របាយការណ៍ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុនបានឲ្យដឹងថា ឱនភាពគណនីចរន្តកាន់តែរួមតូច និងលំហូរទុនជាបន្តពីការវិនិយោគផ្ទាល់បរទេស និងប្រភពផ្សេងទៀតរបស់កម្ពុជា បានគាំទ្រកំណើន ទុនបម្រុងបរទេសដុល ដែលបានកើនឡើងដល់ ២១,៣ ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០២០ ធៀបនឹង ១៨,៨ ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០១៩។
របាយការណ៍នេះបានកត់សម្គាល់ថា សេដ្ឋកិច្ចត្រូវបានព្យាករថា នឹងកើនឡើង ៤,០ ភាគរយក្នុងឆ្នាំ ២០២១ និង ៥,៥ ភាគរយក្នុងឆ្នាំ ២០២២។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាមួយបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ នឹងគាំទ្រតម្រូវការដ៏រឹងមាំសម្រាប់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា និងការវិនិយោគផ្ទាល់បរទេសជាបន្ត។
របាយការណ៍នេះបន្តថា ការផលិតឧស្សាហកម្មត្រូវបានរំពឹងថា នឹងមានកំណើនខ្លាំង កើនឡើង ៧,១ ភាគរយក្នុងឆ្នាំ ២០២១ និង ៧,០ ភាគរយក្នុងឆ្នាំ ២០២២ ដោយសារតែការស្ទុះងើបឡើងវិញផ្នែកសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ និងកំណើនផ្នែកផលិតកម្មធុនស្រាល។
កសិកម្មក៏នឹងកើនឡើងផងដែរ ដែលកើនឡើង ១,៣ ភាគរយក្នុងឆ្នាំ ២០២១ និង ១,២ ភាគរយក្នុងឆ្នាំ ២០២២ ដែលគាំទ្រដោយការផលិតដំណាំកសិកម្មកាន់តែខ្ពស់ បន្ទាប់ពីការខូចខាតដោយទឹកជំនន់កាលពីឆ្នាំមុន កំណើនវារីវប្បកម្មជាបន្ត និងការកើនឡើងការនាំចេញផ្នែកកសិកម្មទៅសាធារណរដ្ឋប្រជាមានិតចិន ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីថ្មី។
ការព្យាករការវិនិយោគ ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នឹងផ្ដល់ការលើកទឹកចិត្តដល់ការវិនិយោគ។ ការអនុម័តការវិនិយោគ បានកើនឡើងដល់ ៨៥,៨៨ ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០១៩។ នេះបើយោងតាម CDC។
CDC បន្តថា កាលពីឆ្នាំ ២០១៩ ការអនុម័តការវិនិយោគបានកត់ត្រា ៩,៤០ ពាន់លានដុល្លារក្នុងនោះ ប្រទេសចិនវិនិយោគ ២,៧៥ ពាន់លានដុល្លារ បន្ទាប់មកទីក្រុងហុងកុង ៩១២,៥៥ លានដុល្លារ និងជប៉ុន ២៩៨,៨៤ លានដុល្លារ។
ការកើនឡើងការវិនិយោគផ្ទាល់បរទេសដែលបានអនុម័តអំឡុងពេលឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៩ ដែលជាចំណែកភាគច្រើនបំផុតបានមកពីប្រទេសចិន (២១,៨១ ភាគរយ) ដែលកាលពីដើមឆ្នាំនេះ គឺជាប្រភពនៃការវិនិយោគដ៏ទូលំទូលាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រភពអភិវឌ្ឍដែលរួមមានកៅស៊ូ និងទេសចរណ៍។
ប្រទេសចិនតាមពីក្រោយដោយប្រទេសកូរ៉េក្នុងចំនួន ៦,១៦ ភាគរយ និងចក្រភពអង់គ្លេស ៥,០១ ភាគរយ។ នេះបើយោងតាម CDC។
ប្រភពសំខាន់ៗផ្សេងទៀតគឺប្រទេសម៉ាឡេស៊ី (៣,៥៩ ភាគរយ) ជប៉ុន (៣,១៣ ភាគរយ) ហុងកុង (៣,០៥ ភាគរយ) កោះតៃវ៉ាន់ (១,៧៧ ភាគរយ) វៀតណាម (២,៣១ ភាគរយ) សិង្ហបុរី (១,៦៤ ភាគរយ) និងថៃ (១,៥៤ ភាគរយ) ដែលការវិនិយោគទាំងនោះភាគច្រើនបានមកពីក្រុមហ៊ុនឧស្សាហកម្មកាត់ដេរ៕LA