ភ្នំពេញៈ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) លោក តែ តាំងប៉ បានឱ្យដឹងថា ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​និង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​អន្តរជាតិ​ (IFC) ​ដើម្បី​អនុវត្ត​គម្រោង​ «​អភិវឌ្ឍន៍​ទីផ្សារ​ហិរញ្ញប្បទាន​ចង្វាក់​ផ្គត់ផ្គង់​កម្ពុជា​» ​នឹង​រួមចំណែក​ក្នុង​ការជួយ​វិស័យ​ SME ​របស់​កម្ពុជា​ឱ្យមាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ កន្លងមក លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួម​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ក្នុង​ការអនុវត្ត​គម្រោង​ស្តីពី «​ការអភិវឌ្ឍ​ទីផ្សារ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​» ​ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជំរុញ​ការអភិវឌ្ឍ វិស័យ​ឯកជន​។


សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC បានឱ្យ​ដឹងថា​៖ «​ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ការចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ គម្រោង​នេះ​មាន​ទិសដៅ​ស្របគ្នា​ទៅនឹង​សកម្មភាព​អាទិភាព​នៃ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៩-២០២៥ ក្នុង​ការលើក កម្ពស់​ផលិតផល​ឥណទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

NBC បន្តថា​៖ «​លទ្ធផល​នៃ​គម្រោង​នេះ​នឹង​ក្លាយទៅជា​ឯកសារ​ចង្អុល​ផ្លូវ​សម្រាប់​ការរៀបចំ​គោលនយោបាយ និង​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញប្បទាន​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា តាមរយៈ​ការពង្រឹង​ការគាំទ្រ​ផ្នែក​បទប្បញ្ញត្តិ ការបង្កើន​ចំណេះដឹង​ និង​ការអនុវត្ត​ទីផ្សារ និង​ការរៀបចំ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​លក្ខណៈ​អំណោយផល​»​។


លោក តែ តាំងប៉ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ថា ទោះបី​ជា​ប្រទេស​កម្ពុជា​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​ក៏ដោយ ក៏​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​នានា​សម្រាប់​ SME ​ក្នុងស្រុក​នៅមានកម្រិត​នៅឡើយ ដោយសារ​តែ​ការផ្ដោត​លើ​ទ្រព្យ​ដាក់​ធានា​ដែល​តម្រូវ​ដោយ​គ្រឹះស្ថាន​ទាំង​នោះបាន​ក្លាយជា​ឧបសគ្គ​រារាំង​លទ្ធភាព​ពួកគេ​ក្នុង​ការទទួល​បាន​មូលនិធិ​កាន់តែច្រើន​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ណាមួយ ដែល​ជួយ​ SME ​ក្នុងស្រុក​របស់​យើង ជាពិសេស​ទាក់ទង​នឹង​ការផ្ដល់​មូលនិធិ ដោយសារតែ SMEs ភាគច្រើន​របស់​យើង​ទទួលបាន​ថវិកា​នៅមានកម្រិត​តិចតួច​នៅឡើយ​ដែល​ជា​លទ្ធផល​នៃ​ការតម្រូវ​ឱ្យ​មានទ្រព្យ​ធានា​ដើម្បី​ទទួលបាន​មូលនិធិ​កាន់តែច្រើន​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​»​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ដោយមាន​កិច្ចសហប្រតិបត្តិការ​រវាង​ធនាគារកណ្ដាល និង IFC វា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ថ្មី​មួយ​ក្នុង​ការកំណត់​លក្ខខណ្ឌ​តម្រូវ​ងាយស្រួល​សម្រាប់​ SMEs របស់​យើង​អាច​ទទួលបាន​មូលនិធិ​កាន់តែច្រើន​»​។

បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គាំទ្រ​ SMEs នៅក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank) ដោយ​មាន​ដើមទុន​វិនិយោគ​បន្តបន្ទាប់​ប្រមាណ​ ១៥០ ​លាន​ដុល្លារ​ដើម្បី​ផ្ដល់​កម្ចី​អត្រា​ការប្រាក់​ទាប ដល់​វិស័យ​ SME នៅក្នុង​ប្រទេស​កម្ពុជា​។

ទោះយ៉ាងណា លោក តែ តាំងប៉ បាន​បញ្ជាក់ថា ការផ្ដោត​ការយកចិត្ត​ទុកដាក់​ដែលមាន​មូលដ្ឋាន​លើ​ទ្រព្យ​ដាក់​ធានា នៅតែ​ជា​ឧបសគ្គ​មួយ​សម្រាប់ SME ​ក្នុងការ​ទទួលបាន​មូលនិធិ​កាន់តែ​ច្រើន​ពី​ធនាគារ​៖ «SME ​របស់​យើង​នៅតែមាន​ការពិបាក​ក្នុង​ការទទួល​បាន​កម្ចី​ពី​ធនាគារ SME Bank ដោយសារ​ពួកគេ​ទាមទារ​ទ្រព្យ​ដាក់​ធានា​សម្រាប់​ការវាយតម្លៃ​កម្ចី​»៕LA