កំពតៈ កាលពី​ខែមេសា ឆ្នាំ​ ២០១០ ម្រេច​កំពត​ត្រូវ​បាន​ចុះបញ្ជី​ម៉ាក​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ក្រសួង​ពាណិជ្ជកម្ម​លើកដំបូង​នៅ​កម្ពុជា​។ កត្តា​តម្លៃ និង​ទីផ្សារ​ល្អ​ដែល​កើតចេញ​ពី​ការចុះបញ្ជី​ម៉ាក​នេះ​បាន​ជំរុញ​ទឹកចិត្ត​អ្នកវិនិយោគ​ក្នុងស្រុក និង​កសិករ​ជាច្រើន​ឲ្យ​ចូលរួម​ដាំដុះ ដោយ​មិន​ត្រឹមតែ​ក្នុង​តំបន់​ដែល​ទទួលស្គាល់​ដោយ​ម៉ាក​សញ្ញា​ប៉ុណ្ណោះ​ទេ សូម្បីតែ​ខេត្ត​ផ្សេងៗ​ស្ទើរ​ទូទាំង​ប្រទេស​ក៏​ពេញ​និយម​ដាំដុះ​ដោយ​រំពឹង​ទទួលបាន​ផលប្រយោជន៍​ខ្ពស់​ពី​ដំណាំ​នេះ​។

មកដល់​បច្ចុប្បន្ន​ដំណាំ​ម្រេច​បាន​រីកចម្រើន​ដោយ​ផ្នែក​ប៉ុណ្ណោះ​ដូចជា​ទំហំ​ផ្ទៃដី​ដាំ​ដុះ​ចំនួន​ដើម​ម្រេច​ប្រមូលផល និង​បរិមាណ​ទិន្នផល​ជាដើម ប៉ុន្តែ​ទីផ្សារ និង​តម្លៃ​នៅតែ​មាន​ភាពមិន​ទាន់​ប្រាកដប្រជា​នៅឡើយ​សម្រាប់​ម្រេច​សម្គាល់​ភូមិសាស្ត្រ​កំពត ខណៈ​តម្លៃ​ម្រេច​ក្រៅ​តំបន់​ខាងលើ​បាន​ដាំ​ក្បាល​ចុះ​ធ្វើឲ្យ​អ្នក​ដាំ​ខកចិត្ត​យ៉ាងខ្លាំង​។


ទិន្នន័យ​សមាគម​លើកកម្ពស់​គុណភាព​ម្រេច​កំពត បង្ហាញ​ថា​គ្រួសារ​ដាំដុះ​ម្រេច​កំពត​ដែល​ជា​សមាជិក​របស់​សមាគម​មាន​ត្រឹមតែ​ ១១៨ ​គ្រួសារ​ប៉ុណ្ណោះ កាលពី​ឆ្នាំ​ ២០១០ បាន​កើន​ជាង ៤៨៥ ​ភាគរយ​ ដល់​ចំនួន ៤៥៥ ​គ្រួសារ​នាពេល​បច្ចុប្បន្ន​។

ចំនួន​ជន្លង់ម្រេច​វិញ​បាន​កើនឡើង​ពី​ចំនួន ២៧ ០១២ ជន្លង់​ក្នុង​ឆ្នាំ​ ២០១០ ដល់​ចំនួន ៧២៧ ៣១៧ ជន្លង់​ដោយ​ជិត ៦០០ ០០០ ​ជន្លង់ ​ត្រូវ​បាន​ប្រមូលផល​នាពេល​បច្ចុប្បន្ន​។ រីឯ​ផ្ទៃដី​ដាំដុះ​ម្រេច​កំពត​វិញ​បាន​កើន​ពី​ ១១ ​ហិកតា​ក្នុង​ឆ្នាំ​ ២០១០ ដល់ ២៥១ ​ហិកតា​នាពេល​បច្ចុប្បន្ន​។ ទិន្នផល​ម្រេច​កំពត​សម្រេច​បាន​ជាង ១០០ ​តោន​កាលពី​ឆ្នាំ​កន្លង​ទៅ​នេះ​។


ទិន្នន័យ​ដដែល​បង្ហាញ​ទៀតថា តម្លៃ​ម្រេច​កំពត​ក៏​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ម្រេចខ្មៅ​មាន​តម្លៃ​ ៥,៧៥ ​ដុល្លារ​ម្រេច​ក្រហម​មាន​តម្លៃ ១០ ​ដុល្លារ និង ម្រេចស​មាន​តម្លៃ ១២ ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម​កាលពី​ឆ្នាំ​ ២០១០​។ បច្ចុប្បន្ន​តម្លៃ​របស់​វា​បាន​ហក់​ឡើង​ជា​បន្តបន្ទាប់​រហូត​ដល់ ១៥ ​ដុល្លារ​សម្រាប់​ម្រេចខ្មៅ ២៥ ​ដុល្លារ​សម្រាប់​ម្រេច​ក្រហម និង ២៨ ដុល្លារ​សម្រាប់​ម្រេចស​។

ម្រេច​ទុំ​ដល់​ពេល​ប្រមូលផល​។ រូបថត សហការី

តម្លៃ​ចុងក្រោយ​ខាងលើ​នេះ​បាន​អនុវត្ត​ដូចៗ​គ្នា​រយៈពេល​ ៣ ​ឆ្នាំ​មកហើយ​។ នេះ​បើ​យោងតាម​លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​។ លោក​បន្ថែម​ថា តម្លៃ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នេះ​នឹង​មិនអាច​បញ្ចុះ​ថ្លៃ​ជាង​នេះ​បាន​ទេ ដោយសារ​កត្តាផលិតកម្ម​ខ្ពស់​ស្រប​តាម​លក្ខខណ្ឌ​ដែល​ចែង​ក្នុង​សៀវភៅ​បន្ទុក​ដែលជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​មាន​ការចំណាយ​ខ្ពស់​សម្រាប់​ការថែទាំ​។

លោក​និយាយថា​៖ «​តម្លៃ​ម្រេច​កំពត​មិនអាច​ចុះ​ជាង​នេះ​ទេ​។ បើ​ចុះ​ជាង​នេះ​គេ​មានតែ​បោះបង់​ម្រេច​ចោល ព្រោះ​ការចំណាយ​ថ្លៃដើម​ផល​ខ្ពស់ និង​ពិបាក​អនុវត្តតាម​សៀវភៅ​បន្ទុក​»​។

អ្នកជំនាញ​ក្នុង​ដំណាំ​កសិកម្ម​នេះ​បាន​អះអាងថា ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នេះ​មិនទាន់​បម្រើ​ប្រជាជន​ពិតប្រាកដ និង​ទាញយក​អស់​សក្តានុពល​នោះទេ​។

លោក ហៃ លីអ៊ាង នាយក​ក្រុមហ៊ុន PPM ដែល​មាន​វិនិយោគ​លើ​ការដាំដុះ​ចម្ការ​ម្រេច​នៅ​ខេត្ត​កែប និង​បាន​កែច្នៃ​ផលិតផល​ម្រេច​ទៅជា​ផលិតផល​គ្រឿងទេស​ជាច្រើន​ប្រភេទ​បាន​ឲ្យ​ដឹងថា ម្រេច​កំពត​បាន​ចុះបញ្ជី​ម៉ាក​យ៉ាងល្អ ប៉ុន្តែ​ការធ្វើ​អាជីវកម្ម​លើ​ម៉ាក​សញ្ញា​នេះ​នៅ​មិនទាន់​អស់​សក្តានុពល​ទេ​។ លោក​បន្តថា ម៉ាក​សញ្ញា​ម្រេច​កំពត​នៅ​មាន​ភាពទន់ខ្សោយ​យ៉ាងខ្លាំង​លើ​យន្តការ​គ្រប់គ្រង​ទីផ្សារ គុណភាព និង​តម្លៃ​ផលិត​ដែល​លក់​ចេញ​ពី​សមាគម​ធៀប​តម្លៃ​នៅ​ទីផ្សារ​លក់រាយ​នៅ​ទីផ្សារ​អនុ្តរជាតិ​។

លោក ហៃ លីអ៊ាង បាន​អះអាង​​ថា​៖ «​ពិត​ហើយ​យើង​ទទួលស្គាល់​ថា ម្រេច​កំពត​ជា​ស្តេច​ម្រេច ប៉ុន្តែ​យើង​នៅ​ខ្វះខាត​ច្រើន​មិនទាន់​ឆ្លើយតប​នៅ និង​សៀវភៅ​បន្ទុក ហើយ​ប្រយោជន៍​ដល់​កសិករ​ដាំដុះ​ម្រេច​ទទួលបាន​»​។

ម្រេច​កំពត​លក់​នៅ​ប្រទេស​បារាំង​មាន​តម្លៃ ១៧០ ​អឺរ៉ូ​ក្នុង​ ១ ​គីឡូក្រាម​ដែល​ប្រហាក់ប្រហែល ២៣០ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម ដែល​ខុសគ្នា​ឆ្ងាយ​ធៀប​តម្លៃ​ដែល​កសិករ​ដាំដុះ​ទទួលបាន​ត្រឹមតែ​មធ្យម​ប្រមាណ​ ១៥ ​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការអះអាង​របស់​លោក ហៃ លីអ៊ាង​។

តាម​លោក ហៃ លីអ៊ាង តម្លៃ​ម្រេច​នៅ​ទីផ្សារ​លក់រាយ​អន្តរជាតិ​គួរ​ស្ថិត​ចន្លោះ​ពី​ ៥០-៦០ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម ដែល​ធ្វើឲ្យ​​ការលក់​សម្រេចបាន​បរិមាណ​ច្រើន ហើយ​កសិករ​ក៏បាន​ទទួលផល​ច្រើន​ដែរ​។

ទោះបី​យ៉ាងណា​លោក អប់ រ៉ាឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម​យល់ឃើញថា ម្រេច​កំពត​នៅតែមាន​សក្តានុពល​ខ្លាំង​បើ​ធៀប​ជាមួយ​ផលិតផល​ម្រេច​ដែល​គ្មាន​ការចុះបញ្ជី​ការពារ​ម៉ាក​។ លោក​អះអាង​ថា ត្រង់​តម្លៃ​ទាប​ពី​កសិករ និង​តម្លៃ​ខ្ពស់​នៅ​ទីផ្សារ​លក់រាយ​នៅ​អន្តរជាតិ​គឺ​អាស្រ័យ​លើ​បច្ចេកទេស​របស់​ពាណិជ្ជកម្ម​ដែល​ត្រូវ​ចំណាយ​លើ​គុណភាព​នៃ​ការវេចខ្ចប់​។ លោក​ថ្លែងថា​៖ «​ទំនិញ​ចុះបញ្ជី​ម៉ាក​ត្រឹមត្រូវ​បាន​បង្កើត​តម្លៃបន្ថែម​របស់​វា ហើយ​អ្នកប្រើប្រាស់​ទទួល​បាន​ផលិតផល​ល្អ និង​មាន​គុណភាព​»​។

លោក​បន្តថា តម្លៃ​ម្រេច​ទូទៅ​បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​ម្រេច​កំពត​មិន​ទទួលរង​ផលប៉ះពាល់​ទេ ដែល​បញ្ជាក់​ឲ្យ​​ឃើញថា មាន​ការជឿជាក់​លើ​គុណភាព​ពី​សំណាក់​ទីផ្សារ​។

លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​នៅតែ​ជឿថា គុណភាព​ម្រេច​កំពត​នៅតែ​ល្អ​ដោយសារ​តែ​កសិករ​ទាំងអស់​មាន​កាតព្វកិច្ច​អនុវត្ត​តាម​សៀវភៅ​បន្ទុក​ដែល​បាន​ចង​រួចរាល់​សម្រាប់​ធានា​គុណភាព​នេះ​យូរអង្វែង​»​។

ម្រេចកំពត​ដែល​ត្រូវបាន​គេ​ដាំដុះ​នៅក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កែប ទទួល​បាន​វិញ្ញាបនបត្រ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ទៅលើ​គុណភាព​ខ្ពស់​ពី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ខែមេសា ឆ្នាំ​ ២០១០​។ ចាប់តាំងពី​ពេលនោះ​មក​ទិន្នផល​ម្រេច​កំពត​ដែល​ប្រមូល​ចេញពី​តំបន់​មួយ​នេះ​មាន​កំណើន​ជា​លំដាប់​តាមរយៈ​ការដាំដុះ​បន្ថែម និង​ទីផ្សារ​ល្អ​។

ដោយសារ​កត្តា​តម្លៃ ម្រេច​កំពត​បាន​ក្លាយ​ជា​ចលករ​រុញច្រាន​ឲ្យ​មាន​កំណើន​ក្នុង​ការដាំដុះ​មិន​ត្រឹមតែ​ក្នុង​មូលដ្ឋាន​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ខេត្ត​ផ្សេងៗ​នៅ​ស្ទើរ​ទូទាំង​ប្រទេស​។

លោក ច័ន្ទ សុផល អ្នក​ស្រាវជ្រាវ​ដ៏ល្បី​ ១ ​រូប​នៅ​កម្ពុជា​ដែល​បាន​ចូលប្រឡូក​ក្នុង​ការដាំដុះ​ម្រេច​លើ​ផ្ទៃដី​ប្រមាណ ៥ ​ហិកតា​នៅ​ខេត្តមណ្ឌលគិរី​រយៈពេល​ ៦ ​ឆ្នាំ​កន្លងមក​បាន​ឲ្យ​ដឹងថា លោក​បាន​សម្រេច​ចិត្ត​ដាំ​ម្រេច​ដោយ​មើលឃើញថា ទីផ្សារ​នាពេល​នោះ​ល្អ​ដោយមាន​តម្លៃ​ប្រហែល​ជិត ១០ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម​ដោយ​រំពឹងថា​ទោះ​តម្លៃ​ម្រេច​ធ្លាក់ចុះ​ក៏​ស្ថិតក្នុង​ចន្លោះ ៤ ​ទៅ​ ៥ ​ដុល្លារ​ដែរ​ក្នុង​ ១ ​គីឡូក្រាម​ដែល​អាចបង្កើត​ប្រាក់ចំណេញ​បាន​។

ប៉ុន្តែ​តម្លៃ​ម្រេច​បាន​ធ្លាក់ចុះ​រហូត​ដល់​ក្រោម ២​ ដុល្លារ​ក្នុងអំឡុង​ខែមីនា និង​ខែមេសា ឆ្នាំ​ ២០២០ សម្រាប់​តម្លៃ​បោះ​ដុំ​ដែល​ឈ្មួញ​នាំចេញ​ទៅកាន់​ប្រទេស​ជិតខាង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សម្រេច​​ចិត្ដ​ដាំ​ម្រេច ដោយសារ​ពេល​នោះ​ម្រេច​មាន​តម្លៃ​ខ្ពស់ ហើយ​ខ្ញុំ​យល់ថា វា​នឹង​មិន​ចុះ​លឿនពេក​ទេ​»​។

កាលពី​ឆ្នាំ​ ២០១៧ ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់បាន​បង្ហាញ​ថា ការដាំដុះ​ម្រេច​មាន​សម្ទុះ​ជាខ្លាំង បន្ទាប់ពី​មាន​ស្ថិរភាព​តម្លៃ​ម្រេច​ធៀប​នឹង​ផលិតផល​ផ្សេងៗ​ទៀត ដែល​កាល​នោះ​ម្រេច​នៅ​ទូទាំង​ប្រទេស​មាន​បរិមាណ​ ២ ​ម៉ឺន​តោន ខណៈ​តម្រូវការ​ប្រើប្រាស់​ម្រេច​ក្នុង​ស្រុក​មាន​ត្រឹម​ប្រមាណ ៣០០ ​តោន​ប៉ុណ្ណោះ ដោយ​បរិមាណ​ក្រៅពី​នោះ​ពឹងផ្អែក​ទាំងស្រុង​លើ​ការនាំចេញ​តាម​ច្រក​ទីផ្សារ​ប្រទេស​ជិតខាង​៕

រ៉ាន់ រើយ