ភ្នំពេញៈ ខេត្តកោះកុងអាចនឹងមានរមណីយដ្ឋានធម្មជាតិទេសចរណ៍ខ្នាតតូចចំនួន ៧ ថ្មីទៀតនៅក្នុងការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលគ្រោងនឹងបើកដំណើរការនៅពេលខាងមុខនេះ។ នេះបើយោងតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង។
គម្រោងវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៧ ក្នុងខេត្តកោះកុង ត្រូវបានមន្ត្រីជំនាញក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តចុះទៅពិនិត្យនៅទីតាំងផ្ទាល់ មុននឹងឈានឆ្ពោះទៅការវិនិយោគនៅពេលខាងមុខ។
ការចុះទៅពិនិត្យទីតាំងរបស់គម្រោងទាំងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែធ្នូ នេះ ដោយមានការចូលរួមពីលោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និង លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ព្រមទាំងមានមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។
ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ម៉ន ផល្លា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២២ ខែធ្នូ ថា ការចុះទៅពិនិត្យទីតាំងជាក់ស្តែង គឺដើម្បីវាយតម្លៃថាតើទីតាំងទាំងអស់នោះសមស្របនឹងផែនការវិនិយោគរបស់វិនិយោគិនឬទេ? លោកបន្តថា ការវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចនឹងផ្តល់នូវប្រាក់ចំណូលជាច្រើនដល់ប្រជាជនក្នុងតំបន់ ប៉ុន្តែការគិតគូរពីការថែរក្សាបរិស្ថានក៏ជារឿងសំខាន់ផងដែរ។
លោកបានប្រាប់ថា៖ «បន្ទាប់ពីពិនិត្យរួចរាល់ យើងនឹងឈានដល់ការដាក់របាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់វិនិយោគិន»។
គម្រោងវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចសំដៅដល់គម្រោងវិនិយោគដែលផ្សារភ្ជាប់ជាមួយធម្មជាតិ និងមានផ្ទៃដីទំហំមិនលើសពី ១០ ហិកតា។ គម្រោងទាំងនេះមានទីតាំងស្ថិតក្នុងស្រុកបទុមសាគរ និងស្រុកមណ្ឌលសីមា។ នេះបើតាមលោក ផល្លា។
លោក សុខ សុទ្ធី អ្នកនាំពាក្យសាលាខេត្តកោះកុងនិយាយថា សក្តានុពលទីតាំងភូមិសាស្ត្រនៅជាប់មាត់សមុទ្រ និងមានធនធានធម្មជាតិចម្រុះសម្បូរបែបបានធ្វើឱ្យខេត្តកោះកុងទាក់ទាញបានគម្រោងវិនិយោគលើគ្រប់វិស័យជាបន្តបន្ទាប់ ទោះបីក្នុងអំឡុងពេលពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
លោកបានថ្លែងឱ្យដឹងថា៖ «ដោយសារខេត្តកោះកុង គឺជាប្រជុំនៃអេកូទេសចរណ៍ ហេតុនេះកំណើននៃការស្នើសុំវិនិយោគបែបនេះបានកើនឡើងបន្តបន្ទាប់»។
បើតាមលោក សុទ្ធី គម្រោងទាំង ៧ នេះ គឺសុទ្ធតែជាការវិនិយោគក្នុងស្រុកទាំងអស់។
អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានប្រាប់ថា លោកមិនមានព័ត៌មានលម្អិតពីគម្រោងនេះទេ ដោយវាស្ថិតក្នុងដំណាក់កាលនៃការពិនិត្យទីតាំងវិនិយោគរបស់មន្ត្រីជំនាញបរិស្ថាន (អាចស្ថិតក្នុងតំបន់ការពារធម្មជាតិ) ។ លោកបានបន្តថា ក្រសួងទេសចរណ៍ស្វាគមន៍រាល់គម្រោងវិនិយោគស្របច្បាប់ទាំងអស់ ព្រោះការបង្កើតគម្រោងថ្មីៗវានឹងជួយបង្កើននូវភាពទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។
លោកនិយាយថា៖ «ក្រសួងទេសចរណ៍តែងតែគាំទ្ររាល់គម្រោងវិនិយោគវិស័យទេសចរណ៍នានាដែលច្បាប់អនុញ្ញាត ព្រោះគ្រប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ គឺវាសុទ្ធតែបង្កើននូវឱកាសការងារ និងកំណើនសេដ្ឋកិច្ចជាតិផងដែរ»៕
វីដេអូ៖