ភ្នំពេញៈ ម្រេច​កំពត​ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ​ដំបូង​បំផុត​របស់​កម្ពុជា​ទទួល​បាន​ការការពារ​ជា​លក្ខណៈ​អន្តរជាតិ​នៅ​បណ្តា​ប្រទេស​ចំនួន ៣២ ​ក្រោម​ច្បាប់​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ស្ថិតនៅ​តំបន់​អឺរ៉ុប​ដែល​អ្នក​ផលិត​ជឿជាក់ថា​ការការពារ​នេះ​នឹង​ជួយ​ពង្រឹងគុណភាព និង​ពង្រីក​ទីផ្សារ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដែល​ជា​អ្នក​ផ្តួចផ្តើម​ការចុះបញ្ជី​ការពារ​នេះ​បាន​ដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ម្រេច​កំពត​» ជា​លក្ខណៈ​អន្តរជាតិ​នៅ​ថ្ងៃទី​ ២១ ខែ ​តុលា ឆ្នាំ​ ២០២០​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ១៥ ​ធ្នូ​។


ក្រសួង​ពាណិជ្ជកម្ម​បាន​បន្តថា ចាប់ពី​ពេល​នេះ​តទៅ​ម្រេច​កំពត​នឹង​ទទួលបាន​កិច្ចការពារ​ស្របច្បាប់​មិន​ឱ្យ​ភាគី​ទី​ ៣ ​ប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​ និង​រំលោភបំពាន​នានា ចំពោះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្នុង​បណ្តា​ប្រទេស​ហត្ថលេខី​។

ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា​៖ «​ការចូល​ជា​សមាជិក​របស់​កម្ពុជា​នេះ គឺជា​ការវិវឌ្ឍ​មួយ​ក្នុង​ការធ្វើ​សមាហរណកម្ម​កម្ពុជា​បន្ថែម​ទៀត​ចូលទៅ​កាន់​ប្រព័ន្ធ​អន្តរជាតិ​ដោយ​កិច្ចការពារ​ជា​លក្ខណៈ​អន្តរជាតិ​ពី​បណ្តា​ប្រទេស​ចំនួន​ ៣២ ​ដែល​ជា​ភាគី​ហត្ថលេខី​»​។


លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រទេស​កម្ពុជា​អាច​ស្នើសុំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​របស់ខ្លួន​ជា​លក្ខណៈ​អន្តរជាតិ តាមរយៈ​ការដាក់ពាក្យ​សុំ​តែ​ ១ ​លើក ហើយ​នឹង​ទទួលបាន​កិច្ចការពារ​ប្រឆាំង​នឹង​ការដណ្តើម​យក​ការប្រើប្រាស់​គ្មាន​ការអនុញ្ញត​ការធ្វើ​ត្រាប់​តាម ការ​ក្លាយ​ទៅ​ជា​ពាក្យ​ទូទៅ ឬ​ការទាញ​យក​ផលប្រយោជន៍​ពី​កិត្តិនាម​នៃ​ឈ្មោះ​ប្រភពដើម​ទំនិញ និង ម៉ាក​សម្គាល់​ភូមិសាស្ត្រ​។

លោក​ថ្លែង​ទៀតថា ចំពោះ​ផលិតករ​ម្រេច​កំពត ការកែច្នៃ​ម្រេច ក៏ដូចជា ការវេចខ្ចប់​ជាដើម​នៅ​ក្រៅ​ទីតាំង​ភូមិសាស្ត្រ​ផលិត​អាចនឹង​ទទួល​បាន​ភាពទន់ភ្លន់ (Flexibility) ​ជាង​មុន​អាស្រ័យ​ដោយ​ការរក្សាបាន​នូវ​គុណភាព​ដើម​ជា​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (Origin-based quality product) របស់​ផលិតករ​ម្នាក់ៗ​។

លោក​ថ្លែងថា​៖ «​ការចុះបញ្ជី​ការពារ​ជា​លក្ខណៈ​អន្តរជាតិ​នឹង​ជួយ​ពង្រីក​ទីផ្សារ​ម្រេច​កំពត​នៅ​អន្តរជាតិ​កាន់តែ​ទូលាយ​ថែមទៀត ជាពិសេស​នៅក្នុង​ប្រទេស​ទាំង​ ៣២ ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​នេះ​»​។

លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ (KPPA) បានឱ្យ​ដឹងថា លោក​ពិត​រីករាយ​ចំពោះ​ព័ត៌មាន​នេះ ដោយ​លោក​ជឿថា វា​នឹង​ជួយ​ពង្រឹង​គុណភាព និង​លើកកម្ពស់​ទីផ្សារ​ម្រេច​កំពត​ក្នុង​ឆាក​អន្តរជាតិ​ជាពិសេស​អឺរ៉ុប​។

លោក​ថ្លែងថា​៖ «​ម្រេចកំពត​យើង​នឹង​ទទួលបាន​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ​ថែមទៀត ហើយ​វា​ក៏​នឹង​ទទួល​បាន​ការពារ ដើម្បី​ទប់ស្កាត់​ពី​ការក្លែងបន្លំ​ម៉ាក​នៅលើ​ទីផ្សារ​អន្តរជាតិ​»​។

លោក ធឿន តិចម៉េង មន្ត្រី​នៃ​ក្រុមហ៊ុន ខនហ្វីរេល (Confirel Co,.Ltd) បានឱ្យ​ដឹងថា ការចុះបញ្ជី​ការពារ​ជា​លក្ខណៈ​អន្តរជាតិ​ក្រោម​ច្បាប់​ទីក្រុង​ហ្សឺណែវ​ស្តីពី​កិច្ចព្រមព្រៀង​ទីក្រុង​លីសបោន​ប្រទេស​ព័រទុយហ្គាល់​អំពី​ឈ្មោះ​ប្រភព​ដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នឹង​ជួយ​បង្កលក្ខណៈ​ងាយ​ឱ្យ​ក្រុមហ៊ុន​លោក​នាំចេញ​ផលិតផល​ម្រេច​កំពត​ងាយស្រួល​ទៅកាន់​បណ្តា​ប្រទេស​ទាំង​ ៣២ ​នេះ​ដោយ​រលូន​។

លោក​មានប្រសាសន៍​ថា៖ «​នេះ​បង្ហាញថា ម្រេច​កំពត​នឹងមាន​ការទទួលស្គាល់​ពី​គុណភាព​ពី​ប្រទេស​កាន់តែ​ច្រើនឡើង ដែល​វា​នឹង​សម្រួល​ដល់​ការនាំចេញ​របស់​យើង​»​។

បើតាម​លោក សុវិជាតិ ក្រសួង​ពាណិជ្ជកម្ម​នឹង​បន្ត​ចុះបញ្ជី​ម៉ាក​សមូហភាព រួមមាន អំបុក​កំពង់ធំ ហើយ​កំពុង​រៀបចំ​ការចុះបញ្ជី​ម៉ាក​សមូហភាព នំ​បញ្ចុក​សៀមរាប ចម្លាក់​ប្រាក់​ស្ពាន់ ឃុំ​កំពង់​លួង​កោះអន្លង់ចិន ខេត្ត​កណ្តាល ស្មូន​ឆ្នាំងដី​ខេត្ត​កំពង់ឆ្នាំង ព្រមទាំង​ពងទា​កូន​ស្រែ​រនោង ខេត្ត​តាកែវ ដែលជា​ម៉ាក​សមូហភាព (Collective Mark) ​ចុះបញ្ជី​ក្នុង​ស្រុក​។

ក្រសួង​ក៏​កំពុង​អនុវត្ត​គម្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​អំបិល និង​ផ្កាអំបិល​កំពត​» ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ដោយមាន​កិច្ចសហការ និង​ការគាំទ្រ​ពី​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក និង​គម្រោង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ថ្នាក់​តំបន់​ (GI Regional Project 2021-2023) ដែល​អាច​ជំរុញ​ឱ្យ​មាន​ការចុះបញ្ជី​ជា​អន្តរជាតិ​ដើម្បី​ពង្រីក​ទីផ្សារ​សម្រាប់​ទំនិញ​ទាំងនោះ​៕ LA