ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃអង្គារ ទី ២៧ នេះ បានធ្វើការអំពាវនាវដល់សាធារណជនទាំងអស់កុំចាញ់បោកជនឱកាសនិយមមួយចំនួនដែលបានទូរស័ព្ទដោយផ្ទាល់ទៅកាន់អតិថិជនឲ្យបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត ជារឿងមិនពិតឡើយ។
«សូមជូនដំណឹងដល់អតិថិជន និងសាធារណជនឲ្យបានជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានទូរស័ព្ទទៅកាន់អតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជនធ្វើការបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សមាគម។
សេចជូនដំណឹងដដែលបានបន្តទៀតថា ដើម្បីចៀសវាងការចាញ់បោកជនខិលខូចទាំងនោះ សមាគមលើកទឹកចិត្តដល់អតិថិជន និងសាធារណជនធ្វើការបង់ប្រាក់ តាមរយៈលេខទូរស័ព្ទរបស់មន្ត្រីឥណទាន ដែលមានភ្ជាប់ជូនលើតារាងបង់ប្រាក់ ឬតាមរយៈការិយាល័យគ្រឹះស្ថានដែលនៅជិតលោកអ្នកបំផុត។
«លោកអ្នកក៏អាចធ្វើការទូទាត់សងប្រាក់កម្ចីតាមរយៈប្រព័ន្ធធនាគារចល័ត (Mobile Banking) ឬតាមរយៈម៉ាស៊ីនដាក់ប្រាក់ដោយស្វ័យប្រវត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ផងដែរ។ ក្នុងករណីសង្ស័យ សូមទូរស័ព្ទជាបន្ទាន់ទៅកាន់គ្រឹះស្ថាន ដើម្បីធ្វើការផ្ទៀងផ្ទាត់ មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់ជនណាម្នាក់ដែលអះអាងថា ខ្លួនជាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុដែលលោកអ្នកបានខ្ចីប្រាក់»។ នេះបើយោងតាមសេចក្តីជូនដំណឹងបញ្ជាក់របស់សមាគម៕