ភ្នំពេញៈ ផលិតកម្មស្វាយចន្ទីរបស់កម្ពុជាបានធ្លាក់ចុះជាង ៥០ ភាគរយ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះគិតត្រឹមឆ្នាំ ២០១៧ ដោយសារតែកសិករទូទៅផ្លាស់ប្តូរទៅដាំដំណាំកសិកម្មផ្សេងទៀតក្នុងការរត់ទៅតាមទីផ្សារ។ នេះបើតាមតួលេខបានពីក្រសួងកសិកម្ម។
ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាបាននឹងកំពុងតែជម្នះរួចហើយក្នុងការរកទីផ្សារមួយប្រកបដោយស្ថិរភាព ខណៈតំណាងសហគមន៍ឲ្យដឹងថាការពឹងលើឈ្មួញក្នុងស្រុកកំពុងធ្វើឲ្យប៉ះពាល់ដល់កសិករ។
ទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្មបង្ហាញថាកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ២៩៥ ៧៩១ តោនកាលពីឆ្នាំ ២០១៤ ជាមួយនឹងការនាំចេញកើនឡើងដល់ ២៧០ ៦៩៦ តោន។
ទោះបីយ៉ាងនេះក្តីទាំងបរិមាណផល និងការនាំចេញបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ឆ្នាំ ២០១៧ ។
កាលពីឆ្នាំ ២០១៧ ការផលិតបានធ្លាក់ចុះមកនៅត្រឹម ១៤២ ៧៧៣តោន ធ្លាក់ចុះ ៥១,៧៣ ភាគរយជាមួយនឹងការនាំចេញ ៧៣ ១៧៩ តោនប៉ុណ្ណោះដែលធ្លាក់ចុះ ៧២,៩៦ ភាគរយបើធៀបនឹងរយៈពេល ៣ ឆ្នាំចុងក្រោយនេះកាលពីឆ្នាំ ២០១៤។ នេះបើយោងតាមរបាយការណ៍។
របាយការណ៍បន្តថាទីផ្សារជាទិសដៅសំខាន់របស់គ្រាប់ស្វាយចន្ទីកម្ពុជាគឺវៀតណាម ចិន និងប្រទេសឥណ្ឌា។
លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៅក្រសួងកសិកម្មបានឲ្យដឹងកាលពីម្សិលមិញថា ការធ្លាក់ចុះនេះបានបង្ហាញអំពីអស្ថិរភាពនៅក្នុងវិស័យនេះ ខណៈកសិករតែងតែផ្លាស់ប្តូរទៅដាំដំណាំកសិកម្មផ្សេងទៀតដើម្បីរត់ទៅតាមតម្រូវការទីផ្សារ។
លោកថ្លែងថា៖ «យោងតាមទិន្នន័យ យើងមើលឃើញថាកសិករមិនមានទំនុកចិត្តលើការដាំដុះរបស់ពួកគេនោះទេ ពួកគេចង់ផ្លាស់ប្តូរទៅដាំដុះដំណាំកសិកម្មផ្សេងពេលពួកគេមើលឃើញផលចំណេញកាន់តែច្រើន ឬតម្រូវការខ្ពស់នៅលើទីផ្សារនេះ ពួកគេបានរត់តាមទីផ្សារ»។
លោក ហ៊ាន វណ្ណហន ហាក់បានបន្ទោសដល់កសិករទាក់ទងនឹងការដាំដុះ។
លោកថ្លែងថា៖ «កសិករមិនបានដឹងរបៀបដាំដុះផ្អែកលើបច្ចេកទេស និងផែនការត្រឹមត្រូវ ដើម្បីទៅដល់ទីផ្សារខ្លួនរបស់ពួកគេទេ»។ លោកបញ្ជាក់ថា៖ «នេះជាបញ្ហា ហើយកសិករភាគច្រើននៅតែបរាជ័យក្នុងការទទួលបានលើការដាំដុះរបស់ពួកគេ»។
ទោះបីយ៉ាងនេះក្តីលោកបញ្ជាក់ថា ក្រសួងកសិកម្មកំពុងព្យាយាមលើកកម្ពស់ឧស្សាហកម្មស្វាយចន្ទី ដោយលើកទឹកចិត្តពួកគេឲ្យរួមគ្នាជាសហករណ៍នៅក្នុងគោលនយោបាយកសិកម្មតាមកិច្ចសន្យា ដើម្បីទាក់ទាញអត្ថប្រយោជន៍កាន់តែច្រើនដល់ឧស្សាហកម្មនេះ។
លោកបន្តថាក្រសួងក៏បានបញ្ជូនមន្ដ្រីបច្ចេកទេសកសិកម្មទៅធ្វើការងារជាមួយកសិករ ដើម្បីទទួលបានការផលិតកាន់តែខ្ពស់ និងការចំណាយតិចផងដែរ។
លោកថ្លែងថា៖ «វាមានសារៈសំខាន់ ប្រសិនបើកសិករអាចបង្កើតសហករណ៍ពួកគេនឹងទទួលបានប្រយោជន៍ និងប្រាក់ចំណេញច្រើនបើការធ្វើកសិកម្មតាមកិច្ចសន្យាត្រូវធ្វើឡើង»។
លោកបន្តថា៖ «យើងមិនអាចធានាតម្លៃបានទេ ដោយសារវាជាទីផ្សារសេរី ប៉ុន្តែយើងអាចធានាថា ការផលិតនឹងទៅដល់អ្នកទិញតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា»។
លោក ឈីវ ងី នាយកសមាគមស្វាយចន្ទីនៅខេត្តកំពង់ធំបានឲ្យដឹងថា ស្ថាប័ននេះនៅតែកំពុងស្វែងរកអ្នកទិញដែលទុកចិត្តបានដើម្បីធានាតម្លៃប្រកបដោយស្ថិរភាពដល់កសិករ។
លោក ឈីវ ងី បានឯកភាពថាកសិករភាគច្រើនពិតជាមិនបានយល់ពីបច្ចេកទេស និងគុណភាព ដូច្នេះវាពិបាកក្នុងការបន្ថែមតម្លៃដល់ផលិតផលរបស់ពួកគេ។
លោកថ្លែងថា៖ «កសិករមួយចំនួនប្រញាប់ប្រមូលផល ទោះបីជាផ្លែស្វាយចន្ទីមិនទាន់រួចហើយក៏ដោយព្រមទាំងមិនដឹងពីបច្ចេកទេស និងការថែរក្សានោះទេ ដូច្នេះវាពិបាកក្នុងការទទួលបានតម្លៃខ្ពស់»។
លោកបន្តថា៖ «យើងចង់បានកសិកម្មតាមកិច្ចសន្យាជាង ប៉ុន្តែមកដល់ពេលនេះមិនមានការធ្វើកសិកម្មតាមកិច្ចសន្យាធ្វើឡើងតាមរយៈសមាគមនេះទេ»៕LA