ក្រុងប៉េកាំងៈ ក្រុមហ៊ុន​ផលិត​យន្តហោះ​ចិន COMAC មាន​គោល​បំណង​ប្រគល់​យន្តហោះ​មាន​ច្រក​ដើរ​តែ​មួយ​ម៉ូដែល C919 ដំបូង​របស់​ខ្លួន​ឲ្យ​អតិថិជន​នៅ​ឆ្នាំ​ ២០២១ ​ខាង​មុខ​។ នេះ​បើ​តាម​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ក្នុង​ពិធី​ពិព័រណ៍​យន្តហោះ​មួយ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​សិង្ហបុរី​។

លោក Lu Zheng អនុប្រធាន​ទូទៅ​នៅ​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន COMAC បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ក្រុមហ៊ុន COMAC កំពុង​ខិតខំ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ហោះហើរ​របស់​ចិន​ឲ្យ​យន្តហោះ​ម៉ូដែល C919 នេះ​ក្នុង​រយៈពេល ៣ ទៅ ៤ ឆ្នាំ​ខាង​មុខ​នេះ និង​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ហោះហើរ​នេះ​ពី​អាមេរិក និង​អឺរ៉ុប​ទៀត​ផង​ដែរ​។


លោក Lu បញ្ជាក់​ថា​ដំណើរការ​អនុម័ត​នេះ «​មិន​គួរ​មាន​ផលប៉ះពាល់​ណា​មួយ​» លើ​ពេលវេលា​នៃ​ការ​ប្រគល់​យន្តហោះ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន China Eastern Airlines ដែល​ជា​អតិថិជន​ដំបូង​របស់​យើង​នោះ​ឡើយ​។

លោក Lu បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន COMAC បាន​និង​កំពុង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​អាមេរិក ហើយ​ដំណើរការ​សុំ​វិញ្ញាបនបត្រ​នេះ បាន​ចាប់​ផ្តើម​រួច​ហើយ​នៅ​តំបន់​អឺរ៉ុប​ដោយ​និយតករ​សុវត្ថិភាព​អាកាសចរណ៍​ក្នុង​ស្រុក​។


លោក Yuan Wenfeng នាយក​ការិយាល័យ​គម្រោង​ផលិត​យន្តហោះ C919 នេះ បាន​បញ្ជាក់​នាពេល​កន្លង​មក​ថា ការ​ផលិត​យន្តហោះ C919 មាន​គោល​បំណង​កាត់បន្ថយ​ការ​ពឹងផ្អែក​របស់​ប្រទេស​ចិន​លើ​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន Airbus ក៏​ដូចជា​ជំរុញ​ដល់​ការ​អភិវឌ្ឍ​របស់​ឧស្សាហកម្ម​អាកាសចរណ៍​ចិន​ផង​ដែរ​។

គិត​ត្រឹម​ខែ​ធ្នូ​មាន​ការ​បញ្ជា​ទិញ​ចំនួន ៧៨៥ ដើម្បី​បញ្ជា​ទិញ​យន្តហោះ C919 ពី​អតិថិជន​ចិន និង​បរទេស​ចំនួន ២៧៕ The P.Daily/BP