ភ្នំពេញៈ ការបញ្ជាទិញ​ម្រេច​កំពត​ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI) ​បាន​កើនឡើង​វិញ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​១៩ មាន​ភាពធូរស្រាល​បន្តិច ខណៈ​តម្រូវការ​ទីផ្សារ​នៅ​តំបន់​អឺរ៉ុប​បាន​កើនឡើង​ខ្ពស់​ក្នុង​អំឡុង​ពេល​មាន​វិធានការ​រឹតត្បិត​ការធ្វើ​ដំណើរ​។

លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន​ដែល​ជា​សមាជិក​សមាគម​បាន​ចាប់ផ្តើម​កុម្ម៉ង់​ទិញ​ម្រេច​កំពត​ជា​បន្តបន្ទាប់ បើទោះ​ជា​នៅក្នុង​បរិមាណ​តិចតួច​ក៏ដោយ ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ការងើបឡើង​វិញ​នៃ​ទីផ្សារ​ធៀប​នឹង​ដើម​ឆ្នាំ​ដែល​គ្មាន​ការបញ្ជាទិញ​សោះ​។


លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​ក្រោយពី​ជំងឺ​កូវីដ​មាន​ភាពស្ងាត់​នៅ​ប្រទេស​បញ្ជា​ទិញ​ធំៗ​ដូចជា​អាមេរិក និង​អឺរ៉ុប ទីផ្សារ​ម្រេច​នឹង​ងើបឡើង​វិញ ព្រោះ​ម្រេច​កំពត​នៅតែ​មាន​សក្តានុពល​»​។

ខណៈ​ការប្រមូលផល​ម្រេច​កំពត​បាន​បិទ​បញ្ចប់​តាំងពី​សប្តាហ៍​ទី​ ១ ក្នុង​ខែមិថុនា​នេះ​តាម​ការព្យាករ​ទិន្នផល​ម្រេច​ក្នុង​ឆ្នាំ​ ២០២០​នេះ អាច​សម្រេច​បាន​ក្នុង​រង្វង់ ៩០ ​តោន ខណៈ​ម្រេច​នៅសល់​ក្នុង​ស្តុក​ចន្លោះ ១២០ ​តោន​ទៅ ១៣០ តោន​។


លោក​បញ្ជាក់ថា​៖ «​យើង​នៅតែ​សង្ឃឹមថា ការនាំចេញ​ម្រេច​កំពត​នឹងមាន​បរិមាណ​ប្រហាក់ប្រហែល​ឆ្នាំ​មុន​គឺ​ក្នុង​រង្វង់​ ៧០ ​តោន​ ក្នុង​ ១ ​ឆ្នាំ​»​។

លោក Sebastien LESIEUR អគ្គនាយក​ក្រុមហ៊ុន Farm Link ltd ដែលជា​ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​ម្រេច​បាន​និយាយថា មកដល់​ពេល​នេះ​ក្រុមហ៊ុន​របស់​លោក​បាន​បញ្ជា​ទិញ​ម្រេច​កំពត​ប្រមាណ ៧ តោន​​ ហើយ​លោក​នឹង​បញ្ជា​ទិញ ៤ ​តោន​ទៀត​ក្នុង​រយៈពេល​ ៣ ​ខែ​បន្ទាប់​។

លោក​បាន​ឲ្យ​ដឹងថា ការនាំចេញ​របស់​ក្រុមហ៊ុន​សម្រេច​បាន ៥ ​តោន ​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ កើនឡើង​ ២ ​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ម្រេច​កំពត​ត្រូវ​បាន​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ឆ្នាំ​ ២០១០​។ បច្ចុប្បន្ន​តំបន់ GI របស់​ម្រេច​កំពត​មាន​ផ្ទៃដី ២៥០ ​ហិកតា​ ស្ថិត​ក្នុង​ខេត្ត​កំពត និង​កែប​៕ LA