ៊ុន​អាមេរិក​បាន​ធ្លាក់ចុះ​ពី​កម្រិត​តម្លៃ​ខ្ពស់​ក្នុង​វគ្គ​ជួញដូរ ខ្លី​មួយ​ក្នុង​ពេល​វិស្សមកាល ដោយ​មាន​ទំហំ​ជួញដូរ​ទាប​។

ក្រុមអ្នកវិភាគ​បាន​ឲ្យ​ដឹងថា ភាគហ៊ុន​នានា​បាន​ធ្លាក់​ថ្លៃ​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​កើនឡើង ខណៈ​ដែល​ទីក្រុង​ប៉េកាំង​បាន​គំរាម​សងសឹក​វិញ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី​ទីក្រុង​ហុងកុង​ដែល​គាំទ្រ​ដល់​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​នេះ​។

លោក Patrick O''Hare អ្នកវិភាគ​ប្រចាំ​គេហទំព័រ Briefing.com បាន​ថ្លែងថា ទីផ្សារ​មាន​អារម្មណ៍​ភ័យខ្លាច​បន្តិច​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​។ ទំហំ​ជួញដូរ​ភាគហ៊ុន​ទាប​បាន​ធ្វើឲ្យ​ធ្លាក់​ថ្លៃ​កាន់តែ​ខ្លាំង​។

ប្រាក់​អឺរ៉ូ​ឡើងថ្លៃ​ធៀប​នឹង​ប្រាក់​ដុល្លារ​ដោយ​ជួញដូរ​ក្នុងតម្លៃ ១,១០១៧ ដុល្លារ​ ក្នុង​ ១ ​អឺរ៉ូ​ពី​តម្លៃ ១,១០០៩ ​ដុល្លារ ខណៈ​ប្រាក់​ផោន​របស់​អង់គ្លេស​កើនឡើង​ដល់ ១,២-៩៣៣ ​ដុល្លារ​ក្នុង ១ ​ផោន​ពី ១,២៩១២​ ដុល្លារ​។

ធៀប​នឹង​ប្រាក់​ផោន​អង់គ្លេស ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ​ពី ៨-៥,២៧ ​ភែន​ក្នុង​ ១ ​អឺរ៉ូ​មក​ត្រឹម ៨៥,១៨ ​ភែន ខណៈ​ប្រាក់​ដុល្លារ​ធ្លាក់​ថ្លៃ​មក​ត្រឹម ១០៩,៤៧ យ៉េន​ក្នុង​ ១ ​ដុល្លារ​ពី ១០៩,៥១ ​យ៉េន​៕ KC