ក្រុង​ប៊្រុចសែលៈ មេ​ដឹកនាំ​អឺរ៉ុប នៅ​សប្តាហ៍​នេះ​នឹង​ពិភាក្សា​​គ្នា​អំពី​ការ​កំណត់​ទិសដៅ​មួយ​​សម្រាប់​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សូន្យ ​នៅ​ត្រឹម​ឆ្នាំ ២០៥០ បន្ទាប់​ពី​ការ​បោះឆ្នោត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ភ័យ​​ខ្លាច​អំពី​ការ​ប្រែប្រួល​អាកាសធាតុ។

កិច្ច​ប្រជុំ​របស់​មេ​ដឹកនាំ​សហភាព​​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​និង​ថ្ងៃ​សុក្រ​​សប្តាហ៍​នេះ​នៅ​ទីក្រុង​ប៊្រុចសែល នឹង​ពិភាក្សា​គ្នា​អំពី​ទិសដៅ «អព្យាក្រឹតភាព​អាកាសធាតុ» ​ឆ្នាំ ២០៥០ ដែល​អង្គការ​បរិស្ថាន WWF និយាយ​ថា បច្ចុប្បន្ន​មាន​ការ​គាំទ្រ​​ពី​ប្រទេស​ចំនួន ១៦ ក្នុង​ចំណោម​សមាជិក ២៨ របស់​សហភាព​​អឺរ៉ុប។


សេចក្តី​ព្រាង​នៃ​របៀបវារៈ​យុទ្ធសាស្រ្ត​របស់​សហភាព​អឺរ៉ុប​​​សម្រាប់​រយៈពេល ៦ ឆ្នាំ​ខាងមុខ បាន​​ឲ្យ​ដឹង​ថា៖ «ខណៈ​​ដែល​​ឥទ្ធិពល​របស់​ការ​ប្រែប្រួល​អាកាសធាតុ​បង្ហាញ​កាន់​តែ​ច្បាស់ និង​កាន់​តែ​រីក​រាលដាល យើង​ចាំបាច់​ត្រូវ​បោះ​ជំហាន​សកម្មភាព​​របស់​យើង​ជា​បន្ទាន់​ ​ដើម្បី​គ្រប់គ្រង​ការ​គំរាមកំហែង​ដែល​មាន​នេះ»។

យោង​តាម​សេចក្តី​ព្រាង​នេះ ដែល​ទទួលបាន​ដោយ​ AFP៖ «សហភាព​អឺរ៉ុប​អាច​នឹង​ត្រូវ​នាំ​មុខ តាមរយៈ​ការ​ចូលរួម​ក្នុង​ការ​​ផ្លាស់ប្តូរ​ស៊ី​​ជម្រៅ​នៃ​សេដ្ឋកិច្ច និង​សង្គម​​ផ្ទាល់​របស់​ខ្លួន ដើម្បី​សម្រេច​បាន​អព្យាក្រឹតភាព​អាកាសធាតុ»។


សេចក្តី​ព្រាង​នេះ​មាន​ព័ត៌មាន​​នៅ​ជើង​ទំព័រ​មួយ​ដែល​លើក​ឡើង​ពី​ការណ៍​​ដែល​អាច​ត្រូវ​បាន​កែ​សម្រួល ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​លទ្ធផល​នៃ​ការ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នេះ ដែល​ប្រភព​មួយ​ពី​​​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ទិសដៅ​ឆ្នាំ ២០៥០។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន ​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​បន្ថែម​ទៀត​​អំពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ទៅ​លើ​ការ​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច​ដែល​ដំណើរការ​ដោយ​ឥន្ធនៈ​ហ្វូស៊ីល​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ថាមពល​ស្អាត៕ AFP/KC​