ភ្នំពេញ: ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ប្រទេស​ ជប៉ុន​ បាន​បន្ត​កើនឡើង​នៅក្នុង​រយៈពេល​ ២ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ ​នេះ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បើ​ទោះ​ការរីករីលដាល​នៃ​វីរុស​កូរ៉ូណា​កំពុង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក និង​ក្នុង​តំបន់​ក្តី​។ នេះ​បើ​យោងតាម​ទិន្នន័យ​ចុងក្រោយ​បាន​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន​ (JETRO)​។

ការកើនឡើង​នេះ​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ ២ ​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើនឡើង​ដល់​ជាង ២ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ ទោះបី​ជា​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។


ទិន្នន័យ JETRO បង្ហាញថា កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ ៣៦៦ ​លាន​ដុល្លារ​ ទៅ​ប្រទេស​ ជប៉ុន​ ចាប់ពី​ខែមករា​ដល់​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ កើនឡើង​ត្រឹម​ចំនួន ២,៤ ​ភាគរយ ខណៈ​កម្ពុជា​នាំចូល​ពី​ប្រទេស​ជប៉ុន​មាន​តម្លៃ ៧០ ​លាន​ដុល្លារ​កើនឡើង​ ១០,៨ ​ភាគរយ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​កត់សម្គាល់ថា ការនាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​បាន​កើនឡើង​ជា​បន្តបន្ទាប់​ដែល​ឆ្លុះបញ្ចាំង​លំហូរ​ចូល​ការវិនិយោគ​ពី​ប្រទេស​នេះ​មក​កម្ពុជា​។


លោក​និយាយថា​៖ «​ការកើនឡើង​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​យ៉ាងខ្លាំង ដោយ​ខ្ញុំ​មើលឃើញ​ថា ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ យើង​បាន​ទទួល​ការវិនិយោគ​ជាច្រើន​ពី​ប្រទេស​ជប៉ុន និង​កើនឡើង​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។ ការនាំចេញ​របស់​យើង​ក៏​គួរតែ​មាន​ការធ្វើ​ពិពិធកម្ម និង​នាំយក​បច្ចេកវិទ្យា​ថ្មីៗ​នាំចេញ និង​ជំនាញ​ផងដែរ​»​។

លោក​បន្ថែមថា ទីផ្សារ​ជប៉ុន​ពិតជា​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​កម្ពុជា ខណៈ​វិស័យ​​កែច្នៃ​នឹង​ជាការ​ទាក់ទាញ​មួយ​ផ្សេងទៀត​សម្រាប់​ប្រទេស​ជប៉ុន​ក្នុង​ការវិនិយោគ និង​ការនាំចេញ​បន្ត​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​ពិត​មើលឃើញ​ជាមុន​ថា យើង​នឹង​ទទួលបាន​ការវិនិយោគ​កាន់តែ​ច្រើន​មក​កម្ពុជា​នៅ​ក្រោយ​កូវីដ​ ១៩ ខណៈ​ដែល​រដ្ឋាភិបាល​របស់​ជប៉ុន​សន្យា​រួចហើយ​ថា​នឹង​ជំរុញ​ក្រុម​វិនិយោគិន​ជប៉ុន​កាន់តែច្រើន​មក​កម្ពុជា​»​។

នៅក្នុង​កិច្ចប្រជុំ​កម្រិត​មន្ដ្រីជាន់ខ្ពស់​លើក​ទី​ ៣ រវាង​កម្ពុជា និង​ជប៉ុន ​ដែល​បានរៀបចំ​នៅក្នុង​កម្ពុជា​កាលពី​ចុងខែ​មីនា ភាគី​ទាំង​ ២ ​បានបង្ហាញ​សុទិដ្ឋិនិយម​ថា និន្នាការ​ដ៏ល្អ​នៅក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​កើន​ដល់​ជាង ២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ នឹង​បន្ត​ក្នុង​ឆ្នាំ​ ២០២០ ទោះបី​មាន​ការរីករាលដាល​កូវីដ​ ១៩​ ក៏ដោយ​។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​លោកស្រី ជា គីមថា បាន​ឲ្យ​ដឹង​នៅក្នុង​អំឡុង​កិច្ចប្រជុំ​នេះ​ថា ភាគី​ជប៉ុន​បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុង​ការបង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២​។

លោកស្រី​ថ្លែងថា​៖ «​ជប៉ុន​ក៏បាន​យល់ព្រម​នៅក្នុង​ការជំរុញ​ទំនាក់ទំនង​ដែល​ជាប់​ពាក់ព័ន្ធ​ធ្វើ​ការងារ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការកែលម្អ​បរិយាកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​ជប៉ុន​កាន់តែច្រើន​»​។

កម្ពុជា​បាន​នាំចេញ​ផលិតផល​មានតម្លៃ​ជាង​ ១,៧ ​ពាន់​លាន​ដុល្លារ​ទៅ​ទីផ្សារ​ជប៉ុន​កាលពី​ឆ្នាំ​ ២០១៩ កើនឡើង ៧,៧ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី JETRO​។

ទិន្នន័យ​នេះ​បង្ហាញ​ទៀតថា កម្ពុជា​បាន​នាំចូល​ផលិតផល​មានតម្លៃ​ជាង ៥៦៣ ​លាន​ដុល្លារ​កើន ៣៣,៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៥ ដល់​ខែកញ្ញា ឆ្នាំ​ ២០១៨ មាន​គម្រោង​វិនិយោគ​ជប៉ុន ១៤១ ​គម្រោង​ស្មើនឹង​ទុនវិនិយោគ ២,៥ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ក្នុងចំណោម​នេះ ៦៦ ​គម្រោង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាមួយនឹង​ទុន​វិនិយោគ​ដែល​ប៉ាន់ប្រមាណ​ចំនួន​ ៣៤០ ​លាន​ដុល្លារ​៕ LA