ភ្នំពេញៈ ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជាក្នុងឆ្នាំ ២០១៩ មានតម្លៃជាង ៣ ៥០០ លានដុល្លារកើនឡើងជិត ១២ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលចំនួនជិតពាក់កណ្តាលបានមកពីការបណ្តាក់ទុនរបស់វិនិយោគិនចិន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។
«របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ២០១៩ និងទស្សនវិស័យឆ្នាំ ២០២០» របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយកាលពីចុងសប្តាហ៍មុនបង្ហាញថាក្នុងឆ្នាំ ២០១៩ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាមានតម្លៃសរុប ៣ ៥៨៨ លានដុល្លារក្នុងនោះវិស័យហិរញ្ញវត្ថុមានតម្លៃ ២ ៣៨៥ លានដុល្លារ និងវិស័យមិនមែនហិរញ្ញវត្ថុ មាន ១ ២០៣ លានដុល្លារ។ តម្លៃ ៣ ៥៨៨លានដុល្លារ នេះគឺកើនឡើង ១១,៧ ភាគរយពីចំនួន ៣ ២១២ លានដុល្លារកាលពីឆ្នាំ ២០១៨។
ទិន្នន័យឲ្យដឹងទៀតថាក្នុងចំនួនទាំងអស់គឺមានមកពីចិន ៤៣ ភាគរយ កូរ៉េខាងត្បូង ១១ ភាគរយ វៀតណាម ៧ ភាគរយ សិង្ហបុរី ៦ ភាគរយ ជប៉ុន ៦ ភាគរយ និងប្រទេសផ្សេងៗទៀត ២៧ ភាគរយ។
សម្រាប់ឆ្នាំ ២០២០ នេះ FDI រំពឹងថានឹងបន្តកើនឡើង ១០ ភាគរយដោយនឹងមានតម្លៃសរុប ៣ ៩៥១ លានដុល្លារកំណើន ១០ ភាគរយ។ នេះបើយោងតាមការព្យាកររបស់ NBC។
ជាមួយគ្នានេះកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២០ នេះត្រូវរំពឹងថានឹងសម្រេចបានក្នុងរង្វង់ ៧ ភាគរយដោយមានអត្រាអតិផរណាប្រមាណ ២,៣ ភាគរយ។ របាយការណ៍បានសរសេរថា «កំណើនសេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់បរទេសដែលរំពឹងថា បន្តមានកំណើនរឹងមាំជាមួយនឹងការបង្កើនការវិនិយោគនៃប្រទេសក្នុងតំបន់ដែលអំណោយផលដោយសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅវិនិយោគមកតំបន់អាស៊ី រួមមានកម្ពុជាផងដែរ។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា ការវិនិយោគផ្ទាល់ពីបរទេសគឺមានភាពចាំបាច់ណាស់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ព្រោះតាមរយៈ FDI វាផ្តល់នូវផលវិជ្ជមានជាច្រើនដូចជា លំហូរទុនវិនិយោគមកកម្ពុជា ការបង្កើតការងារថ្មីៗ និងឱកាសបង្កើនសមត្ថភាពនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា៖ «ប្រទេសកម្ពុជាទទួលបានកំណើន FDI ជាបន្តបន្ទាប់នាពេលនេះ គឺដោយសារកម្ពុជាមានបរិយាកាស និងច្បាប់វិនិយោគល្អប្រសើរ វិនិយោគិនមានទំនុកចិត្ត និងការទទួលបានប្រាក់ចំណេញពីការវិនិយោគនៅកម្ពុជាមានភាពសមរម្យ»។
ទោះយ៉ាងណាលោកបញ្ជាក់ថា កម្ពុជាក៏ត្រូវមានការប្រុងប្រយ័ត្នទាក់ទងនឹងភាពលើសលប់របស់វិនិយោគិនមកពីតំបន់ ឬប្រទេសណាមួយផងដែរ។ ការមានវិនិយោគគិនចម្រុះសាសន៍ច្រើនគឺជាការល្អសម្រាប់សេដ្ឋកិច្ចជាតិ។ លោកថ្លែងថា៖ «ដើម្បីការពារហានិភ័យ យើងមិនគួរឲ្យប្រទេសណាមួយមានចំនួនលើសលប់នោះទេ គឺគួរមានភាពប្រហាក់ប្រហែលគ្នាជាការល្អ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា កម្ពុជាជាប្រទេសដែលមានសក្តានុពលលើគ្រប់វិស័យសម្រាប់ការវិនិយោគ ខណៈច្បាប់វិនិយោគរបស់ប្រទេសក៏មានភាពអនុគ្រោះច្រើនដែរ។ លោកបន្តថា ដោយសារកម្ពុជាជាប្រទេសស្ថិតក្នុងគម្រោង «ខ្សែក្រវាត់ ១ និងផ្លូវ ១» របស់ប្រទេសចិន ហេតុនេះកម្ពុជានឹងទទួលបានការវិនិយោគផ្ទាល់ពីបរទេស ពិសេសពីប្រទេសចិនកាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ។ លោកថ្លែងថា៖ «ខណៈកម្ពុជា និងចិនអាចនឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាក្នុងពេលឆាប់ៗនេះ ខ្ញុំរំពឹងថា កម្ពុជានឹងទទួលបានកំណើន FDI បន្ថែមទៀត»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឲ្យដឹងថា ឆ្នាំ ២០១៩ អាចនិយាយថា ជាឆ្នាំដែលវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានសម្ទុះរីកចម្រើនខ្លាំងតាមរយៈការចូលមកវិនិយោគផ្ទាល់ក្នុងចំនួនដ៏ច្រើនពីសំណាក់វិនិយោគិនចិន។ លោកថ្លែងថា៖ «លំហូរទុនវិនិយោគបរទេសនៅកម្ពុជានឹងបន្តកើនឡើងខ្ពស់បន្ថែមទៀតក្នុងឆ្នាំ ២០២០ នេះ»។
បើតាមលោក សុខនីម សំណង់ធំៗដែលកំពុងមានវត្តមាន និងកំពុងសាងសង់នៅកម្ពុជាពេលនេះគឺភាគច្រើនជាការវិនិយោគផ្ទាល់របស់បរទេស៕LA